ទាន់ហេតុការណ៍
0

​គោលដៅ​ក្រសួងកសិកម្ម​ជម្រុញ​ផលិតកម្ម​ស្វាយចន្ទី​នាំចេញ​ឱ្យបាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០២៩ ខណៈ​ពេល​បច្ចុប្បន្ន​ដែល​គ្រាប់ស្វាយចន្ទី​កែច្នៃ​មានការ​លក់​ចេញ​កើន​ឡើង​ក្នុង​ស្រុក​

​គោលដៅ​ក្រសួងកសិកម្ម​ជម្រុញ​ផលិតកម្ម​ស្វាយចន្ទី​នាំចេញ​ឱ្យបាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០២៩ ខណៈ​ពេល​បច្ចុប្បន្ន​ដែល​គ្រាប់ស្វាយចន្ទី​កែច្នៃ​មានការ​លក់​ចេញ​កើន​ឡើង​ក្នុង​ស្រុក​

ត្បិតតែ​មាន​ការដាំដុះ​ស្វាយចន្ទី​ច្រើន​របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​មួយចំនួន​មាន ខេត្ត​កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ។​ដោយឡែក​ចំពោះ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​មាន​កម្រិត​នៅឡើយ​ដោយសារ​តែ​ខ្សែចង្វាក់​ផលិតកម្ម​ក្នុងស្រុក​មាន​ការផលិត​តិចតួច​គ្រាន់តែ​លក់​ក្នុង​ស្រុក​បាន​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ ចំណែក​ផលិតកម្ម​មិន​ទាន់​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​មាន​រហូត​ដល់​៩០​ភាគរយ នេះ​យោងតាម​របាយការណ៍ 0pen development Cambodian បាន​ផ្សាយ​។​

ថ្មីៗ​កន្លងទៅនេះ ក្រសួង​ជំនាញ​បាន​បង្កើតឡើង បាន​យកចិត្តទុកដាក់​ក្នុងការ​ជម្រុញ​ក្នុង​ការដាំដុះ​ស្វាយចន្ទី​ឱ្យបាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០២៩​ខាងមុខ​។ ទាក់ទិន​ទៅ​នឹង​ការដាំដុះ​ស្វាយចន្ទី​សូម​លើកយក​បទពិសោធន៍រ​បស់​សហគ្រាស​ខ្នាត​តូច​មួយ​ដែល​មាន​ទីតាំង​នៅក្នុង​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ដែល​ធ្វើ​ការដាំដុះ​ដោយ​ខ្លួនឯង​និង​បាន​ធ្វើ​ការកែច្នៃ​គ្រាប់​ស្វាយចន្ទី​ដោយ​ខ្លួនឯង​ផង​ដែរ​។ ជួប​ជាមួយ​នឹង​ម្ចាស់​សហគ្រាស ឡឹង ម៉ា​នុត បាន​ឆ្លើយ​នឹង​សំណួរ​អ្នកយកព័ត៌មាន​យើង​ថា​៖

សំណួរ​៖ _ តើ​សហគ្រាស​នេះ​បាន​ដាំ​ស្វាយចន្ទី​បាន​ប៉ុន្មាន​ហិកតា ? នៅឯណា ?
​ឡឹង ម៉ានុតៈ​_ ចា៎ស ! ប៉ា​ខ្ញុំ​ដាំ​ស្វាយចន្ទី​នេះ​លើ​ផ្ទៃដី​ចំនួន ១០​ហិកតា​នៅក្នុង​ភូមិ​តា​អុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

សំណួរ​៖ _ តើ​ពេល​បច្ចុប្បន្ន​នេះ​ស្វាយចន្ទី​ឱ្យ​ផល​បាន​ប៉ុន្មាន​ក្នុង​១​ហិកតា ?​តើ​ត្រូវ​ប្រើប្រាស់​ពូជ​អ្វី​ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់ ? ហើយ​បើ​ដាំ​ដុះ​វិញ​ត្រូវ​ប្រើ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ?
​ឡឹង​ម៉ានុតៈ​_ បច្ចុប្បន្ន​នេះ​ស្វាយចន្ទី​ឱ្យ​ផល​បាន​ក្នុង​១​ហិកតា​មាន​ចំនួន​១​តោន​ឬ​លើស​១​តោន​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ក្នុងនោះ​ស្វាយចន្ទី​ប្រើប្រាស់​ពូជ M23​ឬ 09 ដែល​ជា​ពូជ​ប្រជា​កសិករ​យើង​ប្រើប្រាស់​ច្រើន​ដោយ​ពូជ​ស្វាយចន្ទី​នេះ​អាច​ដាំ​ដុះ​បាន​និង​ទទួល​ផល​ចាប់ពី​២​ឆ្នាំ​ឡើង​។​

​សំណួរ​៖ _ តើ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​ចម្អិន​លក់​ចេញ​ក្នុង​តម្លៃ​ណាខ្លះ ?
​​ឡឹង ម៉ានុតៈ​_ ចា៎ស ! ក្នុង​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​ចម្អិន​មានការ​វេច​ខ្ចប់​ត្រឹមត្រូវ​ជា​កំប៉ុង ជា​កញ្ចប់ ដោយ​ក្នុង​១​គីឡូក្រាម​តម្លៃ ៧​ម៉ឺន​រៀល ដូចគ្នា​ទៅ​នឹង​គ្រាប់ស្វាយចន្ទី​ចម្អិន​ទាំង​សំបក​និង​បកសំបក​ហើយ​។​បញ្ជាក់​ជូន​ថា​តម្លៃ​លក់​ចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​នេះ​នៅ​ដដែល​ពុំ​មាន​ការ​តម្លើងថ្លៃ​នោះ​ទេ​សម្រាប់​តម្រូវការ​ទទួល​ទាន​របស់​បងប្អូន​យើង​ក្នុង​ស្រុក​។​

