ក្នុងថ្ងៃនេះក្រុមហ៊ុនសែលកាតត្រូវបានប្រកាសទទួលស្គាល់ដោយស្ថាប័ន OpenSignal ជាជ័យលាភីពានរង្វាន់បទពិសោធន៍នៃការលេងហ្គេម(Games Experience)ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសនេះបានបញ្ជាក់ឱ្យកាន់តែច្បាស់នូវភាពនាំមុខគេរបស់ក្រុមហ៊ុនសែលកាត ទៅលើវិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជាក៏ដូចជាបង្ហាញឱ្យឃើញថាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនបទពិសោធន៍ប្រើប្រាស់បណ្តាញទូរស័ព្ទចល័តប្រកបដោយគុណភាពខ្ពស់ដល់អ្នកស្នេហាវិស័យហ្គេម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងតំបន់ និងទូទាំងពិភពលោកផងដែរ។
Opensignalគឺជាស្ថាប័នឯករាជ្យមួយ ដែលបានបង្កើតស្តង់ដារពិភពលោកសម្រាប់ការវិភាគទៅលើបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទចល័តរបស់អតិថិជន។
តាមរយៈរបាយការណ៍ចុងក្រោយរបស់ស្ថាប័ននេះស្តីអំពីប្រទេសកម្ពុជាបានបង្ហាញឱ្យដឹងថាក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករថ្នាក់ជាតិតែមួយគត់ដែលអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍នៃការលេងហ្គេមកម្រិតខ្ពស់ជាងគេបំផុតក្នុងបណ្តាញ4G។
បទពិសោធន៏នៃការលេងហ្គេមរបស់សែលកាតនៅលើបណ្តាញ 4GLTE ទទួលបានពិន្ទុ 47.2 ក្នុងចំណោមពិន្ទុផ្តល់ជូន100ខណៈក្រុមហ៊ុនមិត្តហ្វូនទទួលបានពិន្ទុ39.9ហើយក្រុមហ៊ុនSmart Axiata ទទួលបាន38.8 ពិន្ទុ ។ (ពិន្ទុក្រោម 40 ត្រូវបានចាត់ទុកថាស្ថិតនៅក្នុងកម្រិត “អន់បំផុត”។)
លោកអៀនវ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ឱ្យដឹងថាប្រទេសកម្ពុជា ត្រូវតែខិតខំបង្កើនកម្រិតគុណភាពបន្តទៀត ទើបអាចឈានទៅដល់កម្រិតប្រដំប្រសងគ្នាជាមួយនឹងទីផ្សារកីឡាអេឡិចត្រូនិចឈានមុខគេផ្សេងទៀតដូចជាប្រទេសថៃនិងប្រទេសម៉ាឡេស៊ីជាដើម ដែលទីផ្សារទាំងពីរនេះ ទទួលបានពិន្ទុសម្រាប់បទពិសោធន៍នៃការលេងហ្គេម ច្រើនជាង 70(ពោលគឺឋិតនៅក្នុងកម្រិត “បង្គួរ”) ។
លោក វ៉ាតសុនបានមានប្រសាសន៍បន្តទៀតថា៖ “សែលកាតបានចាប់ផ្តើមផ្តោតទៅលើវិស័យកីឡាអេឡិចត្រូនិចចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីប្រកួត ក៏ដូចជាចាប់ដៃគូសហការ ដើម្បីជួយបំពេញសេចក្តីត្រូវការរបស់សហគមន៍កីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជាដែលតាមរយៈការប៉ាន់ស្មាន គឺមានប្រហែលជាង2 លាននាក់ ក្នុងពេលបច្ចុប្បន្ននេះ។
“ខណៈដែលសែលកាតអាចទទួលបានពិន្ទុ 47.2 សម្រាប់បទពិសោធន៍នៃការលេងហ្គេម4Gនេះគឺយើងអាចសន្មត់បានថា វាជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ ព្រោះថាបើពិនិត្យមើលទៅកាន់ប្រទេសថៃនិងម៉ាឡេស៊ីឯណោះវិញ ទីផ្សារឈានមុខគេទាំងពីរនេះ មានអ្នកលេងហ្គេមប្រហែលជាង20 លាននាក់ហើយប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តរបស់ពួកគេដែលមានដូចជា AIS និង Maxis វិញទៀតសោត ក៏សុទ្ធតែមានសមត្ថភាពខ្ពស់ទៅលើការរៀបចំកម្មវិធីសម្រាប់វិស័យកីឡាអេឡិចត្រូនិចរបស់ពួកគេផងដែរ។
ក្រុមហ៊ុនសែលកាតនឹងនៅតែបន្តគាំទ្រ ក៏ដូចជាជួយអភិវឌ្ឍសហគមន៍វិស័យកីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា រួមទាំងជួយផ្សាភ្ជាប់កីឡាករក្នុងស្រុកជាមួយនឹងវិស័យកីឡាអេឡិចត្រូនិចអន្តរជាតិដែលកំពុងរីកលូតលាស់ជាខ្លាំង ដើម្បីចូលរួមជម្រុញទឹកចិត្តដល់អ្នកសេ្នហាវិស័យហ្គេមទាំងអស់ ដែលមានបំណងចង់ក្លាយខ្លួនជាកីឡាករអាជីពនៅក្នុងវិស័យកីឡាមួយនេះ។
