ទាន់ហេតុការណ៍
0

​ប្រាសាទតាព្រហ្ម​ខេត្តតាកែវ ជា​តំបន់​ទេសចរណ៍ធម្មជាតិ​

​ប្រាសាទតាព្រហ្ម​ខេត្តតាកែវ ជា​តំបន់​ទេសចរណ៍ធម្មជាតិ​

តាកែវ ៖ ប្រាសាទតាព្រហ្ម មាន​ច្រើន​កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បើ​យើង​ធ្វើ​ដំណើរ​ចេញពី​ក្រុងភ្នំពេញ ទៅ​តាម​ផ្លូវជាតិ​លេខ​២ ចម្ងាយ ៣២​គ​.​ម ទៅដល់​អូររូង ក្នុង​ស្រុក​បាទី ខេត្តតាកែវ បត់​ទៅ​ខាងលិច​ចម្ងាយ ២​គ​.​ម ក្នុង​ឃុំ​ក្រាំង​ធ្នង់ ស្រុក​និង ខេត្ត​ដដែល នឹង​បាន​ឃើញ​ទន្លេ​បុរាណ​មួយ មាន​មណ្ឌល​រាង​ទ្រវែង បណ្តោយ​ថ្ងៃ​មានទឹក​ល្ហល្ហាច ខួប​ប្រាំង ខួប​វស្សា​ហៅថា «​ទន្លេ​បាទី​» ។ ក្បែរ​ឆ្នេរ​ខាង​នៃ​ទន្លេ​នោះ មាន​ប្រសាទ​ពីរ ហៅ​ប្រាសាទតាព្រហ្ម​មួយ ប្រាសាទយាយពៅ​មួយ ។

