ទាន់ហេតុការណ៍
0

ឆក់​កាបូប​បានសម្រេច គេចខ្លួន​បាន​១០​ថ្ងៃ ចុងក្រោយ ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់បាន​ដដែល​!

ឆក់​កាបូប​បានសម្រេច គេចខ្លួន​បាន​១០​ថ្ងៃ ចុងក្រោយ ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់បាន​ដដែល​!

​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​១០​និង​៥៧​នាទី​  មាន​ករណី​ចោរឆក់​កាបូប​មួយ​កើតឡើង តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ត្រង់​ចំណុច​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បណ្តាលឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ធ្លាក់​ពីលើ កង់​បី (Pass App) ដែល​កំពុង​ធ្វើដំណើរ បោក​ទៅ​នឹង​ថ្នល់​គួរឲ្យ​រន្ធត់ និង​តក់ស្លុត រហូត​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម Facebook​។ តាមរយៈ​វីដេអូ​រថយន្ត ដែល​ថត​ជាប់​សកម្មភាព​ឆក់​នេះ គេ​អាច​សន្និដ្ឋានបាន​ថា ជនសង្ស័យ​ប្រហែល​មាន​គ្នា​០៦​នាក់ ជិះ​ម៉ូតូ ០៤​គ្រឿង​អម​គ្នា​ធ្វើ​សកម្មភាព​។

​អំពើ​អកុសល ពិតជា​មិន​អាច​គេចផុត​ពី​ច្បាប់​កម្មផល​មែន បើ​ទោះបីជា​ក្រុម​ជនសង្ស័យ ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច និង​គេច​ខ្លួន​រហូតដល់​ទៅ​១០​ថ្ងៃ​ហើយ​ក៏​ដោយ ហើយ​បើ​ទោះបីជា​ជនរងគ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ឬ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ក៏ដោយ តែ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រទះឃើញ​ការផ្សព្វផ្សាយ​ក្នុង​បណ្តាញ​ហ្វេ​សប៊ុក ក៏​ចាត់​វិធានកា​រណ៍​ស្រាវជ្រាវ​តាម​រក​មុខសញ្ញា​ក្រុមចោរឆក់​ទាំងនោះ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣ កម្លាំង​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​កំណត់​មុខសញ្ញា រហូត​ឈានដល់ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ មានឈ្មោះ ហូ​យ សុភ័​ក្រ អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស និង ឈ្មោះ ធឿន ចាន់​រដ្ឋា ហៅ​វុត្ថា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ក្នុង​នោះ​ជនសង្ស័យ​ឈ្មោះ ហូ​យ សុភ័​ក្រ បាន​សារភាព​ថា ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទ្រព្យសម្បត្តិ​មានតម្លៃ ពី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ជាច្រើន​លើក​មក​ហើយ​តាំងពី​ឆ្នាំ​២០១៩​មក និង​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ ចំនួន​៣​លើក​ផង​ដែរ ដោយ​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៩ ជាប់​ពាក់ព័ន្ធ​ករណី​ហិង្សា​(​កាប់​ទៅលើ​ជនរងគ្រោះ​ជា​សិស្សសាលា​ដូចគ្នា​), លើក​ទី​២ ក្នុង​ឆ្នាំ​២០២០ ជាប់​ពាក់ព័ន្ធ​ករណី​ប្លន់​, លើក​ទី​៣ ក្នុង​ឆ្នាំ​២០២១ ជាប់​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ និង​លើក​ទី​៤​នេះ ខ្លួន​ចេញ​ធ្វើ​សកម្មភាព ឆក់​កាបូប​សារជាថ្មី បណ្តាលឲ្យ​ស្ត្រី​ចំណាស់ម្នាក់ ធ្លាក់​ពីលើ​កង់​បី តែ​ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ទៀត​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com