នាសម័យតេជោវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនជាលំដាប់ទាំងផ្លូវពុទ្ធចក្រនិងអាណាចក្ររួមទាំងធនធានព្រះសង្ឃ និងការកសាងវត្តអារាម។ដោយឡែកថ្មីៗនេះនៅក្នុងវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបបានកសាងព្រះបដិមាបរិនិពា្វន្តបិតមាសសុទ្ធយ៉ាងល្អឯកជាទីទាក់ទាញពុទ្ធបរិស័ទចំណុះជើងវត្ត។
លោកគ្រូ ធម្មាចារ្យ កែវ វិមុត្ត ដែលជាអ្នកផ្តួចផ្តើមកសាងនូវព្រះបដិមាបរិនិពា្វន្តបិតមាសនេះក្នុងគោលបំណងទុកជាការគោរពបូជា និងជាការរំលឹកដឹងគុណព្រះអង្គចូលបរិនិពា្វន្ត។បើតាមគម្រោងនៃការកសាងសម្មិទ្ធផលក្នុងវត្តដំណាក់មានចំនួនបីគឺបានកសាងរូបដំរីបាលិលេយ្យបិតមាស ព្រះបដិមាបរិនិព្វាន្តបិតមាសសុទ្ធដែលធ្វើបានសម្រេចរួចហើយនិងបន្តធ្វើពិដានពីស្ពាន់បិតមាសជាកងចក្រផ្កាឈូកចំនួន១០៨ទៀត។លោកគ្រូ ធម្មាចារ្យ បន្តទៀតថាទោះជាយើងមិនបានឃើញព្រះពុទ្ធអង្គចូលនិព្វាន្តមានលោមពណ៌ស្រស់ស្អាតម្តង នឹងនៅពេលព្រះអង្គចូលបរិនិពាន្តម្តងទៀតមានលោមពណ៌ស្រស់ស្អាត។ តែបើបានមកឃើញព្រះបដិមាបរិនិព្វាន្តបិតមាសក្នុងវត្តដំណាក់ពិតជាភ្ញាក់ផ្អើល ពេលឃើញព្រះវរកាយមានពន្លឺស្អាតពីរពណ៌។លោកគ្រូ ធម្មាចារ្យ បញ្ជាក់ទៀតថាក្នុងគម្រោងក្នុងការកសាងព្រះបដិមាបរិនិព្វាន្តបិតមាស ដំរីបាលិលេយ្យបិតមាស ពិដានកុដិបិតមាសជាកងចក្រផ្កាឈូក១០៨ ជាការកើតចេញពីសទ្ធាជ្រះថ្លាពុទ្ធបរិស័ទជិតឆ្ងាយនិងក្រៅប្រទេសផងដែរ៕ កញ្ញា វ៉ាត.