ទាន់ហេតុការណ៍
0

រឿងព្រេង​និទាន​ទាក់ទិន​ប្រវត្តិ​សម្ល​កកូរ​ប្រពៃណី​ជាតិខ្មែរ

រឿងព្រេង​និទាន​ទាក់ទិន​ប្រវត្តិ​សម្ល​កកូរ​ប្រពៃណី​ជាតិខ្មែរ

​សម្លកកូរ​ជា​សម្ល​ប្រពៃណី​មួយ​របស់​ជនជាតិ​ខ្មែរ ។ សម្ល​នេះ​មាន​ប្រវត្តិ​និទាន​ដែល​យើង​គួរតែ​យល់ដឹង ។​
​រឿងនិទាន​តំណាល​ថា ថ្ងៃមួយ​ព្រះអង្គម្ចាស់​គុជ​មនោ​រាជ បាន​ឡើង​ជិះសេះ​យាង​ទៅ​ប្រពាត​ព្រៃ និង​បរបាញ់​សត្វព្រៃ​កម្សាន្ត​ហឫទ័យ​តែ​មួយ​អង្គ​ឯង ដោយ​ពុំ​ឲ្យ​នរណា​ម្នាក់​ដឹង​ឡើយ ។ ពេល​ទៅ​ដល់​ក្នុង​ព្រៃ ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​ស្លុង​នឹង​សម្រស់​ធម្មជាតិ ហើយ​ស្រាប់តែ​ទត​ឃើញ​សត្វ​ឈ្លូស​មួយ​ក្បាល​កំពុងស៊ី​ស្មៅ​ដោយ​ឥត​ដឹងខ្លួន ។ ព្រះអង្គ​ចង់​បញ្ចេញ​ស្នាដៃ​សាកល្បង ក៏​ទាញ​ធ្នូ បាញ់​សំដៅ​ឈ្លូស​នោះ ប៉ុន្តែ​ផ្លែ​ព្រួញ​រត់​មិន​ចំ​គោលដៅ បែរ​ទៅ​ជាប់​គល់ឈើ​វិញ ។ ចំណែក​ឈ្លូស​រត់គេច​យ៉ាង​លឿន ដូច្នេះ​ហើយ​ព្រះអង្គ​ខំប្រឹង​បំផាយ​សេះ​ដេញ​តាម​កាត់​វាល​ចូល​ព្រៃ​ដោយ​មិន​គិត​ពី​គ្រោះថ្នាក់​ឡើយ ។
​ដេញ​មិនទាន់​ឈ្លូស​ហើយ ព្រះអង្គ​ថែម​ទាំង​អស់កម្លាំង​ហេវ​ហត់ ខ្លួនប្រាណ​មុត​បន្លា ស្នាម​មែកឈើ​វាត់​ត្រូវ​ពេញ​ទាំង​ខ្លួន ហើយ​ថែមទាំង​វង្វេង​មិនដឹង​ទៅ​ខាង​ណា​ទៀត​។ ខណៈនោះ ព្រះអង្គ​បាន​ទត​ឃើញ​ដំបូល​ផ្ទះ​មួយ​នៅ​ឆ្ងាយ ក៏​ខំតស៊ូ​ជិះសេះ​សំដៅទៅ​ទីនោះ ។ ដោយ​អស់កម្លាំង​ពេក ព្រះអង្គ​សន្លប់ លែង​ដឹង​ខ្លួន​នៅ​លើ​ខ្នង​សេះ ខណៈ​សេះ​ចេះតែ​ដើរ​ទៅ​មុខ​រហូត​ដល់​ផ្ទះ​មួយ​នៅ​ចុង​ភូមិ​។ គ្រួសារ​មួយ មាន​សមាជិក​បីនាក់ ឪពុកម្ដាយ និង​កូនស្រី បាន​ជួយ​សង្គ្រោះ​ព្រះអង្គ និង​ឱ្យ​ស្នាក់នៅ​ផ្ទះ​តូច​របស់​ខ្លួន​នោះ ។ អំឡុងពេល​ស្នាក់នៅ ព្រះអង្គ​តែងតែ​ឃើញ​គ្រួសារ​នេះ​ចម្អិនម្ហូប​ដដែលៗ មាន​ដាក់​បន្លែ​ជាច្រើន​មុខ ដោយ​នឹក​ឆ្ងល់​ក៏​សួរ​ទៅ​កាន់​នាង​ជា​កូនស្រី​ថា​តើ​នេះ​ជា​អ្វី​? នាង​ឆ្លើយថា​«​គឺ​សម្ល​១០០​មុខ​» ។​

