ក្រូចចិន ឬខ្មែរយើងហៅថាក្រូចឃ្វិចដែលនិយមទិញយកទៅទទួលទានឬយកទៅដាំលម្អផ្ទះក្នុងឱកាសចូលឆ្នាំចិនដើម្បីយកលាភសក្ការៈបានធ្វើការនាំចូលច្រើនពីក្រៅប្រទេស។
ប្រភេទក្រូចនេះនាំចូលពីប្រទេសថៃតាមច្រកសំពៅលូន ខេត្តបាត់ដំបងដោយនាំចូលជាដើមដែលមានផ្លែជាស្រេចមកលក់ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមតាមរយៈដេប៉ូឈ្មោះថាចម្ការតាឈីន។
តាមរយៈបណ្តាញសង្គមដែលផ្សព្វផ្សាយលក់បានបង្ហាញថាក្នុងស្តង់ចម្ការតាឈីនក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនេះ មានការនាំចូលប្រភេទក្រូចចម្រុះពីថៃច្រើនមានក្រូចចិនឬហៅម្យ៉ាងទៀតថាក្រូចឃ្វិច ក្រូចចុងសក់ ក្រូចថ្លុងជាដើមដោយត្រៀមលក្ខណៈលក់ចេញ។
ប្រភេទក្រូចចិនជារៀងរាល់ឆ្នាំក្នុងឱកាសមុនចូលឆ្នាំចិនច្រើននាំចូលពីប្រទេសថៃ និងវៀតណាមដែលជាប្រភេទក្រូចផ្លែតូចៗដែលមានរសជាតិខ្លះផ្អែម ខ្លះទៀតជូរអែម។ ម្ចាស់ស្តង់ចម្ការតាឈីន ថាប្រភេទក្រូចទាំងនេះនាំចូលតាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយក្នុង១ដើមលក់បានថ្លៃ៥ដុល្លារហើយក៏ជាលើកដំបូងដែរ ដែលក្រូចនេះមានវត្តមានក្នុងទឹកដីខេត្តកំពង់ចាម។ ក្រូចចិននេះអាចដាំបានលើដំបូលផ្ទះក៏បានដែរមិនសំដៅតែលើដីប៉ុណ្ណោះទេដែលអាចទទួលផលក្នុងរយៈពេល៣ខែហើយក្រូចចិននេះភាគច្រើនគេមានជំនឿថាពេលយកមកសែន ឬដាក់តាំងលម្អផ្ទះដើម្បីភាពត្រជាក់ត្រជុំរកស៊ីមានបានដោយហេតុនេះហើយប្រភេទក្រូចនេះច្រើនលក់ដាច់តម្រូវទីផ្សារច្រើនតែក្នុងឱកាសមុនចូលឆ្នាំចិនប៉ុណ្ណោះ៕