តាកែវ៖ ភ្នំបុរី ស្ថិតនៅក្នុងឃុំអង្គបូរី ស្រុកព្រៃកប្បាស ខេត្តតាកែវ។សព្វថ្ងៃ គេធ្វើដំណើរទៅកាន់ភ្នំនេះបានដោយលំបាកបន្តិច ព្រោះត្រូវទៅតាមផ្លូវជាតិ ទៅដល់ផ្សារព្រៃល្វា(សាលាស្រុកព្រៃកប្បាស)ហើយត្រូវបែកចូលផ្លូវលំ ចម្ងាយ២២គីឡូម៉ែត្រទៀតទើបដល់ផ្សារអង្គបូរី ដែលជាទីតាំងនៃចៅតំបន់អង្គរបូរី។
លុះឆ្លងស្ពានទៅត្រើយខាងត្បូងធ្វើដំណើរទៅតាមផ្លូវរទេះប្រមាណ៥ឬ៦គីឡូម៉ែត្រទៀតទើបទៅប្រទះឃើញភ្នំពីរទន្ទឹមគ្នា គឺភ្នំដា នៅខាងកើត ភ្នំបូរីនៅខាងលិច។ម្យ៉ាងទៀតផ្លូវនេះបើជារដូវវស្សាវិញត្រូវទឹកលិចល្ហល្ហាចទាល់តែជិះទូកឆ្លងទើបបាន។
ភ្នំទាំងពីរនេះ មានទំនងជាទីស្ថានវាំងបន្ទាយដែលមានសេសសល់តាំងពីបុរាណកាលគឺនៅភ្នំបូរី មានថ្មភក់តម្រៀបបង្គរគ្នាដាក់ជាកំពែងបន្ទាយធំទូលាយដែលសព្វថ្ងៃបាក់បែកស្ទើរតែបាត់រូបឆោមអស់ទៅហើយ ឯនៅលើភ្នំដាឃើញនៅសល់ប្រាង្គសិលាមួយនៅមានជារូបរាងច្បាស់លាស់នៅឡើយដោយមាននាំលេចក្បាច់រចនាគួរជាទីគយគន់ផង។មិនតែប៉ុណ្ណោះ នៅជិតខាងភ្នំទាំងពីរនវមានបុរាណដ្ឋានច្រើនទៀត ប្រកបដោយបែបរចនាពិសេសៗក្នុងជំនាន់នោះដូចជាបែបរចនាស្ថាបត្យកម្ម ខាងការប៉ាន់រូបភាពនិងក្បាច់ចម្លាក់វល្លិ៍នាំឲ្យអ្នកប្រាជ្ញខាងការស្រាវជ្រាវគុហាសាស្ត្រ ( Arche´ologie ) សន្មតឈ្មោះការរចនាខ្មែរនៅសម័យនោះហៅថា«បែបភ្នំដា»។
កាលនោះមានព្រះរាជាមួយព្រះអង្គ គង់នៅព្រះរាជវាំងក្រុងចម្ប៉ាសាក់ ឬបាសាក់គឺនៅផ្នែកខាងលើតាមដងទន្លេមេគង្គទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ ព្រះនាមព្រះនាង«អាក់អ»។ព្រះរាជបុត្រីនេះមានរូបឆោមលោមពណ៌ស្រស់ឆើតឆាយណាស់រកនរណាឲ្យល្អត្រឹមស្មើពុំបានឡើយ។ប៉ុន្តែដោយព្រះនាងមានព្រះទ័យរវើរវាយក្នុងកាមរោគនាំឲ្យព្រះនាងស្លុតចិត្តប្រតិព័ទ្ធទៅលើទុគត៌ម្នាក់ភ្លេចគិតអំពីកិតិ្តយសរបស់ព្រះរាជវង្សានុវង្ស។ដូច្នេះហើយ បានជាព្រះបិតាទ្រង់ត្រាស់ឲ្យចាប់ព្រះនាងនេះ ព្រមទាំងប្រុសសាហាយដាក់ពោងពាយបំបរបង់បណ្តែតចោលតាមផ្ទៃទន្លេ ទម្លាក់ទៅកាន់សមុទ្រដ៏ធំល្ហល្ហេវទៅ។
