ខេត្តគោលដៅទាំង១០រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ នឹងទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងចំនួន ១០៧ខ្សែ ប្រវែងសរុប ១ ២៦៨ គីឡូម៉ែត្រ និង៤៩ ម៉ែត្រ ពីរាជរដ្ឋាភិបាលក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ។
មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំគណៈប្រតិភូ មន្ដ្រីជំនាញក្រសួង ក្រុមទីប្រឹក្សាបច្ចេកទេសគម្រោងទៅពិនិត្យ និងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២០៤០០ម៉ែត្រ ស្ថិតនៅស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំកាលពីថ្ងទី ២៧ ខែមករា ឆ្នាំ២០២១។ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ដល់ភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទ បាល្ល័ង្គ ខេត្តកំពង់ធំ ។ លទ្ធផលសម្រេចបាន ៨៥%ហើយ គ្រោងនឹងបញ្ចប់ ១០០% នៅចុងខែកុម្ភៈ ឆ្នាំ ២០២១។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តថា៖ នៅខេត្តកំពង់ធំគម្រោងកែលម្អផ្លូវជនបទជំហានទី២មានចំនួន ៥ ខ្សែ ប្រវែងសរុប ១២២ គីឡូម៉ែត្រ និង៤៨០ ម៉ែត្រ ។ ក្នុងកញ្ចប់កិច្ចសន្យាសាសង់មានចំនួន ៣ កញ្ចប់ ដោយកញ្ចប់ទី១ មាន១ ខ្សែប្រវែង ៤០ គីឡូម៉ែត្រ និង៨១០ ម៉ែត្រ តភ្ជាប់ពីភូមិបរវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោងទៅដល់ភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ លទ្ធផលសម្រេចបាន ១០០%។ កញ្ចប់ទី ២ មានចំនួន ៣ ខ្សែ ប្រវែងសរុប ៧៣ គីឡូម៉ែត្រ និង៤០ ម៉ែត្រ ដោយខ្សែទី១ មានប្រវែង ២១ គីឡូម៉ែត្រ និង១០០ ម៉ែត្រ តភ្ជាប់ពីភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ទៅដល់ភូមិងន ឃុំងន ស្រុកសណ្ដាន់ លទ្ធផលសម្រេចបាន ១០០% ។ ខ្សែទី ២ មានប្រវែង ២០ គីឡូម៉ែត្រ និង ៤០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចណុចភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ទៅដល់ភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ លទ្ធផលសម្រេចបាន ៧៥%។ ខ្សែទី ៣ មានប្រវែង ៣១ គីឡូម៉ែត្រ និង៩០០ ម៉ែត្រ តភ្ជាប់ពីភូមិសាលាវិស័យ ឃុំសាលាវិស័យ ទៅដល់ភូមិក្រយាជើង ឃុំក្រយា ស្រុកប្រសាទបល្ល័ង្គ លទ្ធផលសម្រេចបាន ៨០% ។ ដោយឡែកកញ្ចប់ទី ៣ ជាកញ្ចបន់កិច្ចសន្យាដែលប្រើប្រាស់សល់ពីការដេញថ្លៃ គឺមាន១ ខ្សែប្រវែង៨ គីឡូម៉ែត្រ និង២៧០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិត្នោត ឃុំកំពង់ចិនជើង ទៅដល់ភូមិបរវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង បច្ចុប្បន្នកំពុងដំណើរការបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ដ្រី បានបន្តទៀតថា៖ នៅលើកណាត់ផ្លូវទាំង ៥ ខ្សែនេះ មានសំណង់សិល្បការ្យដើម្បីរំដោះទឹក រួមមានលូគ្រប់ប្រភេទ ៧៧ កន្លែង និងប្រឡាយអមសងខាងផ្លូវប្រវែងសរុប ២ ៥៨០ ម៉ែត្រ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមទៀតថា៖ គម្រោងកែលម្អផ្លូវជនបទជំហានទី ២ ជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលម្អផ្លូវក្រាលក្រួសក្រហមនៅជនបទឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ។
គម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តគោលដៅទាំង ១០ ងាយស្រួលទៅកាន់ទីផ្សារ ស្វែងរកការងារធ្វើ ងាយស្រួលក្នុងការទទួលបានសេវាសង្គម និងផ្ដោតការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសង្គម ភាពធននិងអាកាសធាតុ និងធ្វើឲ្យមានប្រសិទ្ធភាពធ្ចើដំណើរគ្រប់រដូវកាលក្នុងតំបន់ដែលមានវិសាលភាពវិស័យកសិកម្មខ្ពស់។
សូមបញ្ជាក់ថា៖ គម្រោងនេះមានរយៈពេល ៦ ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០២០ មានថវិកាសរុប ១៩២,៧១ លាន ដុលារអាមេរិក ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឥទានរបស់សាធារណរដ្ឋកូរ៉េ (EDCF) សាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ថវិកាបានមកពីគម្រោងសាកល្បងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ(PPCR) ជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្ដ្រាលី (GOA/ DFAT) និងហិរញ្ញប្បទានឥតសំណងរបស់មូលនិធិអភិវឌ្ឍន៍ណ៍រឌិក(NDF)សម្រាប់ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST ប្រវែងសរុប ១ ១៨៥ គីឡូម៉ែត្រ និង៨៧ ម៉ែត្រ និងស្ថាបនាផ្លូវបេតុងប្រវែងសរុប ៨២ គីឡូម៉ែត្រ និង៦២ ម៉ែត្រ ក្នុងខេត្តគោលដៅ។
ឯកឧត្ដមបណ្ឌិតរដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន ដែលបានសាងសង់ផ្លូវនេះមានលក្ខណល្អប្រសើរ និងបានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋដែលមានដែលមានលំនៅដ្ឋានតាមដងផ្លូវ ចូលរួមសហការឲ្យបានល្អជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្ដ្រីបច្ចេកទេសរបស់ក្រុមហ៊ុន ប្រចាំការនៅការដ្ឋានត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេសដើម្បីធានាបានទាំងគុណភាព និងសោភ័ណភាព ៕