ទាន់ហេតុការណ៍
0

ស្មានថា​ជា​ឧត្តមសេនីយ៍​ផ្កាយ​ពីរ ពេល​អាវុធហត្ថ​រាជធានី ចាប់បាន គឺ​ត្រឹមតែ​ជា​អ្នកគួ​កជេរ​ដី​និង​ជា​តៃកុង​ឡាន​ធម្មតា​សោះ​!

ស្មានថា​ជា​ឧត្តមសេនីយ៍​ផ្កាយ​ពីរ ពេល​អាវុធហត្ថ​រាជធានី ចាប់បាន គឺ​ត្រឹមតែ​ជា​អ្នកគួ​កជេរ​ដី​និង​ជា​តៃកុង​ឡាន​ធម្មតា​សោះ​!

កាលពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២៣ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ម្នាក់ សុំ​ប្តឹង​ជនសង្ស័យ​ឈ្មោះ ផន ច័ន្ទ​ផានិត ពាក់ព័ន្ធ​ករណី​ឆបោក និង ក្លែង​ឯកសារ​សារ​ធា​រណៈ ដោយ​ជនសង្ស័យ​បាន អះអាង​ចំពោះ​មុខ​ជន​រងគ្រោះ​ថា ខ្លួន​ពាក់​ស័ក្តិ ឧត្តមសេនីយ៍ទោ ជា​ដៃស្តាំ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺ​អាច​ជួយ​ឲ្យ ជនរងគ្រោះ​ចូល​ក្របខ័ណ្ឌ​បាន តែ​ត្រូវ​ប្រគល់​ប្រាក់ ១០,០០០​ដុល្លារ ហើយ​ជនសង្ស័យ​បាន​បង្ហាញ​រូបថត​ដែល​មាន​រូប​ខ្លួន ថត​ជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង ថត​ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេងទៀត ទៅ​ជនរងគ្រោះ​មើល ទើប​ធ្វើឲ្យ​ជនរងគ្រោះ មាន​ការជឿ​ទុកចិត្ត ព្រម​ប្រគល់​ប្រាក់​ជា​ដំណាក់កាល ឲ្យទៅ​ជនសង្ស័យ ដើម្បី​រត់​ការ​ចូល​ក្របខ័ណ្ឌ​។ ជនសង្ស័យ បាន​ឲ្យ​ជនរងគ្រោះ​ផ្ញើ​ប្រវត្តិរូប​ផ្ទាល់ខ្លួន រូបថត និង​ឯកសារ​ផ្សេងៗ ដើម្បី​បំពេញបែបបទ​បញ្ចូល​ក្របខ័ណ្ឌ​។ បន្ទាប់មក ជនសង្ស័យ​ក៏​បាន​ប្រគល់ អត្តសញ្ញាណប័ណ្ណ​កងទ័ព និង​លិខិត​បញ្ជា​បេសកកម្ម ទៅ​ជនរងគ្រោះ​ប្រើប្រាស់ ។ ក្រោយមក​ជនរងគ្រោះ បាន​សួរ​រក​ប្រាក់​ខែ​រដ្ឋ អង្គភាព និង​មេ​កើយ ស្រាប់តែ​ជនសង្ស័យ បាន​ប្រាប់ថា ចាំ​សួរ​ថ្នាក់លើ​ឲ្យ និងរ​កលេ​សដោះ​សាររ​ហូត ទើប​ជនរងគ្រោះ​ដឹងថា ខ្លួន​ត្រូវបាន​ចាញ់បោក​គេ ក៏​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​តែម្តង​។

