ប្រវត្តិដាវដែកកំពង់ស្វាយក្លាយជាកំណត់ត្រា និងជានិមិត្តសញ្ញារបស់ខេត្តកំពង់ធំ ដែលបុព្វបុរសដើមជនជាតិគួយបន្សល់ទុករហូតមកដល់សព្វថ្ងៃ ហើយត្រូវបានរដ្ឋបាល ខេត្តកំពង់ធំផ្តួចផ្តើមសាងសង់រូបសំណាកឡើង ដើម្បីទុកជាកេរមរតកនិងអភិរក្សទុក សម្រាប់កូនចៅជំនាន់ក្រោយផង។
រូបសំណាកដាវដែកកំពង់ស្វាយឋិតនៅផ្លូវចេញទីរួមខេត្តឆ្ពោះទៅកាន់ខេត្តសៀមរាបដែលត្រូវបានសាងសង់អស់រយៈពេល៨ខែក្នុងឆ្នាំ២០១៩ដោយមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។
តាមការបញ្ជាក់របស់លោក សុខ លូ អភិបាលខេត្តកំពង់ធំបានឲ្យដឹងពីប្រវត្តិដាវដែកកំពង់ស្វាយនេះថា មុននឹងសាងសង់រូបសំណាកនេះទាំងអាជ្ញាធរដែនដីនិងមន្ត្រីជំនាញបានសិក្សាស្វែងយល់ទៅដល់ទីតាំងស្លដែករបស់បងប្អូនជនជាតិដើមភាគតិចគួយយើងតែម្តងដែលឋិតនៅក្នុងឃុំប្រាសាទសម្បូរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកអភិបាលខេត្តបន្តថាដាវដែកកំពង់ស្វាយឬដាវ៧ចាប់ដែលមានប្រវត្តិកកើតឡើងពីកន្លែងស្លដែកផលិតរបស់ជនជាតិដើមភាគតិចគួយដោយចាត់ទុកថាជាដាវល្បីល្បាញដ៏ពិសិដ្ឋ។យោងតាមកំណាព្យរបស់អ្នកស្រុកតំបន់នោះបានលើកឡើងថា ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ដងកេរពីឪពុក ស្រោមកេរពីម្តាយ ដាវដែកកំពង់ស្វាយ កំចាយអស់មារសត្រូវ ។
ដាវដែកនេះមានប្រវត្តិតៗមកទៀតថាដាវ៧ចាប់មានន័យថាចាប់ដង រងឆាយ វែងកូរ រងសម្បត្តិ ផាត់នគរ វរជ័យមានលាភ តាមរយៈគម្ពីរចាប់បានរត់ៗមាត់រហូតរៀងមក។លោកអភិបាលខេត្តបន្តថាកំពង់ស្វាយពីមុនជាខេត្តមួយដ៏ធំដែលមានភាគខ្លះនៃខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែងហើយការសាងសង់រូបសំណាកដាវដែកកំពង់ស្វាយនេះឡើងសម្រាប់ទុកជាកេរមរតកនិងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។
ក្នុងនោះលោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំបានមានប្រសាសន៍ថា បងប្អូនជនជាតិដើមភាគតិចគួយជាច្រើនក្នុងស្រុកកំពង់ស្វាយ ប្រកបមុខរបរជាជាងដែកនិងជាជាងស្លដែករហូតមកដល់បច្ចុប្បន្ននេះលែងផលិតដាវដែកទៀតហើយមកធ្វើតែកាំបិត ចប ពូថៅ វិញ។ដាវដែកកំពង់ស្វាយមានភាពល្បីល្បាញក្លាយជាដាវពិសិដ្ឋក្នុងរជ្ជកាលឆ្នាំ១៦០៣សម័យមេទ័ពតេជោមាស៕