ដើមត្នោតដែលបានដុះនៅក្នុងប្រទេសនៅតាមតំបន់មួយចំនួនបានផ្តល់នូវការងារ និងមុខរបរដល់កសិករយើងដែលធ្វើស្រែចម្ការរួចហើយអ្នកដែលចេះឡើងត្នោតអាចចេះកែច្នៃទឹកត្នោតឱ្យទៅជាស្ករត្នោត ទឹកត្នោតផ្អែមសម្រាប់ទទួលទាននិងចុងក្រោយជាទឹកខ្មេះលក់លើទីផ្សារផងដែរ។
បើតាមការយកព័ត៌មានពីលោកតាម្នាក់ឈ្មោះ ប៉ោយ ជាអ្នកឡើងត្នោតនិងលក់ទឹកត្នោតជូរយូរជាងគេក្នុងក្រុងតាខ្មៅបានឱ្យដឹងថាដើមត្នោតដែលយើងបានឡើងធ្វើអាជីវកម្មរាល់ថ្ងៃនេះគឺសុទ្ធសឹងជួលពីម្ចាស់ដីដែលមានដើមត្នោតទាំងអស់ដោយក្នុង១ដើម១ម៉ឺនរៀល។ភាគច្រើនត្នោតដែលសម្បូរជាងគេគឺក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។នៅក្នុងមុខរបរឡើងត្នោតនេះ តា ប៉ោយថាភាគច្រើនផលិតជាទឹកត្នោតជូរដោយបំបៅមេលើដើមជាស្រេចហើយយកទៅលក់នៅផ្សារតាខ្មៅជាទៀងទាត់រាល់ល្ងាចដោយក្នុង១ថ្ងៃៗអាចលក់ដាច់ទឹកត្នោតជូរបាន៥០លីត្រ។ដើមត្នោតធម្មជាតិបានផ្តល់អត្ថប្រយោជន៍ច្រើនទៅដល់ការកែច្នៃក្នុងស្រុកទាំងដើម ទាំងធាង ទាំងស្លឹកទាំងរសជាតិផ្លែ ទាំងទឹកត្នោតនិងពិសេសការកែច្នៃជាស្ករត្នោត ស្ករផែន ស្ករត្នោតម្សៅ បានធ្វើការនាំចេញទៅក្រៅប្រទេសផងដែរ៕ កញ្ញា វ៉ាត.