ក្នុងការប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ(ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា)ដោយពិធីនេះដោយមានការអញ្ជើញពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលនិងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលជាគណៈអធិបតីនារសៀលថ្ងៃទី ២៦ តុលា ២០២១ ។
ការប្រារព្ធទិវាមនុស្សចាស់ ០១ តុលា នាពេលនេះ គឺបានបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសពីគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និង ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាជាប្រធាន ចំពោះគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់មនុស្សវ័យចាស់ដែលជាធនធានដ៏មានសារៈសំខាន់មិនចេះរីងស្ងួត និងជាគ្រឹះនៃបញ្ញាញាណ ជាគតិបណ្ឌិត ជាសម្បត្តិវប្បធម៌ជាតិ និងជាមរតកសម្រាប់យើងទាំងអស់គ្នា។សមាគមមនុស្សចាស់ គឺជាអង្គការសហគមន៍មួយដែលមានគោលដៅលើកកម្ពស់សុខុមាលភាពរបស់មនុស្សចាស់តាមរយៈសកម្មភាពរួមដែលផ្តល់ផលប្រយោជន៍ដល់មនុស្សចាស់ផ្ទាល់ និងសហគមន៍របស់ពួកគាត់។
គោលបំណងនៃការបង្កើតសមាគមមនុស្សចាស់ឡើងគឺដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ គុណភាពជីវិតរបស់មនុស្សចាស់ លើកទឹកចិត្ត ជម្រុញមនុស្សចាស់ឱ្យជួយគ្នាទៅវិញទៅមកក្នុងន័យជម្រុញ និងផ្សព្វផ្សាយឱ្យមានការគាំទ្រដល់សហគមន៍ចំពោះមនុស្សចាស់ដែលងាយរងគ្រោះ។
លើសពីនេះទៅទៀត សមាគមមនុស្សចាស់រៀបចំឡើងដើម្បីផលប្រយោជន៍របស់មនុស្សចាស់ដែលងាយរងគ្រោះនិងមានការលំបាកផ្នែកហិរញ្ញវត្ថុ ឬជីវភាពរស់នៅក្នុងសហគមន៍ ការសាមគ្គីគ្នា ដោះស្រាយបញ្ហារបស់មនុស្សចាស់ ផ្តល់នូវសុខុមាលភាពផ្នែកសង្គមសម្រាប់មនុស្សចាស់គ្រីក្រដែលងាយរងគ្រោះតាមរយៈសួរសុខទុក្ខ និងផ្តល់អត្ថប្រយោជន៍ពីតំណាងអាជ្ញាធរមូលដ្ឋាន។ នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឧបត្ថម្ភដល់លោកតា លោកយាយ ពូ មីង ចំនួន ៣០០នាក់ ដែលបានចូលរួមពិធីនាថ្ងៃនេះ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ម៉ាស១ប្រអប់ និងថវិកាចំនួន ១០ម៉ឺនរៀល៕