ទាន់ហេតុការណ៍
0

ល្បិច​ឆបោក​តាម​ទូរស័ព្ទ​ដដែលៗ តែងតែ​ត្រូវបាន​ជន​ទុច្ចរិត យកមកប្រើ បោក​ប្រាក់​ជនរងគ្រោះ​បាន​ជា​ហូរហែរ​!

ល្បិច​ឆបោក​តាម​ទូរស័ព្ទ​ដដែលៗ តែងតែ​ត្រូវបាន​ជន​ទុច្ចរិត យកមកប្រើ បោក​ប្រាក់​ជនរងគ្រោះ​បាន​ជា​ហូរហែរ​!

ទន្ទឹម​ជាមួយ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល ក៏​មាន​បុគ្គល​មួយចំនួន​ប្រឈម​នឹង​ការប្រើប្រាស់ ដោយ​ខ្វះ​ការ ប្រុងប្រយ័ត្ន រហូត​បង្ក​ជា​ឱកាស​ដល់​ជន​ទុច្ចរិត ប្រើ​ភាព​ចន្លោះប្រហោង ទៅ​ជា​ការ​ឆបោក គ្រប់​រូបភាព ធ្វើឲ្យមាន ជនរងគ្រោះ ជាច្រើន​ត្រូវ​បាន​ខាតបង់​ប្រាក់​កាស រហូត​មាន​ជនរងគ្រោះ​ខ្លះ រង​សម្ពាធ​ផ្លូវចិត្ត​គិត​ខ្លី​ឈានទៅដល់ ការធ្វើអត្តឃាត​ក៏មាន​។

​កន្លងមក​មាន​ការ​ឆបោក​តាមរយៈ​ហ្វេ​សប៊ុក ដោយ​ជន​ទុច្ចរិត ប្រើ​រូបភាព​ស្រី​ស្អាត​ឬ​ប្រុស​សង្ហា បង្កើត​ជា​គណនី ក្លែងបន្លំ បោក​បញ្ឆោត​លួងលោម​ស្នេហា​ជាមួយ​ជនរងគ្រោះ រហូត​ឈាន​ទៅដល់​ការបោកប្រាស់ ប្រាក់កាស​អស់ ជាច្រើន ហើយក៏​មាន​ករណី​ខ្លះទៀត ជន​ទុច្ចរិត​បាន​ប្រើ​គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ បន្លំ​ជា​អ្នកមាន ឬ​ជា​សប្បុរសជន ធ្វើ​ជា​មាន​ចិត្ត​ចង់​ជួយ​ជនរងគ្រោះ ដោយ​បញ្ឆោត​ថា​បាន​ផ្ញើ វត្ថុ​មានតម្លៃ ឬ​ថវិកា ឲ្យមក​ជនរងគ្រោះ ចុង​ក្រោយ​បង្កើត​ឧបសគ្គ​ផ្សេងៗ បញ្ឆោត​ឲ្យ​ជនរងគ្រោះ​ផ្ញើ​ប្រាក់​ត្រឡប់​ទៅ​វិញ​ដើម្បី​ដោះស្រាយ​បញ្ហា ក្លាយទៅជា​ការខាតបង់​ម្តង​ហើយ​ម្តងទៀត​។

​ហើយក៏​មាន​ករណី​ឆបោក​តាម​ការតេ​ទូរស័ព្ទ ដោយ​ជន​ទុច្ចរិត បាន​ប្រើ​វិធីសាស្ត្រ ចុច​លេខ​ទូរស័ព្ទ​សម្រាប់តេ តាម​ការ​ចៃដន្យ បោក​បញ្ឆោត​ជនរងគ្រោះ​ថា ត្រូវ​រង្វាន់​ឬ​ត្រូវ​ឆ្នោត​ផ្សងសំណាង​ខ្នាត​ធំ ហើយ​ក៏​បញ្ឆោត​ឲ្យ​ជនរងគ្រោះ ផ្ទេរ​ប្រាក់​ខ្លះ ត្រឡប់​ទៅ​វិញ ដើម្បី​ជា​ថ្លៃ​សេវា​ប្តូរ​យក​រង្វាន់ និង​ខ្លះទៀត​ក្លែង​ជា​សាច់ញាតិ​ជនរងគ្រោះ ហើយ​កុហក់ថា​ខ្លួន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ជួប​ឧបទ្ទហេតុ​ផ្សេងៗ រួច​ក៏​បញ្ឆោត​បំភ័យ​ឲ្យ​ជនរងគ្រោះ​ខ្វះ​ការប្រុងប្រយ័ត្ន រហូត​ផ្ញើ​ប្រាក់​ជាច្រើន យក​ទៅ​ដោះស្រាយ​បញ្ហា​ភ្លាមៗ ក៏​ក្លាយ​ជា​ការខាតបង់​ប្រាក់​កាស តាម​ល្បិច​បោក​បញ្ឆោត​របស់​ជនល្មើស​។

​ល្បិច​ឆបោក​ដដែលៗ​នេះ ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​និង​ផ្សព្វផ្សាយ​ជា​ហូរហែរ តែ​ក៏​នៅ​មាន​ជន​ទុច្ចរិត​ផ្សេងទៀត យកមក​ប្រើប្រាស់​នៅតែមាន​ប្រសិទ្ធិភាព​បោក​បញ្ឆោត​ជនរងគ្រោះ បាន​ជា​បន្តបន្ទាប់​ផងដែរ​។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣​នេះ មាន​ករណី​បោកប្រាស់​តាម​ទូរស័ព្ទ​មួយបែប ត្រូវបាន​អាវុធហត្ថ​រាជធានី ភ្នំពេញ ធ្វើការ​បង្ក្រាប​ដោយ​ជោគជ័យ ដែល​ជនសង្ស័យ​ឈ្មោះ គុជ ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ បាន​ធ្វើ​ការបោកប្រាស់ ស្ត្រី​ចំណាស់​ជាច្រើន​ករណី តាមរយៈ​ចុច​លេខ​ទូរស័ព្ទ​ពី​មួយ​ខ្សែ​ទៅមួយ​ខ្សែ រកមើល​សម្លេង​ស្ត្រី​ចំណាស់ ហើយ​បាន​ប្រើល្បិច​ហៅ​ជន​រងគ្រោះ​ថា​ម៉ែ និង​ក្លែង​ជា​និយាយ​ថា កូន​បើក​ម៉ូតូ​បុក​រថយន្ត​គេ​បាក់​ធ្មេញ​និយាយ​មិន​ច្បាស់ ហើយ​ធ្វើឲ្យ​រថយន្ត​គេ​ខូចខាត​ធ្ងន់ធ្ងរ ត្រូវការ​ប្រាក់​ចន្លោះ​ពី ៣០០០ ទៅ ៥០០០ ដុល្លារ ដើម្បី​ដោះស្រាយ​សង​រថយន្ត​គេ​បញ្ចប់រឿង ហើយ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោរ ក៏​ប្រឹង​រក​ប្រាក់ វេ​ឲ្យ​ជនសង្ស័យ​ភ្លាមៗ​តែម្តង​។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com