ទាន់ហេតុការណ៍
0

ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល ខេត្ត​កណ្តាល​

ខេត្ត​កណ្តាល ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​តែងតាំង​លោក ជា សារិទ្ធ​ជា​ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​កណ្តាល ជំនួស លោក យិន រដ្ឋា ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​មុខតំណែង​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ តុលា​ឆ្នាំ​២០១៩ ។ យោង​តាម​អនុក្រិត្យ​លេខ​១៣៧ អនក្រ​. បក ចុះ​ថ្ងៃ​ទី​៣១ ខែ តុលា ឆ្នាំ ២០១៨ ស្តីពី​ការរៀបចំ​និង​ប្រព្រឹត្តិ​ទៅ​របស់​ក្រសួង​រ៉ែ និង​ថាមពល​។​

​បន្ទាប់ពី​ពិធី​ប្រកាស​តែងតាំង​ប្រគល់​ត្រា និង ប្រកាស​ស្ដីពី​ការតែងតាំង​មន្ត្រីរាជការ របស់​មន្ទីរ​រ៉ែ និង ថាមពល ខេត្តកណ្តាល​រួចមក​លោក ជា សារិទ្ធ ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​កណ្តាល​ថ្មី បាន​ប្តេជ្ញា​ថា លោក និង ស្មោះត្រង់​ចំពោះ​រាជរដ្ឋាភិបាល គោរព និង ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ និង ទិសដៅ​មតិ​ណែនាំ របស់​ក្រសួង ក៏ដូចជា​ទិស ដៅ​របស់​ក្រសួង​នានា​ដែល​ពាក់ព័ន្ធ បន្ត​និរន្ត​ភាព​ការងារ​ក្នុង​មន្ទីរ លើ​សេវា​សាធារណៈ ដោយ​ពង្រឹង គុណភាព បច្ចេកទេស ពេលវេលា ជូន​ដល់​ប្រជាពលរដ្ឋ រក្សា​និង​ថែទាំ​សាមគ្គីភាព​ផ្ទៃក្នុង និង អង្គភាព​ពាក់ព័ន្ធ​ទាំង អស់​ដើម្បី​ជា​កំលាំង​សម្រាប់​ពង្រឹង​គុណភាព និង ប្រសិទ្ធភាព​ការងារ ។​

​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បាន​ចូលរួម​អប​អួរ​ជាមួយ​លោក​ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​កណ្តាល ដែល​ទើបតែ​ចូលកាន់​តំណែង​នា​ថ្ងៃនេះ និង​កោតសរសើរ​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្នាដៃ ដែល​មន្ទីរ​រ៉ែ និង ថាមពល​ខេត្តកណ្តាល​សម្រេចបាន​នូវ​លទ្ធផល​ការងារ បាន​យ៉ាង​ល្អ​កន្លងមក ដូចនេះ លោក​ប្រធាន​មន្ទីរ​ដែល ទើប​ទទួលបាន​ការប្រគល់​ភារកិច្ច​ថ្មី ត្រូវ​ខិតខំ​បំពេញ​ការងារ អោយអស់​ពី​សមត្ថភាព លទ្ធភាព ទេព្យកោសល្យ ក្នុង​ស្មារតី​យកចិត្តទុកដាក់​ដឹកនាំ និង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល និង​ចំពោះ​មុខ​រដ្ឋបាលខេត្ត លើ​វិស័យ​ការងារ ដែល​ខ្លួន​បំពេញ​តាម​តួនាទី និង​ភារកិច្ច ។ ត្រូវ​ចេះ​រួម​សហការ​ដឹកនាំ​ពិភាក្សា​ក្នុង​អង្គភាព ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​សហការ​ល្អ​ជាមួយ​បណ្តា​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​។​

​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល បាន​លើកឡើង​ថា ការផ្លាស់ប្តូរ និង ការផ្ទេរ​ភារកិច្ច​គឺជា​ភារកិច្ច​ចាំបាច់ និង​ជា​តម្រូវការ របស់​រាជរដ្ឋាភិបាល ស្របតាម​គោលនយោបាយ​ជាតិ ត្រូវ​បន្ត​ដឹកនាំ​ឲ្យបាន​ប្រសើរ​ជំរុញ​សាមគ្គីភាព​ផ្ទៃក្នុង យកចិត្តទុកដាក់ បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​លឿន​និង​ទាន់ពេល ។​

​ឯកឧត្ដម បាន​បន្តថា ដើម្បី​សម្រេច​ភារកិច្ច​នេះ​ឲ្យបាន​ល្អ មន្ទីរ​ត្រូវ ខិតខំ​លើក​ផែនការ ការងារ​ច្បាស់លាស់ និង ចំ​គោលដៅ​ដើម្បី​អនុវត្ត​ដោយ​រក្សា​ឲ្យបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង មាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ដែន​ដី​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។

​ថ្នាក់ដឹកនាំ​ខេត្ត​ក៏ដូចជា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ពិត​ជា​រួម​គ្នា​សម្រេច​រាល់​កិច្ចការ​ដែល​រាជរដ្ឋាភិបាល បាន​ប្រគល់ជូន​ដោយ​អនុវត្ត​ឲ្យបាន​ជាក់ស្ដែ​ង​នូវ​ការកែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​របស់​រាជ​រដ្ឋា​បាល ដែល​មាន​អភិបាលកិច្ច​ល្អ​ជា​ស្នូល​ដោយ​អនុវត្ត​តាម​ពាក្យស្លោក «​បម្រើ​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង គឺ​ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង វិបុលភាព​ប្រទេសជាតិ​» ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com