ទាន់ហេតុការណ៍
0

ក្រុម RARA ជួបជុំ​រលឹក​ខួប​១​ឆ្នាំ នៃ​ការបង្កើត​ក្រុម​របស់​ខ្លួន​!

ក្រុម RARA ជួបជុំ​រលឹក​ខួប​១​ឆ្នាំ នៃ​ការបង្កើត​ក្រុម​របស់​ខ្លួន​!

ក្រុម RARA (RCAF ADFA and RMC-D Alumni) គឺជា​ក្រុម​អតីត​សិក្ខាកាម​នាយទាហាន​កង​យោធពលខេមរភូមិន្ទ ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី និង​មហាវិទ្យាល័យ​ភូមិន្ទ​យោធា​អូស្ត្រាលី​-​ដាន់​ឌ្រូ​ន ដែល​មាន​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុម បាន​បង្កើតឡើង​នៅ​ថ្ងៃទី ១១ ខែ​មករា ឆ្នាំ​២០២៣ ក្រោម​ការផ្តួចផ្តើម​ដោយ​នាយទាហាន​របស់​កង​យោធពល​ខេមរភូមិន្ទ​ចំនួន ០៧​នាក់ ដែល​ជា​អតីត​សិក្ខាកាម​បាន​បញ្ចប់​ការសិក្សា​ពី​ឆ្នាំ ២០០៩ រហូតដល់​ឆ្នាំ ២០២២ ក្នុងនោះ​រួមមាន​៖ លោក សៀ ទីន​, លោក ផន ឫទ្ធី​សក្កិ​, លោក ឈន បូរី​, លោក សួន វិទូ​, លោក ប៊ុន ចាន់​វិចិត​, លោក ផន ដា​វីដ និង លោក ចន្ថា សុធា​រិទ្ធិ​។ មកដល់​បច្ចុប្បន្ន​ក្រុម​នេះ មាន​សមាជិក​ចំនួន ១២​នាក់​។

​នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែ​មករា ឆ្នាំ​២០២៤ ក្រុម RARA បាន​ប្រារព្ធ​ពិធី​ជួបជុំ​លៀង​សាយភោជន៍ ដើម្បី​អបអរសាទរ​ខួប ១​ឆ្នាំ នៃ​ការបង្កើត​ក្រុម​ខ្លួន ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស នៃ​ក្រសួង​ការពារជាតិ រួម​នឹង​គណៈ​ធិបតី​អញ្ជើញ​ចូលរួម​ជាច្រើន​រូប​ផ្សេងទៀត​។

​ថ្លែង​ក្នុង​ពិធី​លាង​សាយភោជន៍​នោះ​ផងដែរ លោក​វរសេនីយ៍ឯក សៀ ទីន បាន​លើកឡើង​ថា ការបង្កើត​ក្រុម RARA នេះ​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្សាភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ រវាង​អតីត​សិក្ខាកាម​ដែល​បាន​បញ្ឈប់​ការសិក្សា​នៅ​បណ្ឌិតសភាយោធា​អូ​ស្រា​លី និង​មហាវិទ្យាល័យ​យោធា​អូស្ត្រាលី ដាន់​ឌ្រូ​ន ក្រោម​ចក្ខុវិស័យ បង្កើត​ក្រុម​អ្នកដឹកនាំ​ដែល​គួរឱ្យ​គោរព មាន​ការប្រាស្រ័យ​ទាក់ទង​ល្អ និង​មាន​ភាព​ផ្សាភ្ជាប់​គ្នា​រវាង​ក្រុម​អតីត​សិក្ខាកាម​យោធា​ទាំងឡាយ​ដែល​បញ្ចប់ ការសិក្សា​ពី​ក្រៅប្រទេស​។

