នៅព្រឹកថ្ងៃទី នៅ១២ ខែមករា ឆ្នាំ២០២១នៅទីស្តីការក្រសួងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកជំទាវLiurka Rodriguez Borriosឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
លោកជំទាវLiurka Rodriguez Borriosបានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ដ្រីដែលបានផ្ដល់ពេលវេលាក្នុងជំនួបនេះ ហើយជាលើកទីមួយក្នុងឆ្នាំថ្មី ២០២១នេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវឯកអគ្គរដ្ឋទូតថ្មី ដែលបានមកបំពេញបេសកម្មការទូតនៅកម្ពុជា និងបានថ្លែងអំណរគុណដល់សាធារណរដ្ឋគុយបាដែលតែងតែជួយគាំទ្រ និងសហការជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៧៩ មកម្លេះ ពេលនោះ ប្រទេសគុយបាបានជួយដល់កម្ពុជាផ្នែងសុខាភិបាលមានសម្ភារៈ និងបរិក្ខាពេទ្យ ។ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រើណាស់ ដូចជាការផ្លាស់ប្ដូរបទពិសោធន៍តាមរយៈការធ្វើទស្សនកិច្ចផ្សេងៗ ជាក់ស្ដែងកាលពីឆ្នាំ ១៩៩៩ ឯកឧត្ដមបណ្ឌិតសភាចារ្យបានចូលរួមអមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសគុយបា។ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា កាលពីឆ្នាំកន្លងទៅរដ្ឋាភិបាលគុយបាន បានគ្រោងអញ្ជើញសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ទស្សនៈកិច្ចនៅប្រទេសគុយបា ដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា គុយបា តែត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ ។
ជាការឆ្លើយតបលោកជំទាវLiurka Rodriguez Borriosបានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលតែងតែជួយគាំទ្រដល់ប្រទេសគុយបា ជាពិសេសវិស័យកាទូតលើឆាកអន្ដរជាតិ ។ប្រទេសគុយបានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាលើវិស័យពាក់ពាន់ផ្សេងៗទៀតដូចជាវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណប្រទេសគុយបាជាថ្មីម្ដងទៀត និងបានជម្រាបជូបអំពីមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនេះក៏បានចូលជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។
ភាគីទាំងពីបានពិភាក្សាគ្នា និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរជាពិសេសលើវិស័យអភិវឌ្ឍន៍ជនបទ ៕