ក្នុងពោងពាយជាមួយនោះ ព្រះរាជាទ្រង់ចាត់ឲ្យដាក់ទាំងស្រូវ អង្ករ ល្ង ពោត សណ្តែក អំបិល ប្រហុក ជាស្បៀងជាប់ជាមួយ ព្រមទាំងគ្រឿងប្រដាប់ប្រើប្រាស់ជាច្រើនផង លុះពោងពាយនោះរសាត់អណ្តែតទៅៗជាយូរថ្ងៃក៏បានទៅប៉ះជាប់នឹងភ្នំមួយគឺ «ភ្នំបូរី»នេះឯង ដែលគេពុំទាន់បានឃើញមានមនុស្សណាទៅរស់នៅនៅឡើយទេ។នាងអាក់អ និងស្វាមីនាំគ្នាត្រេកអរដោយបានប៉ះត្រើយនាំឲ្យខ្លួនរស់រួចជីវិតបាន ទើបនាំគ្នាម្នីម្នាជញ្ជូនរបស់របរដែលខ្លួនមានទាំងប៉ុន្មានចុះអាស្រ័យនៅនឹងភ្នំនោះ។អ្នកទាំងពីរ ចាប់ប្រកបរបរដំណាំដាំដុះ និងស្វែងចូលព្រៃរកកាប់ឈើធ្វើអុស និងធ្វើខ្ទមអាស្រមសម្រាប់ជ្រកនៅផង។
ក្រោយពីបានតាំងលំនៅឋាន បានស្រួលបួលមកថ្ងៃណា នាងអាក់អតែងព្រួយលំបាកក្នុងព្រះទ័យណាស់ ព្រោះបារម្ភនឹងសុខទុក្ខរបស់ខ្លួនផងនឹងរលឹកដល់ស្រុកកំណើតផង នងស្តាយកិត្តិយសរបស់ខ្លួនដែលធ្លាប់តែថ្កុំថ្កើងផង ។ ហេតុនេះហើយ រៀងរាល់យប់ មុននឹងចូលដំណេកនាងតែងអុជធូបទៀនបន់ស្រន់ បួងសួងដល់អារុក្ខអារក្ខអ្នកតានៅព្រៃភ្នំទាំងម្រេញគង្វាលដែលរក្សានៅបឹងបួទួលទីនោះថា៖ សូមឲ្យលោកជួយបីបាច់ថែរក្សាយើងទាំងពីរនាក់ឲ្យបានសុខសប្បាយរកស៊ីចិញ្ចឹមជីវិតក៏បានបរិបូរណ៌កុំឲ្យមានសេចក្តីខ្វះខាតឡើយ។
ដោយអានុភាពនៃសេចក្តីអធិដ្ឋានរាល់ៗថ្ងៃយ៉ាងនេះមិនយូរប៉ុន្មានក៏មានអ្នកសច្ចំបាំងបាត់មួយអង្គ មកពន្យល់សប្តិប្រាប់នាងថា«ចាប់ពីថ្ងៃនេះតទៅ ចូរនាងកុំភ័យឲ្យសោះ យើងជាអ្នកសច្ចំ នឹងជួយនាងឲ្យបានសុខ ឲ្យបានថ្កុំថ្កើងល្បីឈ្មោះនៅក្នុងទីនេះ ប៉ុន្តែយើងមិនបាច់ឲ្យនាងឃើញរូបយើងទេ»។ក្រោយពីស្តាប់បណ្តាំអ្នកសច្ចំដូច្នេះ ព្រះនាងភ្ញាក់ខ្លួនភ្លាម ហើយព្រះនាងនាំពត៌មាននេះប្រាប់ស្វាមីកំសត់ឲ្យបានដឹងផង។
ចាប់ដើមពីថ្ងៃនោះមក ព្រះនាងបានចាត់បុរសជាប្តីទៅរកឧសពីក្នុងព្រៃរាល់ថ្ងៃដូចធម្មតា។ឯបុរសជាប្តីនោះទៅកាប់ឧសបានសុទ្ធតែដើមចន្ទន៍ក្រស្នាមានក្លិនក្រអូបវែកជញ្ជូនមកគរទុកជាច្រើនគំនរ ប៉ុន្តែមានប្រាថ្នាយកមកប្រើត្រឹមតែជាឧសដុតប៉ុណ្ណោះឥតមានយល់ថានេះជាឈើមានតម្លៃឡើយ។ថ្ងៃមួយនាងអាក់អចេញទៅមើលគំនរឧសក៏ស្គាល់ច្បាស់ជាឈើចន្ទន៍ក្រស្នាដែលមានតម្លៃ ព្រះនាងក៏ញញឹមប្រាប់ប្តីថា«រកឈើនេះឲ្យបានច្រើនមកទៀត»។ប្តីក៏ខំប្រឹងរកតាមបណ្តាំប្រពន្ធ។