​បន្ថែម​ពី​នេះ​ទៀត​ក្រុម RARA ក៏​បាន​ដាក់ចេញ​នូវ​គុណ​តម្លៃ​របស់​ខ្លួន​មួយចំនួន ដូចជា​៖
– កិត្តិយស​៖ ជឿជាក់​លើ​សច្ចធម៌ និង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​សំរាប់​ខ្លួនឯង និង​អ្នក​ជុំវិញខ្លួន​។​
– ការគោរព​៖ មាន​ការគោរព​ចំពោះ​អ្នកដទៃ ដូច​ទៅ​នឹង​អ្វី​ដែល​យើង​ចង់​ទទួលបាន​ពី​គេ​។ ត្រូវមាន ការ​គិតពិចារណា គោរព​គំនិត​និង​យោបល់​អ្នកដទៃ​។​
– អាជីព​ភាវូបនីយកម្ម​៖ អនុវត្ត​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ សុចរិត​ភាព គណនេយ្យភាព និង ឧត្តមភាព​។​
– មិត្តភាព​៖ ត្រូវ​តស៊ូ​ជាមួយគ្នា និង​ជួយ​គ្នា​ទៅវិញទៅមក មិន​ថា​ស្ថានភាព​លំបាក​យ៉ាងណា​។
– វីរិយ​ភាព​៖ ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ និង​ម៉ឹងម៉ាត់ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​កំពុង​អនុវត្ត​។
– សោមនស្ស​៖ ខិតខំ​ធ្វើការ និង​បំពេញ​ភារកិច្ច​រៀងៗ​ខ្លួន ប៉ុន្ដែ​មិន​ត្រូវ​ភ្លេច​ការកំសាន្ត​សប្បាយ រីករាយ​ម្តងម្កាល​ឡើយ​។

​គុណ​តំលៃ​ខាងលើនេះ គឺជា​កត្តា​ដែល កំណត់​អត្តសញ្ញាណ​របស់​ក្រុម RARA ជា​ក្រុម​អតីត​សិក្ខាកាម​ដែល​ផ្ដោត​សំខាន់​លើ​អាជីព​ភាវូបនីយកម្ម​យោធា​ទៅ​តាម​សម័យកាល និង​មាន​បាវចនា គឺ “​ឈាន​ទៅ​មុខ​ជា​និច្ច​”​។

​យោង​ទៅតាម​ចក្ខុវិស័យ និង​គុណ​តំលៃ​ខាងលើ ក្រុម​RARA ក៏​បាន​បង្កើត​គោលដៅ​ចំនួន ០៤ ធំៗ​គឺ​៖
​ទី​១៖ ជំរុញ​ការលើកកម្ពស់​អាជីព​ភាវូបនីយកម្ម​យោធា និង មោទនៈភាព​ទៅលើ​ក្រុម​របស់​ខ្លួន​។​
​ទី​២៖ ធ្វើជា​គំរូ​ដល់​មជ្ឍដ្ឋាន​ជុំវិញ និង​លើកកម្ពស់​គំនិត​ឆ្នៃប្រឌិត​
​ទី​៣៖ ចូលរួមចំណែក​ក្នុង​កិច្ចការ​នានា​របស់​សង្គម និង អង្គភាព​ដែល​ពាក់ព័ន្ធ​
​ទី​៤៖ ជំរុញ​ក្នុង​ការងារ​ណែនាំ និង​អភិវឌ្ឍ​អាជីព​ភាវូបនីយកម្ម​របស់​ស​មាជិក​ក្រុម​។

​ជា​ចុងក្រោយ ក្នុងនាម​នាយទាហានរ​បស់​កងយោធពល​ខេមរភូមិន្ទ ក្រុម​RARA​ទាំងមូល ប្តេជ្ញា​នឹង​យកចំណេះ​ជំនាញ ដែល​ខ្លួន​បាន​សិក្សា​នៅ​សាលា​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី និង​មហាវិទ្យាល័យ​ភូមិន្ទ​យោធា​អូស្ត្រាលី​-​ដាន់​ឌ្រូ​ន មក​ប្រើ​ជា​ប្រយោជន៍ ក្នុង​ការចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការបំពេញ​ភារកិច្ច​លើ​វិស័យ​យោធា ប្រកបដោយ​ស្មារតី លះបង់ និង​ស្មោះត្រង់ ជា​រៀង​ដរាប​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com