​បន្ទាប់ពី​បាន​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ អាវុធហត្ថ​ភ្នំពេញ​ក៏​បាន​បើក​ការ ស្រាវជ្រាវ​ជា​បន្ទាន់ និង​ឈាន​ទៅ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផន ច័ន្ទ​ផានិត នៅ​ចំណុច​មុខ​ផ្សារ​បុរី​ពិភពថ្មី​កំបូល​៣ ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំបូល​។ ជនសង្ស័យ​មានមុខ​របរ​ត្រឹមតែ ជា​អ្នកគួ​កជេរ​ដី និង​ជា​តៃកុង​ឡាន​ប៉ុណ្ណោះ ក្នុងនោះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចាប់យក អាវុធខ្លី​កែច្នៃ ០១​ដើម ពុំ​មាន​ម៉ាក និង​ឯកសារ​ក្លែង មួយចំនួន ពី​ជនសង្ស័យ​ផងដែរ​។ ជនសង្ស័យ បាន​ទទួលស្គាល់ថា ពិតជា​បាន​ទទួល​ប្រាក់​ពី​ជនរងគ្រោះ ដើម្បី​រត់​ការ​ចូល ក្របខ័ណ្ណ​ពិតប្រាកដ​មែន ដែល​ការ​រត់​ការ​ចូល​ក្របខ័ណ្ឌ​នេះ គឺ​ខ្លួន​បាន​ក្លែង​ឯកសារ​ប្រគល់ឲ្យ ជនរងគ្រោះ និង​បាន​ទទួល​លុយ​ពី​ជនរងគ្រោះ ទើបតែ​បាន ៨,០០០​ដុល្លារ​ប៉ុណ្ណោះ ក៏​ត្រូវ​ជនរងគ្រោះ​ចាប់​ចំណុចខ្សោយ​បាន​ថា ខ្លួន​ឆបោក​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​។​

​ករណី​កើតឡើង​ខាងលើនេះ គឺ​ដូចគ្នា​ទៅ​នឹង​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ធ្លាប់បាន​ចែករំលែក​នៅក្នុងផេក​ផ្ទាល់ខ្លួន​របស់​ឯកឧត្ត​ម​ថា ” បញ្ហា​មួយ​ដែល​បាន​កើតឡើង​ជារឿយៗ ជាច្រើន​ឆ្នាំ មកហើយ​គឺ ការ​ឆ្លៀតឱកាស​ប្រើប្រាស់​ឈ្មោះ​របស់​ឥស្សរជន​សំខាន់ៗ (​រួមទាំង​រូប​ខ្ញុំ​ផ្ទាល់​) ពី​សំណាក់​បុគ្គល​មួយចំនួន ដើម្បី​ប្រព្រឹត្តិ​នូវ​អំពើ​មិនល្អ ដែល​ពេល​ខ្លះ​ធ្វើអោយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​និង​ផលប្រយោជន៍​របស់ ប្រជាពលរដ្ឋ ដ៏ទៃទៀត​។ យើង​ត្រូវ​ព្យាយាម​រួមគ្នា​លុបបំបាត់​ទង្វើ​ខ្វះ​ភាព​សុចរិត​បែបនេះ​”​។ ជាពិសេស ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ធ្លាប់​មានប្រសាសន៍​ទៀត​ថា ” ឯកឧត្តម ថត​សែ​ល​ហ្វី​ជាមួយ​មនុស្ស​រាប់ពាន់​នាក់ រាប់រយ​នាក់ តែ​អ្នក​ខ្លះ​បាន​រូបថត​ជាមួយ​ឯកឧត្តម​មួយ​ប៉ុស្ត៍ ក៏​ដើរ​ធ្វើបាប​គេ ប្រព្រឹត្ត​អំពើ​ខុសឆ្គង ដោយ​ភូត​កុហក់ថា​ជា​ជំនួយការ​របស់​ឯកឧត្តម ដើរ​ចាប់​ដី ដែល​មនុស្ស​បែប​នេះ​ត្រូវតែ​ចាប់ខ្លួន​ភ្លាមៗ​។ ពី​ណា​ដែល​យក​ឈ្មោះ​ឯកឧត្តម​ទៅប្រើ ទោះ​ជា​ជំនួយការ​ឯកឧត្តម​ឬ​អ្វី​ក៏ដោយ ឲ្យតែ​ធ្វើ​ខុសច្បាប់ គឺ​ចាប់​ទៅ​មិន​បាច់​សួរ​យោបល់​ទេ ហើយ​បើ​ប្រាប់​ឯកឧត្តម គឺ​ឯកឧត្តម ប្តឹង​ថែម​ពី​លើ​ទៀត​។ ដូច្នេះ​តាមរយៈ​សារ ដ៏​មាន​តម្លៃ របស់​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ខាងលើនេះ គឺជា​ជំនួយស្មារតី ក្នុងការ​ដាស់តឿន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សារ​ធា​រណៈ​ជន​ទូទៅ តោង​ប្រុងប្រយ័ត្ន ឲ្យបាន​ខ្ពស់ កុំឲ្យ​ចាញ់បោក​ជន​ទុច្ចរិត ដោយ​ត្រឹម​តែ​ឃើញ​រូបថត ដែល​ថត​ជាមួយ​ថ្នាក់ដឹកនាំ ឬ​ឥស្សរជន​សំខាន់​ណាមួយ​ឲ្យសោះ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com