ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការីបានអញ្ជើញចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹម និងផលិតពូជត្រីលម្អ Fist Aquatic Industrial Co ,Ltd ស្ថិតនៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី ២១ មករា ថ្មីៗនេះ។
កសិដ្ឋានបាននេះចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៧ដោយចំណាយទុនវិនិយោគប្រមាណ៤លានដុល្លារ ដោយមិនបានរួមបញ្ចូលការវិនិយោគលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធទេ។
បច្ចុប្បន្ន កសិដ្ឋានមានផលិតពូជ និងចិញ្ចឹមត្រីលម្អ ត្រីនាគ និងត្រីបបែល ទឹកសាបដែលនាំពូជចូលមកពីប្រទេសចិន និងមានពូជត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀតផង។នៅឆ្នាំខាងមុខនេះ កសិដ្ឋានគ្រោងនឹងនាំចេញត្រីនាគ ១០០០ក្បាលក្នុង១ឆ្នាំ (តម្លៃត្រីនាគធំចាប់ពី១០០០ដុល្លារក្នុង១ក្បាល ) និងត្រីបបែលទឹកសាបជាង៥០០០ក្បាលក្នុង១ឆ្នាំ (តម្លៃត្រីបបែ២០០ដុល្លារក្នុង១ក្បាល) ទៅកាន់ទីផ្សារប្រទេសចិន។
កសិដ្ឋានប្រើកម្មករសរុបចំនួន៥០នាក់ ក្នុងនោះមានអ្នកជំនាញបង្កាត់ភ្ញាស់មកពីប្រទេសចិន និងខ្មែរ ។ ឯកឧត្តម រដ្ឋមន្ត្រីបានលើកទឹកចិត្តក្រុមហ៊ុន ដោយបញ្ជាក់ថាក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការសម្របសម្រួលដើម្បីឲ្យដំណើរការវិនិយោគផលិតពូជ និងចិញ្ចឹមត្រីលម្អ ដំណើរការនាំចេញត្រីលម្អនេះសម្រេចទទួលបានជោគជ័យ៕