សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២២នេះ បន្ទាប់ពីទស្សកិច្ចប្រកបដោយផ្លែផ្កានៅប្រទេសមីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ៧- ៨ ខែ មករា ឆ្នាំ ២០២២ ដើម្បីសម្របសម្រួលជួយដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និងក្នុងគោលដៅដើម្បីពង្រឹងដល់មិត្តភាពរបស់អាស៊ានផងដែរ។
នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។បន្ថែមពីនេះលោកគាំទ្រឱ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្តល់ជំនួយ ព្រមទាំងធានានិងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិត ពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។
ឱកាសបំពេញទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ជំនួយមួយចំនួនទៀតដល់មីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ ក្នុងនោះមានដូចជា ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋានការពារ(PPE)ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើមចំនួន ៥០គ្រឿង ឧបករណ៍តាមដានអ្នកជំងឺចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែនចំនួន ៥០គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត៕