​សំណួរ​៖_ តើ​ការកែច្នៃ​ស្វាយចន្ទី​នេះ​មាន​ទីផ្សារ​នាំចេញ ឬ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឯ​ណា​ខ្លះ ?
​​ឡឹង ម៉ានុតៈ​_ ចា៎ស ! ចំពោះ​ស្វាយចន្ទី​ចម្អិន​រួច​នេះ ភាគច្រើន​ជនជាតិ​ចិន​និយម​ទទួលទាន​ហើយ​បើ​នៅក្នុង​ស្រុក​គឺ​លក់​តាម​បណ្តាញ​បន្ត​នៅតាម​ផ្សារ​ដូចជា​ផ្សារ​ម៉ា​ត​ធំៗ​ជាដើម​។​ការផលិត​ចំណេញ​តិច​អាច​ចំណេញ​បានតែ​២​ភាគរយ​ប៉ុណ្ណោះ​ហើយ​អ្នក​លក់​បន្ត​អាច​ចំណេញ​ច្រើន​ពី​១០​ទៅ​២០​ភាគរយ​។​

​សំណួរ​៖_ សហគ្រាស​នេះ​ដំណើរការ​យូរ​មក​ហើយ តើ​គិតថា​នឹង​មាន​គម្រោង​ពង្រីក​ការដាំដុះ​បន្តទៀត​ដែរឬទេ​?
​​ឡឹង ម៉ានុតៈ​_ ចំពោះ​ការដាំដុះ​បន្ថែម​ទៀត​សហគ្រាស​នាង​ខ្ញុំ​ពុំ​មាន​គម្រោង​ពង្រីក​ការដាំដុះ​បន្ត​ទៀត​នោះ​ឡើយ​ក៏​ព្រោះតែ​ពុំ​មាន​ដើមទុន​ចំណាយ​។​ដោយ​បច្ចុប្បន្ននេះ សហគ្រាស​ឡឹង ម៉ា​នុត ត្រូវ​ដើរ​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ល្អៗ​ដោយ​ជ្រើសរើស​នៅតាម​បណ្តា​ភូមិ​ដែល​ជា​គ្រាប់ស្វាយចន្ទី​ដាំ​ដុះ​ពី​ធម្មជាតិ​មិន​ប្រើប្រាស់​ជាតិគីមី​នោះឡើយ​។​

​សំណួរ​៖_ រហូតមកដល់​ពេលនេះ ខ្សែចង្វាក់​ផលិតកម្ម​សហគ្រាស​អាច​ផលិត​គ្រាប់ស្វាយចន្ទី​កែច្នៃ​បាន​ប៉ុន្មាន​ដែរ​?
​​ឡឹង ម៉ានុតៈ​_ បើទោះជា​មាន​ជំងឺ​កូវី​ដ​១៩​កើតឡើង​មួយរយៈ​មកនេះ​ក៏​ផលិតកម្ម​ស្វាយចន្ទី​នៅតែ​លក់ដាច់​ក្នុង​ស្រុក​ដដែល ដោយ​ហក់​ឡើង​៥​ភាគរយ​ក្នុងការ​លក់​ចេញ​ហើយ​ការលក់​ចេញ​នេះ​តម្រូវ​ទៅ​តាម​ការ​កម្ម៉​ង់​របស់​អតិថិជន​ដែល​ចង់បាន​៥០​គីឡូក្រាម​ឬ​១០០​គីឡូក្រាម​។​

​សំណួរ​៖_​តើ​សហគ្រាស​ឡឹង ម៉ា​នុត​មាន​ចំណាប់អារម្មណ៍​យ៉ាងណា​ដែរ​ចំពោះ​ការគិតគូរ​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​ជម្រុញ​ការដាំដុះ​ស្វាយចន្ទី​របស់​កសិករ​យើង​ក្នុង​ការនាំចេញ​ឱ្យបាន​១​លាន​តោន​នា​ឆ្នាំ​២០២៩?
​​ឡឹង ម៉ានុតៈ​_ ចា៎ស ! ខ្ញុំ​រីករាយ​ណាស់​នៅពេល​ដែល​ក្រសួង​គិតគូរ​ខ្ពស់​ដល់​អ្នក​ដាំ​ស្វាយចន្ទី​រួមទាំង​អ្នក​ផលិតកម្ម​ព្រោះ​កន្លងមក​ក្រសួង​កសិកម្ម​តែង​បើក​នូវ​ពិព័រណ៍​ក្នុងស្រុក​ជួយ​ផ្សព្វផ្សាយ​ឱ្យ​អ្នកលក់ និង​ម្យ៉ាងទៀត​ពិនិត្យ​នៅ​ក្នុង​ស្ថានភាព​ស្រុក​ចំការលើ ពុំ​សូវ​អ្នក​សម្បូរ​ផលិត​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​នេះ​ច្រើន​នៅឡើយ​ទេ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com