ទាន់ហេតុការណ៍
0

ក្លែង​ជា​សមត្ថកិច្ច កាក់​ឆែក​ពលរដ្ឋ​តាមផ្លូវ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ក្លែង​ជា​សមត្ថកិច្ច កាក់​ឆែក​ពលរដ្ឋ​តាមផ្លូវ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​កាលពី​វេលា​ម៉ោង​ជិត​១២​យប់​ថ្ងៃ​ទី ០៥ ខែ​ឧសភា ឆ្នាំ​២០២៣ មាន​ករណី​ជន​ស៊ីវិល​០២​នាក់ ជិះ​ម៉ូតូ ០១​គ្រឿង ដោយ​មាន​ម្នាក់​ដោះអាវ និង​ម្នាក់​ទៀត​ស្លៀក​ខោខ្លី បាន​ធ្វើ​ការចុះ​ឃាត់​និង​ឆែកឆេរ​ពលរដ្ឋ រក​គ្រឿងញៀន នៅតាម​បណ្តោយ​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ មាន​ការរិះគន់​ពី​មហាជន ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក និង​ស្វែងរក​ការបញ្ជាក់​ពី​សមាសភាព​ជន​ទាំង​០២​នាក់​នេះ​ផងដែរ ថា​តើ​ជា​សមត្ថកិច្ច​ខាង​ណា​?

​បន្ទាប់ពី​បាន​ឃើញ​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅវេលា​ម៉ោង​១៤៖៣០​នាទី ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុច ផ្ទះ​លេខ​១៦៥ ផ្លូវលំ ក្រុម​០៧ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ និង​បាន​រកឃើញថា ជនសង្ស័យ​រូបនេះ មិន​ត្រឹម​ជា​សមត្ថកិច្ច​ក្លែងក្លាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ថ្លើមធំ​ហ៊ាន​ក្លែង​រហូតដល់ លើក​ស្លាក មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅផ្ទះ​របស់​ខ្លួន​ទៀត​ផង​។​

​ជនសង្ស័យ​ឈ្មោះ ពេជ្រ និវត្តន៍ ភេទ​ប្រុស អាយុ​៣៨ ជា​ជន​ស៊ីវិល មានមុខ​របប​មិន​ពិតប្រាកដ បាន​សារភាព​ថា​ខ្លួន ពិតជា​បាន​ក្លែងបន្លំ​ឯកសណ្ឋាន កងរាជអាវុធហត្ថ និង​យោធា ដើម្បី​ធ្វើ​សកម្មភាព​  ឃាត់​ប្រជាពលរដ្ឋ​តាមផ្លូវ ឆែក​រក​គ្រឿងញៀន និង គំរាមកំហែង​ជម្រិត​ទារប្រាក់ ពិតប្រាកដ​មែន ដោយ​ធ្វើ​សកម្មភាព​ជា​មួយ បក្ខពួក​ម្នាក់​ទៀត ឈ្មោះ កី បច្ចុប្បន្ន​បាន​គេចខ្លួន​បាត់​ទៅ​ហើយ ព្រម​ជាមួយ​គ្នា​នោះ សមត្ថកិច្ច​អាវុធហត្ថ ក៏​បាន​ចាប់យក​វត្ថុតាង​ជាច្រើន​រួមមាន​៖ ឯកសណ្ឋាន​យោធា​ប៉ា​រ៉ា ០១​កំប្លេ​, ឯកសណ្ឋាន​អាវុធហត្ថ ០២​កំប្លេ​, អាវកាក់​អាវុធហត្ថ ០១, ស្លាក​លោ​ហ្គោ​អាវុធហត្ថ ០១, ស្បែកជើង​កវែង ០១​គូ​, ស្រោម​កាំភ្លើង ០២, ស័ក្កិស្មា ០២​គូ​, មួក​ប៉េ​រ៉េ ០២, ត្រា​ឈ្មោះ ០៤, តាំ​ប៉ុង​០២, រូបថត​តូចធំ ០២​សន្លឹក​, មេដាយ ០១, កាបូប​ប៉ា​រ៉ា ០១, ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក ណៃ​ហត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា ០.០០០០, ទូរស័ព្ទដៃ ០២​គ្រឿង​, និង​ស្លាក កង​រាជ​អាវុ​ហត្ថ ០១​ផ្ទាំង ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ រីឯ​បក្ខពួក​ដែល​បាន​រត់គេចខ្លួន សមត្ថកិច្ច កំពុង​ធ្វើ​ការស្រាវជ្រាវ ស្វែងរក​បន្ត​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com