ទាន់ហេតុការណ៍
0

ជនជាតិដើម​ភាគតិច​រំលឹក​គោរព​សែនដូនតា​និង​ប្រពៃណី​ពី​បុព្វកាល​

ជនជាតិដើម​ភាគតិច​រំលឹក​គោរព​សែនដូនតា​និង​ប្រពៃណី​ពី​បុព្វកាល​

ថ្មីៗ​កន្លងទៅ​នេះ​ចាស់ទុំ​ជនជាតិដើម​ភាគតិច​ពូ​នង​(​ព្នង​) បាន​មូលមតិ​ឯកភាព​គ្នា​រៀបចំ​កម្មវិធី​សែនព្រេន​កាប់​ក្របី​បែប​ប្រពៃណី​របស់​គាត់​ដើម្បីឱ្យ​អារក្សអ្នកតា​តាម​ថែរក្សា​ការពារ​ថ្នាក់ដឹកនាំ​ដែល​ទើប​មក​ដល់​ថ្មី​ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅលើ​ភ្នំ​ដោះ​ក្រមុំ​។​

​លោក អ៊ុំ ត​ក ណា​រូ បាន​មានប្រសាសន៍ថា នេះ​ជា​ពេលវេលា​ដ៏​ល្អ និង​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ការទំនាក់ទំនង​បែប​ប្រពៃណី រវាង​ថ្នាក់ដឹកនាំ​ជាមួយ​និង​ប្រជាពលរដ្ឋ​។​ពិធី​នេះ​គឺ​ចង់ឱ្យ​អារក្ស​អ្នកតា ព្រលឹង​ដូនតា​និង​ប្រជាពលរដ្ឋ​ដឹង​ពី​ការយកចិត្តទុកដាក់​ស្រឡាញ់​ពេញចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​ថ្មី ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ បងប្អូន​យក​កាយវិការ​របាំ​គង សំលេង​នៃ​ការ​បន់ស្រន់ ការ​សែនព្រេន ពិធី​បូជា​ក្របី ព្រមទាំង​ការរៀបចំ​ជួបជុំគ្នា ចំ​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​ដូនតា​មាន​សម្លៀកបំពាក់​បែប​ជំនាន់​ដើម​ទើប​ធ្វើឱ្យ​ដូនតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ព្រៃ​ភ្នំ​ទទួលស្គាល់ តាម​ថែរក្សា​ការពារ​ថ្នាក់ដឹកនាំ​ទាំងអស់​បាន​ល្អ​ជា​រៀងរហូត​។​

​កម្មវិធី​នេះ​ធ្វើឡើង​ដោយ​ចាស់ទុំ​បងប្អូន​ជនជាតិ​ពូ​នង​ជាច្រើន​នាក់ នៅ​ភ្នំ​ដោះ​ក្រមុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ណ​យ ស្រូន សមាជិក​ព្រឹទ្ធសភា​, ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​, ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ​ជុំវិញ​ខេត្ត បាន​ចូលរួម​ជា​ច្រើន​កុះករ​ផងដែរ​។​

​ឯកឧត្តម ថង សាវុន បាន​មានប្រសាសន៍​ត្រេកអរ និង​អរគុណ​សម្រាប់​ការរៀបចំ​ពិធី​ដ៏​មាន​អត្ថន័យ​នេះ ហើយ​សូម​បួងសួង​ព្រលឹង​ដូនតា ជាពិសេស​លោកតា​នៅ​ភ្នំ​ដោះ​ក្រមុំ ជួយ​ថែរក្សា​ការពារ​បងប្អូន​ជនជាតិដើម និង​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សេចក្តីសុខ​សេចក្តីចម្រើន​ជា​រៀងរហូត​។​ចំពោះ​ខ្ញុំ​ពិតជា​មាន​មោទនភាព និង​មាន​កិត្តិយស​ក្រៃលែង​ផងដែរ ដែល​បងប្អូន​បាន​ថែរក្សា​ការពារ​ប្រពៃណី​បានល្អ ព្រមទាំង​បាន​អញ្ជើញ​រូបខ្ញុំ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នេះ​។​សង្ឃឹម​យ៉ាង​មុតមាំ បងប្អូន​ពូ​នង នឹង​ទទួលបាន​នូវ​សេចក្តីសុខ​សេចក្តីចម្រើន​ដើម្បីឱ្យ​វប្បធម៌​ប្រពៃណី​នៅ​រក្សា​លើ​ទឹកដី​មណ្ឌលគិរី​ជា​រៀងរហូត​។ សូម​អរគុណ​រាជរដ្ឋាភិបាល អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​ការពារ​ថែរក្សា​វប្បធម៌​របស់​បង​ប្អូន​ជនជាតិដើម​ភាគតិច ពូ​នង បាន​គង់វង្ស ជាពិសេស​អរគុណ​សន្តិភាព ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com