លោក វ៉ាតសុនបានមានប្រសាសន៍បន្ថែមថាលោកសូមកោតសរសើរជាខ្លាំង ចំពោះស្ថាប័នឯករាជ្យអន្តរជាតិ ដែលក្នុងនោះរួមមានស្ថាប័នOpensignalជាដើមដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងយល់ពីតម្រូវការនិងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ក្នុងសម័យដ៏ជឿនលឿនបំផុតបែបនេះ ដើម្បីណែនាំនូវកម្រិតវាស់ស្ទង់ថ្មី តួយ៉ាងដូចជាបទពិសោធន៍នៃការលេងហ្គេមនេះជាដើម។
កម្រិតវាស់ស្ទង់ថ្មីនេះ ដែលត្រូវបានបង្កើតផ្អែកលើស្តង់ដាររបស់ ITU (សហភាពទូរគមនាគមន៍អន្តរជាតិ) នឹងចូលរួមវិភាគទៅលើ បទពិសោធន៍នៃការលេងហ្គេមជាលក្ខណៈបណ្តាញលើទូរស័ព្ទចល័ត ថាតើវានឹងមានឥទ្ធិពលបែបណាខ្លះ ទៅលើលក្ខខណ្ឌបណ្តាញទូរស័ព្ទចល័ត ដែលក្នុងនោះរួមមានទាំងល្បឿននៃការបញ្ជូនទិន្នន័យ និងបញ្ហារួមទាំងភាពយឺតយ៉ាវនៃការបញ្ចូនរលកសញ្ញាផងដែរ។
លោក វ៉ាតសុនបានឱ្យដឹងទៀតថា៖ “ក្នុងចំណោមកីឡាករហ្គេមទាំងអស់ ពិតជាមិនមាននរណាដែលចង់ចាញ់ការប្រកួត ដោយសារតែបណ្តាញអ៊ីនធើណិតដំណើរការយឺតនោះឡើយ”។
“ជាពិសេសសម្រាប់កីឡាអេឡិចត្រូនិច ដែលជាប្រភេទហ្គេមទាមទារឱ្យប្រើប្រាស់ជំនាញខ្លាំងនេះតែម្តងគឺបណ្តាញអ៊ីនធើណិតមានតួនាទីសំខាន់ខ្លាំងណាស់ ពោលគឺវាអាចមានឥទ្ធិពលកំណត់ជោគវាសនាអ្នកនាំមុខគេនៅក្នុងតារាងចំណាត់ថ្នាក់តែម្តង”។
ដើម្បីអបអរសាទរនូវសមិទ្ធិផលដែលទទួលបាននេះក្រុមហ៊ុនសែលកាតនឹងធ្វើការរៀបចំកម្មវិធីផ្សាយរយៈពេលពេញមួយថ្ងៃនាថ្ងៃទី 14 ខែសីហាខាងមុខនេះដើម្បីឱ្យអ្នកលេងហ្គេមអាចស្វែងយល់បន្ថែមអំពីកីឡាអេឡិចត្រូនិច ក៏ដូចជាដើម្បីឱ្យពួកគាត់បានទស្សនា នូវការប្រកួតប្រជែងគ្នាដោយផ្ទាល់របស់កីឡាករហ្គេមអាជីព នៅលើបណ្តាញទូរស័ព្ទចល័តសែលកាតផងដែរ។
ព្រឹត្តិការណ៍ប្រកួតប្រជែងនេះនឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកថ្មីរបស់សែលកាត ដែលមានឈ្មោះថាPlayGameដោយក្នុងនោះ នឹងមានការចូលរួមពីសំណាក់កីឡាករ និងអ្នកអត្ថាធិប្បាយល្បីៗ រួមមានដូចជា ក្រុម Orange Esports, Henaa, Ice Frogz,Ream Angkor, Private Plorkនិងក្រុមកីឡាករផ្សេងៗជាច្រើនទៀតផងដែរ។
ព័ត៌មានបន្ថែមស្តីអំពីការវាស់ស្ទង់ និងការផ្តល់ពិន្ទុទៅលើ បទពិសោធន៍នៃការលេងហ្គេម របស់ស្ថាប័ន OpenSignal (2020)៖
សម្រាប់ការវាស់ស្ទង់ទៅលើ បទពិសោធន៍នៃការលេងហ្គេមលើទូរស័ព្ទចល័តជាលក្ខណៈបណ្តាញ គឺប្រទេសសិង្ហបុរី ជាជ័យលាភីមេដាយមាសដែលទទួលបានពិន្ទុ 84.5។
កីឡាករនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ីមានកម្រិត បទពិសោធន៍នៃការលេងហ្គេមច្រើនសណ្ឋានជាងតំបន់ផ្សេងៗដទៃទៀត ដោយក្នុងនោះ៖
31 ភាគរយនៃបណ្តាប្រទេសក្នុងទ្វីបអាស៊ីបានស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្សោយ 27 ភាគរយបានឋិតនៅក្នុងកម្រិតបង្គួរ 15 ភាគរយទទួលបានចំណាត់ថ្នាក់ល្អនិង 8 ភាគរយទៀតទទួលបានចំណាត់ថ្នាក់ល្អបំផុត។
ទីផ្សារហ្គេមសំខាន់ៗនៅក្នុងអាស៊ី ដែលទើបតែឈានដល់កម្រិតពាក់កណ្តាលនៃតារាងសម្រាប់បទពិសោធន៍នៃការលេងហ្គេមមានដូចជា៖ ទីក្រុងហុងកុង ប្រទេសម៉ាឡេស៊ីថៃនិងវៀតណាម ដែលបទពិសោធន៍នៃការលេងហ្គេមមានកម្រិតបង្គួរ ខណៈប្រទេសឥណ្ឌូណេស៊ីបានធ្លាក់ចូលទៅក្នុងចំណាត់ថ្នាក់ខ្សោយដោយទទួលបានពិន្ទុត្រឹមតែ 63.6 ប៉ុណ្ណោះ៕