​ដោយ​បាត់​ដំណឹង​ព្រះអង្គម្ចាស់ នៅឯ​ព្រះបរមរាជវាំង មាតាបិតា​ខ្វល់ខ្វាយ​ជាខ្លាំង ក៏​បញ្ជា​គ្រប់​ពល​សេនា​ទាំងអស់​ឱ្យ​តាមរក ។ ពួក​ពល​សេនា​បាន​ប្រទះឃើញ​ព្រះអង្គ​ខណៈដែល​ទ្រង់​កំពុងតែ​យាង​កម្សាន្ត​ជាមួយ​នាង​ក្រមុំ​ម្ចាសា់ផ្ទះ​នៅក្នុង​ចម្ការ​មួយ ។ ពល​សេនា​ក៏​បាន​នាំ​ព្រះអង្គ​ចូល​រាជវាំង​វិញ ។​
​បន្ទាប់​ពី​ទៅ​ដល់​រាជវាំង​វិញ ព្រះអង្គម្ចាស់​គុជ​មនោ​រាជ នឹក​ដល់​នាង​ក្រមុំ​ដែល​បាន​ស្ល​សម្ល​ម្យ៉ាង​មាន​រសជាតិ​ឆ្ងាញ់​ប្លែក ។ ព្រះអង្គ​ក៏​រៀបរាប់​ដំណើររឿង​ទាំងអស់​ប្រាប់​ទៅ​មាតាបិតា ហើយ​ពោល​ដដែលៗ​ថា “​នៅ​ថ្ងៃ​ណាមួយ​ទួល​បង្គំ​នឹង​នាំ​អ្នក​ទាំងអស់​គ្នា​ឲ្យទៅ​ភ្ល​ក់​រសជាតិ​សម្ល​នោះ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ហើយ​សោយ​ទៅ​ធ្វើឲ្យ​ស្រួលខ្លួន​មាន​សុខភាព​ល្អ​…” ។​
​ដោយ​ចង់​បំពេញចិត្ត​បុត្រ ម្យ៉ាង​ចង់ដឹងថា​តើ​សម្ល​នោះ​មាន​រសជាតិ​ឆ្ងាញ់​ដល់​កម្រិត​ណា​បានជា​ធ្វើឲ្យ​បុត្រា​ខ្លួន​សរសើរ​មិន​ដាច់​ពី​មាត់សោះ ព្រះរាជា​ក៏​បាន​បញ្ជា​ពល​សេនា​ឲ្យ​រៀបចំ​ជំនិះ យាង​ទៅ​ផ្ទះ​នាង​នោះ ។
​យល់​ព្រះរាជបំណង​ហើយ នាងក្រមុំ និង​ឪពុក​ម្ដាយ ព្រម​តាំង​ញាតិ​មិត្ត​ទាំងអស់​បាន​ជុំ​គ្នា​ធ្វើ​សម្ល ១០០ មុខ​ថ្វាយ​ដល់​ព្រះរាជា ។ អ្នកខ្លះ​រក​នេះ អ្នកខ្លះរ​ក​នោះ បន្ទាប់​មក​នាំ​គ្នា​ផ្សែផ្សំ​បន្លែ គ្រឿង​និង​កូរ​ចូលគ្នា ។ ព្រះរាជា​ពិតជា​ទប់​ហឫទ័យ​មិនបាន ក៏​សុំ​ភ្លក់​សាកមើល ហើយ​លាន់​ព្រះរាជបន្ទូល​ថា “​ឆ្ងាញ់​មែន​! តែ​ដូចជា​ខ្វះ​អ្វី​ម្យ៉ាង​…”​។​
​ស្រាប់តែ​ព្រះអង្គ ងាក​ទៅ​ឃើញ​អង្ករលីង​នៅក្បែរនោះ ក៏​បង់​ចូលទៅ​ក្នុង​ខ្ទះ​សម្ល ហើយ​ភ្លក់​មើល​ម្ដងទៀត​ហើយ​លាន់មាត់​ថា “​ឆ្ងាញ់​ណាស់ៗ​!”​។​

​នឹក​មិន​អស់​ចិត្ត​នឹង​ឈ្មោះ​សម្ល​នេះ ដោយសារ​ព្រះអង្គ​ទត​ឃើញ​សកម្មភាព​នៃ​អ្នក​ចម្អិន​កូរ​រហូត​នោះ ព្រះរាជា​ក៏​មាន​បន្ទូល​ថា “​សម្ល​នេះ ឃើញ​តែ​កូរ បើ​ដូរ​ឈ្មោះ​ទៅ​ជា​សម្លកកូរ​ទើប​ត្រូវ​ជាង​”​។ អ្នក​នៅ​ទីនោះ​ក៏​ស្រែក​ហ៊ោ​គាំទ្រ​នឹង​ឈ្មោះ​ថ្មី​នៃ​មុខម្ហូប​នេះ​។​
​ព្រះអង្គ​មាន​ក្ដី​សោមនស្ស​ជា​ខ្លាំង​ដែល​បាន​ស្គាល់ ជួយ​ផ្សំ​គ្រឿង​និង​ថែមទាំង​បាន​ដូរ​ឈ្មោះ​សម្ល ដែល​មាន​រសជាតិ​ឆ្ងាញ់​មួយ​មុខ​នេះ ។​
​ចាប់ពី​តាំង​ពេលនោះ​មក សម្លកកូរ​កាន់តែ​ពេញនិយម​ខ្លាំង​ឡើង​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ហើយ​បន្ត​រហូត​ដល់​បច្ចុប្បន្ន ៕

​លីតា

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com