ធ្លាប់តែមានការនាំចូលនូវម៉ាស៊ីនស្ទូងស្រូវខ្នាតធំពីក្រៅប្រទេសដែលមានតម្លៃខ្ពស់តែឆ្នាំនេះក៏មានអាជីវករធ្វើការនាំចូលម៉ាស៊ីនស្ទូងស្រូវប្រភេទខ្នាតតូចពីប្រទេសវៀតណាមដែលមានតម្លៃទាបធ្វើឲ្យកសិករយើងអាចប្រើប្រាស់បានយ៉ាងសមរម្យ។
លោក ម៉ៃ វាសនា ជាអាជីវករដែលធ្វើការនាំចូលម៉ាស៊ីនស្ទូងស្រូវខ្នាតតូចបែបនេះថានៅប្រទេសគេប្រើប្រាស់ម៉ាស៊ីនស្ទូងស្រូវខ្នាតតូចនេះ៧ឆ្នាំមកហើយ ទើបតែក្នុងឆ្នាំ២០២១នេះបានធ្វើការនាំចូលជាលើកដំបូងមកក្នុងស្រុកតាំងពីខែ ឧសភា មកលក់លើទីផ្សារដែលមានទីតាំងនៅច្បារអំពៅរាជធានីភ្នំពេញ។
លោក ម៉ៃ វាសនា បន្តថារយៈប៉ុន្មានខែនេះទើបតែលក់ចេញបាន១៥គ្រឿងប៉ុណ្ណោះអាស្រ័យដោយសារពាក់កណ្តាលរដូវវស្សាទៅហើយនិងមានប្រជាពលរដ្ឋយើងបានដឹងពត៌មានតិចតួចប៉ុណ្ណោះ។
ប្រភេទម៉ាស៊ីនស្ទូងស្រូវខ្នាតតូចនេះមានបីប្រភេទដោយប្រភេទគម្លាតសន្ទូងប្រវែង១៨សង់ទីម៉ែត្រមានតម្លៃលក់ចេញ ១៤០០ដុល្លារ ប្រភេទគម្លាតសន្ទូង ២០សង់ទីម៉ែត្រលក់ចេញតម្លៃ ១៥០០ដុល្លារ និងប្រភេទគម្លាតសន្ទូង ២៤សង់ទីម៉ែត្រមានតម្លៃលក់ចេញ ១៦០០ដុល្លារ ។
លោក វាសនា បន្តទៀតថាប្រជាកសិករយើងនឹងអាចស្វែងយល់ច្រើនពីការប្រើប្រាស់ម៉ាស៊ីនស្ទូងនេះដែលអាចមកសាកសួរនៅកន្លែងដេប៉ូនេះផ្ទាល់អំពីបច្ចេកទេសនៃការសាបសំណាបក្នុងការប្រើប្រាស់បញ្ជាម៉ាស៊ីនស្ទូងនោះព្រោះវាមានលក្ខណៈបត់បែនច្រើន។ ម៉ាស៊ីនស្ទូងស្រូវខ្នាតតូចនេះអាចស្ទូងស្រូវក្នុង១ថ្ងៃបានចំនួន២ហិកតា ៕ កញ្ញា វ៉ាត.