ពេលមួយបុរសនោះទៅក្នុងព្រៃប្រទះដុំមាសក្រហមឆ្អៅជាច្រើនក៏គិតថា«ថ្មនេះមានសម្បុរល្អចម្លែកជាងថ្មទាំងពួង បើដូច្នេះអញគិតយកទៅផ្ទះឲ្យបាន៣ជុំសម្រាប់ឲ្យប្រពន្ធតម្កល់ធ្វើជើងក្រាន»។គិតដូចនេះហើយបុរសនោះ ក៏លើកថ្មដាក់ក្នុងល្អីរែកយកទៅផ្ទះ ដោយមិនស្គាល់ជាដុំមាសឡើយ ។
លុះប្រពន្ធបានឃើញដុំមាសដូច្នោះហើយស្គាល់ច្បាស់ជាមាសតែមិនប្រាប់ប្តីទេ គ្រាន់តែផ្តាំថា«បើប្រទះឃើញថ្មក្រហមដូច្នេះទៀតឲ្យជញ្ជូនមកទុកទាំងអស់» ។ ប្តីក៏ធ្វើតាមបណ្តាំនាងជាដរាប។
ថ្ងៃមួយព្រះនាងគិតឃើញថា ឧសចន្ទន៍ក្រស្នា និងមាសរបស់អញមានកាន់តែច្រើនឡើងហើយ បើដូច្នេះ អញគិតលើកទង់មួយឲ្យខ្ពស់ជាសញ្ញា ក្រែងមានសំពៅពីប្រទេសក្រៅធ្វើដំណើរជំនួញលក់ដូររបស់ផ្សេងៗ គេឃើញហើយនឹងចូលមកទាក់ទង។គិតហើយព្រះនាងក៏នាំប្តីប្រញាប់ប្រញាល់ធ្វើតាមគំនិតនេះភ្លាមមិនយូរប៉ុន្មានមានដង្ខៅសំពៅនៅស្រុកស្លាតលង្កា បើកសំពៅទាំង៧ នាំកំណាត់សំពត់និងភស្តុភារដទៃទៀតមកលក់ដូរតាមឆ្នេរសមុទ្រ ។ លុះសំពៅនេះមកដល់ជិតភ្នំបូរី ក៏ឃើញទង់សញ្ញាឲ្យដឹងថា ទីនេះមានមនុស្សរស់នៅទំនងជាការចង់ទាក់ទងលក់ដូររបស់របរផង គេនាំគ្នាតម្រង់ក្បាលសំពៅនេះមកដល់ជិតភ្នំបូរី ក៏ឃើញទង់សញ្ញាឲ្យដឹងថា ទីនេះមានមនុស្សរស់នៅទំនងជាមានការចង់ទាក់ទងលក់ដូររបស់របរផង គេនាំគ្នាតម្រង់ក្បាលសំពៅចូលចតត្រង់ទីនោះ។នាយសំពៅទាំង៧នាក់ឡើងលើដីគោកប្រទះឃើញព្រះនាងអាក់អពីរនាក់ប្តីប្រពន្ធរស់នៅក្នុងទីនោះក៏ពោលប្រាស្រ័យទាក់ទងដោយការគួរសម ។ ព្រះនាងអាក់អបបួលនាយសំពៅដូរកំណាត់សំពត់ ព្រមទាំងភស្តុភារផ្សេងៗជាមួយនឹងឈើចន្ទន៍ក្រស្នារបស់ព្រះនាង ។ នាយសំពៅយល់ព្រមសុខចិត្តដូរគ្នា ហើយទើបនាំងនាំនាយសំពៅទាំងនោះទៅបង្ហាញឃ្លាំងដុំមាសរបស់ព្រះនាងទៀត ។ នាយសំពៅបបួលដូរកំណាត់សំពត់ជាមួយមាសនោះ ប៉ុន្តែព្រះនាងអាក់អមិនព្រម។ព្រះនាងប្រាប់ទៅនាយសំពៅថា«បើចង់បានមាសនេះចូរអ្នកទៅនាំយកជាងមាសចំនួន១០០នាក់ ប្រុស ១០០នាក់ស្រី មកឲ្យខ្ញុំសិន»។គ្រានោះនាយសំពៅក៏ព្រមព្រៀងយ៉ាងពេញចិត្ត ហើយក៏នាំគ្នាបើកក្តោងសំពៅវិលត្រឡប់ទៅស្រុកកំណើតខ្លួនវិញ ។ ជាខាងក្រោយមកពេលដែលទៅដល់ស្រុក ហើយនាយសំពៅនិយាយបញ្ចុះបញ្ចូលអ្នកស្រុកដែលចេះធ្វើជាងមាសទាំងប្រុសទាំងស្រីចំនួន២០០នាក់ដូចពាក្យនាងស្រីបានផ្តាំមក ។ កាលបើបានគ្រប់ចំនួនហើយនាយសំពៅរូតរះចុះសំពៅវិលត្រឡប់ទៅស្រុកព្រះនាងអាក់អយ៉ាងប្រញាប់។នាយសំពៅប្រគល់ឲ្យព្រះនាងអាក់អ ព្រះនាងក៏ប្រគល់មាសឲ្យទៅគ្រប់សំពៅទាំង៧ឲ្យគេវិលត្រឡប់ទៅស្រុកវិញទៅ។