​ប្រាសាទតាព្រហ្ម​មាន​ប្រវត្តិ​ព្រេង​និទាន ដែល​បាន​ចារ​ទុក​ក្នុង​ប្រជុំរឿងព្រេង​ខ្មែរ ដែល​មាន​រឿងដំណាល​ម​កថា កាល​ស្តេច​ព្រះនាម​ព្រះ​កេតុ​មាលា សោយរាជ្យ​នៅ​មហា​នគរ ជា​ស្តេច​មាន​បុណ្យ​អស្ចារ្យ​ណាស់ ។ វេលា​មួយ​ស្តេច​ទ្រង់​អផ្សុក​ក្នុង​ព្រះរាជហឫទ័យ គង់នៅ​ក្នុង​ប្រាសាទ​ពុំបាន ទ្រង់​យាង កំសាន្ត​កំសាន្ត​ព្រះរាជហឫទ័យ​ជាមួយ​រេហ៍ពល​ដោយ​ផ្លូវ​នាវា តាម​ឆ្នេរសមុទ្រ​ត្រើយ​ខាងត្បូង ។ លុះ​យាង​ទៅដល់​ទន្លេបាទី ទ្រង់​ចត​ព្រះទីនាំង​នា​វាន​ភ​ត្រើយ​នោះ​ដោយ​សោមនស្ស ហើយ​ទ្រង់​បោះ​ព្រះ​ពន្លាជ័យ​សម្រាក​ព្រះអង្គ​នៅក្នុង​ទីនោះ​។ ពេល​នោះ​អ្នកស្រុក​ប្រុស​ស្រី​ទាំងអស់​បាន​ឮ​ដំណឹង​ថា ស្តេច យាង​ពី​នគរវត្ត​មក​ដោយ​មិន​ដែល​ស្គាល់​ស្តេច​នោះ​សោះ ក៏​នាំគ្នា​ជាច្រើន​អ៊ូអែរ​មក​ថ្វាយបង្គំ​គាល់ យក​អាករ​សួយរៃ​មក​ថ្វាយ​ព្រះអង្គ​គ្រប់គ្នា ។ កាលនោះ​មាន​យាយ​ម្នាក់​មាន​ភោគ​សម្បត្តិ​ស្តុកស្តម្ភ​ជាង​អ្នក​ស្រុក​ទាំងអស់ គាត់​មាន​កូនក្រមុំ​មួយ​ឈ្មោះ «​នាង​ពៅ​» មាន​រូបឆោម​លោម​ពណ៌​ល្អ​លើស​ស្រី​ទាំងពួង ។ គាត់​នាំ​កូនក្រមុំ​មក​គាល់​ស្តេច​រាល់ថ្ងៃ ។ ព្រះមហាក្សត្រ​ទត​ឃើញ​រូបនាង​នោះ ក៏​មាន​ព្រះរាជ​ហឫទ័យ​ប្រតិ​ព័ទ្ធ ទ្រង់​ចំអន់​លេង​រាល់​ពេល​វេលា ។ យាយ​ដឹងថា ស្តេច​សព្វ​ព្រះ​រា​ហឫទ័យ​នឹង​កូនក្រមុំ​របស់ខ្លួន ក៏​លើក​ថ្វាយ​ជា​ព្រះ​ទេពី ស្តេច​បាន​នាង​ពៅ​ធ្វើជា​ព្រះ​អគ្គមហេសី ទ្រង់​សព្វព្រះរាជហឫទ័យ​នឹង​នាង​ពៅ​ពន់ពេក ព្រោះ​ជា​ស្រី​មាន​រូបឆោម​លោម​ព៌ណ​ល្អ ។ ស្តេច​គង់នៅ​ក្នុង​ទីនោះ​បាន​បី​ខែ​នាង​ពៅ​មាន​គភ៌ ។ លុះ​នាង​មានគភ៌​បាន​បី​ខែ ព្រះរាជា​ទ្រង់មាន​ព្រះ​បនទូល​ថា ចូរ​ប្អូន​នៅក្នុង​ទីនោះ​ចុះ ពីព្រោះ​មាន​ព្រះ​មាតា​នៅ​ថែរក្សា ឯ​បង​សូម​លា​ត្រឡប់​ទៅ​មហានគរ​វិញ ។ ហើយ​ទ្រង់​ព្រះរាជទាន​ព្រះ​ទម្រង់​មួយ​ទុក​ជាកេ​រថា «​បើ​ព្រះរាជបុត្រ​ប្រសូត​មក កាលណា​ធំ​ដឹងក្តី​ឡើង ចង់​ទៅ​សួរ​រក​បង ចូរ​នាង​ឱ្យ​ពាក់​ព្រះ​ទម្រង់​នេះ​យក​ទៅ​ជា​សាក្សី​» ។ នាង​ពៅ​បាន​ស្តាប់​ព្រះរាជបន្ទូល​ដូច្នោះ ក៏​សោកសង្រេង​អាឡោះអាល័យ​ព្រះ​ស្វាមី ក្រៃពេក​ដោយ​ទ្រង់​មិន​ឱ្យ​ទៅ​តាម​ផង ។ ព្រះរាជា​ទ្រង់​ផ្តាំ​ស្រេច​ហើយ ទ្រង់​ស្តេចយាង​ទៅកាន់​ព្រះ​មហានគរ​វិញ ។

