សត្វក្ងោកកម្រមានអ្នកចិញ្ចឹមហើយក៏ជាសត្វស្លាបដ៏ស្រស់ឆើតសំដៅទៅដោយរោមពណ៌ចម្រុះនៅពេលដែលសត្វក្ងោកត្រដាងស្លាបម្តងៗចេញជារង្វង់មូលបញ្ចេញនូវពន្លឺពណ៌ផ្លេកៗគួរឱ្យចង់គយគន់ជាខ្លាំង។សត្វក្ងោកធ្លាប់តែឃើញក្នុងព្រៃជ្រៅឬនៅតាមរមណីយដ្ឋានដែលគេយកមកចិញ្ចឹមដើម្បីទាក់ទាញភ្នែកទេសចរណ៍ ឥឡូវថ្មីៗនេះមានសត្វក្ងោកនាំចូលពីថៃដាក់លក់តាមបណ្តាខេត្តហើយបើតាមការរៀបរាប់របស់បងស្រី ផល្លា ដែលជាអ្នកលក់បន្តតាមរយៈការផ្សព្វផ្សាយអនឡាញនៅស្រុកអង្គរជ័យ ខេត្តតាកែវ។
បងស្រី ផល្លា បន្តថាកូនសត្វក្ងោកដែលមានទំងន់៨ខាំអាចលក់ចេញបានក្នុង១ក្បាលថ្លៃ២៧០ដុល្លារ ដោយឡែកសត្វក្ងោកដែលមានទំងន់៤គីឡូក្រាមទៅ៥គីឡូក្រាមកំពុងពេញវ័យអាចលក់បាន១ក្បាល១០០០ដុល្លារ។ ពូជក្ងោកនាំចូលនេះមាន២ប្រភេទគឺប្រភេទក្ងោកដាង និងប្រភេទក្ងោកត្រូលវិញ។ ចំពោះចំណីរបស់សត្វក្ងោកនេះងាយស្រួលចិញ្ចឹមដោយសារវាស៊ីស្រូវដូចសត្វចិញ្ចឹមក្នុងស្រុកផងដែរ។ បងស្រី ផល្លា បន្តទៀតថាសត្វក្ងោកនេះមានអាយុវែងចាប់ពី២៥ឆ្នាំទៅ៣០ឆ្នាំហើយអ្នកដែលចង់យកទៅចិញ្ចឹមគឺសម្រាប់លម្អផ្ទះក៏ដោយសារតែសត្វក្ងោកនេះមានស្លាបចម្រុះពណ៌ល្អស្អាតគួរជាទីទាក់ទាញភ្នែកអ្នកដែលចង់ឃើញរូបវាបង្ហាញរាង៕