ចំណែកព្រះនាងអាក់អនិងស្វាមី ក៏បានចាត់ចែងពួកអ្នកស្រុកស្លាតទាំងប៉ុន្មានដែលមករស់ជាមួយឲ្យអ្នកទៅជួយគាស់ជញ្ជូនយកដុំមាសមកពីភ្នំឲ្យបានច្រើនឡើងថែមទៀត អ្នកខ្លះឲ្យដំរំលាយមាសផែធ្វើជាគ្រឿងអលង្ការផ្សេងៗមានធ្វើជាកង ចិញ្ចៀនជាដើម។ លុះបានរបស់របរច្រើនហើយ តែងមានឈ្មួញស្រុកក្រៅចូលសំពៅមកចតទាក់ទងទិញដូររបស់របរទាំងនោះជាហូរហែ។មិនយូរប៉ុន្មាន៥-៦ឆ្នាំប៉ុណ្ណោះក៏មានអ្នកស្រុកក្រៅខ្លះៗទៀតមកសុំជ្រកនៅរកស៊ីបានគ្នាកាន់តែច្រើនកុះករឡើង ឯអ្នកស្រុកស្រីប្រុសដែលមកនៅយូរហើយនោះក៏បង្កើតបានជាកូនពូនជាចៅថែមឡើងទៀតម្ល៉ោះហើយ ភូមិស្រុកនេះក៏បានរីកធំឡើង ហើយអ្នកស្រុកទាំងអស់ ក៏គោរពដល់ព្រះនាងអាក់អ និងស្វាមីគ្រប់ៗគ្នាព្រោះសម្គាល់ថាជាម្ចាស់ទីកន្លែង និងជាដង្ខៅនៃរបររកស៊ីក្នុងទីនោះ។
ហេតុនេះហើយ បានជាព្រះនាងអាក់អដឹកនាំឲ្យស្វាមីប្រកាសតាំងខ្លួនជាស្តេចមួយព្រះអង្គ គ្រងរាជ្យនៅតំបន់នេះឡើងដោយមានព្រះនាមថាព្រះបាទ«សង្ខចក្រ»និងព្រះនាងអាក់អជាអគ្គមហេសី។គ្រានោះព្រះបាទសង្ខចក្រទ្រង់ចាត់តាំងឲ្យមានជាមន្ត្រីរាជការ តាមក្រុម តាមពួក រវាងអ្នកស្រុកទាំងអស់នោះឡើង។ មិនតែប៉ុណ្ណោះទ្រង់ចាត់ឲ្យរេហ៍ពលទាំងនោះសង់បន្ទាយធ្វើជាកំពែងថ្មនិងឥដ្ឋ ព័ទ្ធជុំវិញឲ្យកើតជាបរិវេណយ៉ាងធំមួយឡើង ហើយសន្មតបរិវេណកំពែងនោះហៅថា«បូរី»បានន័យថាទីក្រុងគឺថា ជនានុជន និងភូមិស្ថានទាំងឡាយដែលស្ថិតនៅក្នុងបរិវេណនេះទុកជាអ្នកក្រុង សម្បត្តិក្រុង។ហេតុនេះឯងបានជាជាប់ឈ្មោះទីភ្នំនេះដល់សព្វថ្ងៃហៅថា «ភ្នំបូរី»។
កាលបើសាងបានជាទីបូរីសមរម្យ មានកិត្តិយសសមរម្យ សមតាមប្រាថ្នាហើយ ព្រះបាទសង្ខចក្រ និងព្រះអគ្គមហេសីទ្រង់រំលឹកដល់គុណអ្នកសច្ចំដែលបានសន្យាថាជួយពីថ្ងៃមុននោះ ព្រះអង្គក៏ចាត់ឲ្យសាងជាប្រាសាទថ្មតូចមួយយ៉ាងល្អស្រស់នៅលើភ្នំខាងកើតដែលសព្វថ្ងៃហៅថាប្រាសាទភ្នំដា ដើម្បីឧទ្ទិសថ្វាយដល់អ្នកសច្ចំដែលមានគុណូបការៈលើព្រះអង្គ៕