ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បណ្តាញ ក្រុម​Hacker មួយក្រុម ដែល​បាន Hack ចូល Telegram ជាច្រើន ដើម្បី​ឆបោក​ប្រាក់​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បណ្តាញ ក្រុម​Hacker មួយក្រុម ដែល​បាន Hack ចូល Telegram ជាច្រើន ដើម្បី​ឆបោក​ប្រាក់​!

​រយៈពេល​ថ្មីៗ​ចុងក្រោយ​នេះ គឺ​មាន​ករណី​ហែក​ចូលតេ​លេក្រា​ម​ជាច្រើន​ករណី​កើតឡើង បង្ក​ឲ្យមាន​ជនរងគ្រោះ មួយចំនួន​ត្រូវ​បាន​ខាតបង់​ប្រាក់​រាប់​ពាន់​ម៉ឺន​ដុល្លារ​ដោយសារ​តែ​ការ​បោក​បញ្ឆោត​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ អាវុធហត្ថ​ភ្នំពេញ​បាន​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ម្នាក់ សុំ​ប្តឹង​ពី​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ហែក​ចូលតេ​ឡេ​ក្រាមរ​បស់ខ្លួន និង​បាន​ឆាត​ទៅ​បងប្អូន​មិត្តភក្តិ​ជាច្រើន​ដើម្បី​ខ្ចីប្រាក់ ព្រមទាំង​ឆា​តទៅ​គម្រាម​ទារ​ប្រាក់​អតិថិជន​ដែល​ជំពាក់​ខ្លួន​ផងដែរ​។ ស្របពេល​ជាមួយ​គ្នា​នោះ ក៏មាន​អតិថិជន​របស់​ខ្លួន​ម្នាក់ ក៏​ត្រូវបាន​គេ​ហែក​ចូលតេ​ឡេ​ក្រាមរ​បស់​គាត់​ដូច​គ្នា ហើយ​បាន​ឆាត​មក​ខ្ចី​ប្រាក់​ខ្លួន​ចំនួន ៦០,០០០$ ហើយ​ខ្លួន​បាន​វេរ​ទៅ​ឲ្យអស់ ១០,០០០$ ក៏​មាន​ការសង្ស័យ ហើយ​ក៏​តេទៅ​អតិថិជន​ផ្ទាល់​ដើម្បី​សួរនាំ ទើប​ដឹងថា​មាន​ការចាញ់បោក​ជនសង្ស័យ​យ៉ាង​ពិតប្រាកដ ព្រោះ​អតិថិជន​របស់​ខ្លួន បាន​អះអាង​ថា មិន​បាន​ឆាត​ខ្ចី​ប្រាក់​នោះ​ទេ គឺ​មាន​គេ​ហែក​ចូលតេ​ឡេ​ក្រាមរ​បស់​គាត់​បាត់​ហើយ​។​

​តាមរយៈ​វិធានការ​ជំនាញ និង​ការ​តាម​ប្រ​ម៉ាញ់​ជាប់​ប្រចាំ រហូត​ដល់​ថ្ងៃ​ទី​១៧,១៨ និង​១៩ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ជា​បន្តបន្ទាប់ (​ខ្មែរ​០១​នាក់​, ចិន​០៤​នាក់​) ដែល​មាន​ការពាក់ព័ន្ធ​ជា​បណ្តាញ ជាមួយ​ក្រុម​Hacker នៅ​ឯ​បរទេស ធ្វើ​សកម្មភាព ហែក​ចូលតេ​ឡេ​ក្រាមនុស្ស​ជាច្រើន ដើម្បី​ឆបោក​ប្រាក់​។

​ជនសង្ស័យ​ទាំង ០៥​នាក់​រួមមាន​៖
១.​ឈ្មោះ YU YULONG ជនជាតិ​ចិន ទទួលខុសត្រូវ​ក្នុងការ​ទំនាក់ទំនង​ជា​មួយក្រុម Hacker នៅ​ក្រៅប្រទេស​។​
២.​ឈ្មោះ មាស ស្រី​ចិន (​ហៅ​ស្រី​ពៅ​) ជនជាតិខ្មែរ ប្រពន្ធ​របស់​ឈ្មោះ YU YULONG ទទួលខុសត្រូវ​បកប្រែ​ឆាត ពី​ខ្មែរ​ទៅ​ចិន និង​ពី​ចិន​ទៅ​ខ្មែរ ទាំង​អក្សរ​និង​សម្លេង ឲ្យ​ក្រុម Hacker​។​
៣.​ឈ្មោះ HUANG ZHENG LIANG ជនជាតិ​ចិន ទទួលខុសត្រូវ​ខាង​ដក​លុយ​ចេញពី​ធនាគារ​, រក​បណ្តាញ​បន្ថែម និង​ពេលខ្លះ ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុម Hacker​។
៤.​ឈ្មោះ ZHANG ZHAOCUN ជនជាតិ​ចិន ទទួលខុសត្រូវ​ខាង​ដក​លុយ​ចេញពី​ធនាគារ​។​
៥.​ឈ្មោះ LI QUEQIN ទទួលខុសត្រូវ​តម្កល់​ប្រាក់​នៅ​ធនាគារ ដើម្បី​ធានា​ប្រតិបត្តិការ​ឲ្យ​ក្រុម Hacker នៅ​ក្រៅប្រទេស​។​

