យល់ដឹងពីពាក្យថា អង្គរ ដែលបារាំងសេសតែងហៅដំបូងគេបង្អស់ដោយពាក្យអង្គរមិនមែនពាក្យខ្មែរទេ។គេច្រើនជឿថាពាក្យអង្គរគឺពាក្យដែលអ្នកកាសែតបារាំងបង្កើតឡើងក្នុងឱកាសពិពណ៌សកលនៅប្រទេសបារាំងកាលឆ្នាំ១៩០០។នេះជាការអះអាងរបស់សាស្ត្រាចារ្យ ថាច់ក្វាន់ ដែលបានចងក្រងក្នុងសៀវភៅ ( ដើម្បីស្គាល់ខ្មែរនិងអង្គរ )។
ពាក្យអង្គរជាពាក្យដែលបារាំងគេប្រើសម្រាប់និយាយពីប្រាសាទទាំងឡាយនៅតំបន់ក្រុងសៀមរាប។តាមការពិតពាក្យអង្គរបានក្លាយមកពីពាក្យ នគរ ដែលប្រជាជនខ្មែរបានប្រើមកជាច្រើនសតវត្សរ៍រួចហើយ។កាលឆ្នាំ ១៨៦០លោក ហង្ស រីមូលអូ ( Henri Mouhot ) បាននិយាយរួចហើយអំពីប្រាសាទហៅថាអង្គរ និងអង្គរវត្ត ដែលលោកបានទៅទស្សនាទៀតផងអស់ជាច្រើនសប្តាហ៍។
តាមការពិតប្រាសាទខ្មែរមានច្រើនណាស់ មាននៅអង្គរផងនៅក្រៅអង្គរផង។ ប្រាសាទនីមួយៗមានឈ្មោះយ៉ាងត្រឹមត្រូវហើយមានន័យយ៉ាងច្បាស់លាស់។ប្រាសាទអង្គរវត្ត កាលដើមឡើយមានឈ្មោះថា វិស្ពុលោកៈ ប្រែមកថាឋានព្រះវិស្ពុ ព្រោះលោកៈមានន័យថា ឋាន ។ប្រាសាទបន្ទាយស្រី មិនមែនជាបន្ទាយអ្វីទេ ហើយក៏គ្មានរឿងស្រីអ្វីក្នុងនោះដែរ។ឈ្មោះដើមប្រាសាទនេះគឺត្រៃភូវៈនមហេស្វារៈ ប្រែមកថាមហាក្សត្រឋានទាំងបី ។ តាមជំនឿព្រហ្មញ្ញសាសនាសាកលលោកយើងមានទាំងអស់៣ឋានគឺ ឋាននរកនៅក្នុងដី ឋានមនុស្សនៅលើដី និងឋានព្រះនៅលើមេឃ ហើយព្រះឥសូរជាស្តេចឋានទាំងបីនេះឯង។ប្រាសាទដែលហៅថាបន្ទាយស្រីគឺប្រាសាទគេបានសាងសម្រាប់ព្រះឥសូរតែប៉ុណ្ណោះ។គួរតែដឹងដែលថាព្រះមហាក្សត្រដែលបានកសាងបង្កើតអង្គរគឺព្រះមហាក្សត្រយសូរវរ្ម័នទី១ ដែលបានសោយរាជ្យនៅស្រុកខ្មែរពីឆ្នាំ៨៨៩ដល់ឆ្នាំ៩០៨។ព្រះអង្គទ្រង់បានសាងប្រាសាទផ្ទាល់ខ្លួនរបស់ព្រះអង្គនៅលើកំពូលភ្នំបាខែងដែលមានឈ្មោះថា សិវៈលោកៈ ប្រែមកថាឋានព្រះសិវៈ ឬឋានព្រះឥសូរ។ពេលដែលព្រះអង្គបានចូលទីវង្គត់ទៅគេបានបញ្ចុះព្រះសពរបស់ព្រះអង្គនៅលើកំពូលភ្នំនោះ៕
កញ្ញា វ៉ាត.