សម្តេចតេជោ ហ៊ុន សែន បានបង្ហោះ Facebook ក្នុងខ្លឹមសារទាំងស្រុងយ៉ាងដូច្នោះថា « នៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២២នេះជាខួបលើកទី ៤៣ឆ្នាំ (០៧ មករា ១៩៧៩- ០៧ មករា ២០២២ ) ដែលប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះនិងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត ។ ក្នុងរបបដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនេះបានធ្វើឱ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាលជំងឺ គ្មានសាលារៀន ហើយគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ប៉ុន្តែក្រោយពីប្រទេសជាតិ ត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិជាបន្តបន្ទាប់។
សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