​តាម​ចម្លើយសារភាព​របស់​ឈ្មោះ YU YULONG និង​ប្រពន្ធ​ឈ្មោះ មាស ស្រី​ចិន បានឲ្យដឹងថា ពួក​គេ​ស្គាល់​ក្រុម Hacker តាមរយៈ​តែ​វី​ឆាត (WeChat) ប៉ុណ្ណោះ មិនដឹង​ថា​ពួក​នោះ​នៅ​ទីណា​ទេ គ្រាន់តែ​ធ្លាប់​ឭ​ពួកវា​ប្រាប់​ថា​រស់នៅ​ប្រទេស​ថៃ ហើយ​ពួក​វា​ប្រាប់ថា អាច​ហែក​តេ​ឡេ​ក្រា​មបាន តាមរយៈ​ផ្ញើ​សារ​ឬ​កម្មវិធី​អ្វីមួយ​ទៅ​បុគ្គល​ណា​ម្នាក់ ប្រសិនបើ​បុគ្គល​នោះ​ចូល​មើល នោះ​ពួក​វា​នឹង​ចូល​ទៅ​គ្រប់គ្រង​កម្មវិធី​ទូរស័ព្ទ​ឬ​ឈាន​ដល់​គ្រប់គ្រង​អា​ខោ​ន​ធនាគារ​បាន និង​ម្យ៉ាងទៀត​ប្រសិនបើ​យើង​ថត​ស្កែន​លេខតេ​លេក្រា​ម​៥​ខ្ទង់​ផ្ញើ​ទៅ​ឲ្យ​ពួកវា នោះ​ពួក​វា​ក៏​អាច​គ្រប់គ្រង Telegram យើង​បាន​ដូចគ្នា​។ រាល់​ប្រតិបត្តិការ​ជោគជ័យ​ទាំងអស់ ឈ្មោះ YU YULONG និង​ប្រពន្ធ​ឈ្មោះ មាស ស្រី​ចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់​ទាំង​ប៉ុន្មាន គឺ​ត្រូវ​ផ្ញើ​ទៅឲ្យ ក្រុម Hacker តាមរយៈ​ធនាគារ ហ៊ុយ​វ័ង​។

​តាមរយៈ​បទពិសោធន៍​នៃ​ការបង្ក្រាប​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ដោយសារ​តែ​បច្ចេកវិទ្យា​ដើរ​លឿន​ពេក ធ្វើឲ្យ​មាន​កម្មវិធី​ជា​ច្រើន​ដែល​យើង​មិន​អាច​តាម​ទាន់​បាន ដូច្នេះ បងប្អូន​ដែល​ប្រើ​ទូរស័ព្ទ​ទាំងអស់ មិន​ត្រូវ​ចូល​មើល Link ឬ App ណាមួយ ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ហើយ​ផ្ញើ​មក​ឲ្យ​យើង តាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏​ដូចជា​មិន​ត្រូវ ឆ្លើយឆ្លង​ជាមួយ​សារ​ទាំងឡាយណា ដែល​ទាមទារ​ឲ្យ​យើង​បង្ហាញ​នូវ​ទិន្នន័យ​ផ្ទាល់ខ្លួន ទិន្នន័យ​ធនាគារ ឬ​ថត​ស្គ្រីន​ទូរស័ព្ទ របស់​យើង ទៅ​ពួកគេ​នោះឡើយ ហើយ​បើ​មាន​អ្នក​ស្គាល់​ផ្ញើ​សារ​ជា​អក្សរ​ខ្មែរ ឬ​អក្សរ​បរទេស​មក​យើង ដើម្បី​ខ្ចីប្រាក់ ឬ​ទារប្រាក់ ឬ​បង្ខំ​ឲ្យ​ទូទា​ត់​អ្វី​ផ្សេងៗ យើង​មិន​ត្រូវ​ផ្ទេរ​ប្រាក់​ទៅ​ភ្លាមៗ​នោះទេ គឺ​ត្រូវ​ឆែក​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​ជាមុនសិន ដើម្បី​ជៀងវាង​ការខាតបង់ ឬ​ការចាញ់បោក ដោយ​ប្រការ​ណាមួយ លើ​ការប្រើប្រាស់​ទូរស័ព្ទ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com