សៀមរាប៖ គេកម្រប្រទះឃើញពុទ្ធបដិមានៅរចនាបថអង្គរ លើកលែងតែព្រះពុទ្ធទ្រង់ប្រក់នាគ ធ្វើពីថ្មភក់មានកម្ពស់០,៨៧ម៉ែត្រដែលយកចេញពីល្អាងមួយក្នុងស្រុកសេរីសោភ័ណ្ឌ ខេត្តបាត់ដំបង។ព្រះពុទ្ធប្រក់នាគក្រោមបដិមាសិល្បៈនេះ ជាសិល្បៈដែលផុសចេញពីសាលាសិល្បៈឬរោងជាងសិល្បៈណាមួយនៃសម័យអង្គរ។ សិល្បករបានទទួលឥទ្ធិពលអំពីបដិមាសិល្បៈខាងព្រហ្មញ្ញសាសនា។
ជាធម្មតាសិល្បករខែ្មរខាងពុទ្ធសាសនាចាប់កំណើតតាំងពីសតវត្សរ៍ទី៦បានបង្ហាញ ឧស្មិសៈ ( ភ្នួងសក់ ) ក្រោមទម្រង់ភ្នួងសក់ធម្មជាតិ ។ សិល្បករបានឆ្លាក់ សាកល្បងបំពាក់ក្បាំងនិងម្កុដដល់តួអង្គព្រះពុទ្ធដែលជាគម្រូធំបំផុតក្នុងលោកនេះ ក្នុងការលះបង់ជីវភាពសម្ភារៈក្នុងឋានៈព្រះអង្គជាមហាក្សត្រដ៏កំពូល ។ ប្រហែលដោយមានគំនិតរបស់សិល្បករដែលចង់រក្សាកិត្តិយសរបស់ត្រកូលក្សត្រនេះឯង ទើបជម្រុញទេពកោសល្យរបស់គេឲ្យផលិតចេញជាស្នាដៃក្រោមតួអង្គបួស ប៉ុន្តែរក្សាទុកគ្រឿងតុបតែងសក់តាមបែបអង្គមហាក្សត្រ។ចំពោះគំនិតរបស់លោក ប៉ូល មុស ( Paul Mus ) បានពន្យល់ថាជាការពិតណាស់ការបង្ហាញបដិមាសិល្បៈក្រោមរូបភាពដូចពោលខាងលើ គឺជាការរំលឹកដល់រូបភាពព្រះពុទ្ធថ្នាក់លើក្រោមលក្ខណៈជា « ស្តេចចក្រវាឡ »។
ទស្សនៈមានការប្រៀបធៀបជាមួយនឹងការរីចម្រើនរបស់ពុទ្ធសាសនាថេរវាទដែលឈរលើជ័យជំនះពីរគឺទី១ មារាវិជ័យ និងទី២ជាការត្រាស់ដឹង។ អាស្រ័យដោយឥរិយាបថយើងអាចស្គាល់ជាតួអង្គព្រះសមណគោត្តមដែលកំពុងស្មឹងស្មាតក្រោមការការពាររបស់នាគមុជ្ជលិន ក្នុងពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងពេញមួយសបា្តហ៍ ចន្លោះពេលត្រាស់ដឹងនិងការប្រទានធម្មទេសនាប្រោសសត្វ។សិល្បករបានបង្ហាញនាគមានក្បាល៧ ក្រោមទស្សនជីវិត ។ គុណធម៌ដ៏កំពូលនៃទស្សនវិទូមានកិត្តិយសទូទាំងពិភពទាំងបី ។ អាស្រ័យដោយគុណធម៌នេះ ទើបពុទ្ធសាវ័កយល់ថា មិនត្រឹមតែមនុស្សធម្មតាប៉ុណ្ណោះទេដែលគោរពបូជាព្រះអង្គតែថែមទាំងសត្វមានពិស(នាគមុជ្ជលិន)ក៏ត្រូវគោរពព្រះអង្គដែរ ។ បដិមានេះ បង្ហាញសិល្បៈមើលចំពីមុខភាពស្មឹងស្មាតនិងឧត្តមភាពដោយបន្ថយទំហំចម្លាក់បានល្អដែលជាលក្ខណៈនៃរចនាបថអង្គរវត្ត។ ព្រះនេត្របិទ បបូរមាត់ញញឹម ប៉ុន្តែមិនបង្ហាញឲ្យយើងឃើញជីវិតខាងក្នុង ឬសេចក្តីមេត្តាធម៌ដែលសិល្បករបានបង្ហាញយ៉ាងល្អក្នុងរចនាបថបាយ័ន៕