​ក្រោយមក​គភ៌​នាង​ពី​គ្រប់​ខែ ក៏​ប្រសូត​ព្រះរាជបុត្រ​ដូច​ព្រះវរបិតា ។ មាតា​ឱ្យនាម​ថា «​អង្គ​ព្រហ្ម​កុមារ​» ដោយហេតុ​ថា ព្រះ​រាជកុមារ ប្រសូត​នៅ​ព្រំដែន​ទន្លេ​នោះ ។ លុះ​ព្រះរាជបុត្រ​នោះ​ធំ​ឡើង​បាន​ព្រះជន្ម ១៦​ឆ្នាំ សួរ​រក​បិតា នាង​ពី​ដំណាល​ប្រាប់​សព្វគ្រប់ ហើយ​ព្រះ​រាជកុមារ​ចង់​ទៅ​តាម​ព្រះ​បិតា​ឯ​មហានគរ មាតា​ក៏បាន​ដោះ​ព្រះ​ទម្រង់​មាស ឱ្យទៅ​ព្រះរាជបុត្រ​ពាក់​នៅ​ម្រាម​ព្រះហស្ត​ខាងស្តាំ ហើយ​ព្រះរាជបុត្រ​ថ្វាយបង្គំ​លា​មាតា ឡើង​គង់​លើ​សេះ​យាង​តាម​ឆ្នេរសមុទ្រ​ទៅ ។ លុះ​បាន​ទៅដល់​ក្លោងទ្វារ​ព្រះ​មហានគរ បាន​សួរ​អ្នក​ចាំ​ទ្វារ​រក្ស​ព្រះបិតា ។ នាយ​ឆ្មាំទ្វារ​បាន​ស្តាំ ក៏​ចាត់​មន្ត្រី​ឱ្យទៅ​ក្រាបបង្គំ​ទូល​ស្តេចៗ ទ្រង់​ជ្រាប​ទ្រង់​មាន​ព្រះ​តម្រាស​ឱ្យ​ចូល​ទៅ ។ អង្គ​ព្រហ្ម​ក៏​ចូល​ទៅ​ក្រាបថ្វាយបង្គំ​ព្រះ​វរ​បី​តា ហើយ​ដោះ​ព្រះ​ទម្រង់​ថ្វាយ ។ ស្តេច​ទ្រង់​ស្គាល់​ច្បាស់​ជា​ព្រះរាជបុត្រ​ពិតមែន ដោយ​ទ្រង់​បានឃើញ​ព្រះ​ទម្រង់ ហើយ​ទ្រង់​ចាត់​អង្គ​ព្រហ្ម​មក​ធ្វើ​ជា​ចៅហ្វាយស្រុក នៅ​ត្រើយ​ទន្លេ​នោះ ។ ដោយហេតុ​ថា​ព្រះអង្គ​ព្រហ្ម​ប្រសូត្រ​ក្នុង​ទីនោះ​ផង ដោយ​ទីនោះ​ពុំទាន់​មាន​នាហ្មឺន​ណា​ឈរ​ត្រួតត្រា​ផង ក៏​ទ្រង់​ព្រះរាជសារ​មាន​ត្រា​តាំង​អង្គ​ព្រហ្ម ជា​ស្តេចត្រាញ់​មួយ​អង្គ​ជា​ធំ​ក្នុងស្រុក​នោះ ហើយ​ដោយ​ហេតុ​អង្គ​ព្រហ្ម​ជា​ស្តេច​ជា​មេបា​នៅ​ស្រុក​នោះ​មុនគេ បាន​ជា​ស្រុក​នោះ​ឈ្មោះ​ស្រុក​បាទី ទន្លេ​នោះ​ឈ្មោះ​ទន្លេបាទី គឺ​ទី​របស់​ស្តេច​ជា​បា ពី​ត្រឹម​នោះមក ។ លុះ​អង្គ​ព្រហ្ម​បានជា​ស្តេច​ក្រាញ់​នៅ​ស្រុក​នោះ​ហើយ ទ្រង់​បាន​ចាត់​ឱ្យ​សាង​ប្រាសាទពីរ មួយ​ជូន​មាតា​មួយ គង់​នៅ​ផ្ទាល់​ព្រះអង្គ ហើយ​ទ្រង់​ចាត់ចែង​ធ្វើ​បន្ទាយ​ព័ទ្ធជុំវិញ​ផង ។ ដំណាក់​ឯទៀត នៅ​ក្បែរ​ប្រាសាទ​នោះ​ជា​ទី​ក្រ​សាល និង​ជាទី​ធ្វើការ​រាជការ​ផ្សេងៗ តាម​មុខ​ក្រសួង​នាហ្មឺន​សព្វ​មុខមន្ត្រី ។

​បច្ចុប្បន្ន​ទី​បរិវេណ​នៃ​ប្រាសាទ​ទាំងនោះ សព្វ​ថ្ងៃ​ទៅ​ជា​វត្ត​មួយ​ឈ្មោះ វត្ត​ទន្លេបាទី ជា​រមណីដ្ឋាន​មួយ ដែល​ពួក​ទេសចរណ៍​ច្រើន​ចូល​ចិត្ត​ទៅ​ទស្សនា ។ កញ្ញា វ៉ាត

Filed in: វប្បធម៌

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com