សមិទ្ធផលថ្មីក្នុងដែនដីរាជធានីភ្នំពេញកើតចេញពីម្លប់សុខសន្តិភាពនេះ ត្រូវបានបើកសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែមីនា ឆ្នាំ២០២២នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលរយៈពេលជាងមួយម៉ោង ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់រាជធានីភ្នំពេញ។
*សម្តេចតេជោ ហ៊ុន សែន បានសូមការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការផ្អាកចរាចរណ៍នៅលើស្ពានអាកាស និងផ្លូវក្រោមដីដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ប្រសិនបើស្ថិតនៅក្នុងទសវត្សរ៍៧០, ៨០ និង៩០ មិនមានភាពចាំបាច់សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺបង្ហាញថាលទ្ធិសម្ភារៈនិយមកើតឡើងមុនលទ្ធិនៃគំនិត។
*សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC ចំពោះកិច្ចប្រឹងប្រែងរួមគ្នាក្នុងការកសាងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនៅរាជធានីភ្នំពេញ បានប្រើនយោបាយយកក្រុង ចិញ្ចឹមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្ករត្នោត។ លើកឡើងបែបនេះ ដោយសារសមិទ្ធផលនេះ បានមកថវិកានៃការអភិវឌ្ឍកោះពេជ្រ ដ៏ដូចជាតំបន់នានា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីពេលមុនគោលនយោបាយដែលសម្តេចបានដាក់ចេញ គឺសេចក្តីត្រូវការនិងការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋ។ តែពេលនេះមានការប្រែប្រួលដាច់ស្រឡះ បើធៀបនឹងពេលមុនដោយតម្រូវការមានកាន់តែច្រើន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយចង់ឱ្យមានរៀបចំស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតបសេចក្តីត្រូវការ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម៉ោងនេះកម្ពុជា កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង តែសម្រាប់នៅអ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនកំពុងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ នៅកម្ពុជាកាលពី ៥២ឆ្នាំមុន ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ក៏ជាពេលកំពុងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផងដែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមានសង្គ្រាមទើបមើលឃើញសារៈសំខាន់នូវតម្លៃសុខសន្តិភាព។ សម្រាប់កម្ពុជា បានមើលឃើញសារៈសំខាន់សុខសន្តិភាពតាំងពីឆ្នាំ១៩៧០។ សម្តេចតេជោថ្លែងថា កត្តាសន្តិភាពជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍអ្វីទាំងអស់។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ មិនចំណុះលើការនិយាយនោះទេគឺត្រូវមើលលើសកម្មភាពជាក់ស្តែង។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅម៉ោងនេះមិនមាននរណាទៅនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅអ៊ុយក្រែននោះឡើយគឺគេនិយាយតែរឿងសន្តិភាពប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនថាឆ្នាំណានោះទេគឺត្រូវការសុខសន្តិភាពគ្រប់ឆ្នាំ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មាននិមិត្តសញ្ញា «ទេវតា» ហើយសម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំ២០២៣។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតគឺជាការរៀបចំទុកជាមុន ដើម្បីបញ្ចៀសការកើតបញ្ហាជាយថាហេតុណាមួយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើអ្នកធំមិនមែនស្រួលទេ។ អ្នកធំជាមនុស្សឯកោ ហើយមិនមានសិទ្ធិឈឺនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៣ខែឆ្នាំនេះ ស្ថានភាពសង្គមខុសគ្នាឆ្ងាយពីឆ្នាំ២០២១។ ដោយពេលនោះ ជាពេលលំបាកដោយសារជំងឺកូវីដ១៩ ហើយបានដាក់ចេញវិធានការជាច្រើន ដើម្បីធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម៉ោងនេះកម្ពុជាមានវ៉ាក់សាំងក្នុងដៃរហូតដល់ជិត១២លានដូស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ដូសជម្រុញជូនប្រជាពលរដ្ឋការពារជំងឺកូវីដ១៩ ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថានៅថ្ងៃម្សិលមិញ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤០នាក់។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសេដ្ឋកិច្ចកម្ពុជាជួបការលំបាកព្រោះតែវិបត្តិនៃសង្គ្រាមរុស្សី និងអ៊ុយក្រែន។
*សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៣០ ខែមីនា ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន២៣៦លានដុល្លារ។ រយៈពេលមួយខែមីនានេះ អាចបានចំណូលប្រមាណ ៧០០លានដុល្លារ ។ ចំណូល ខែមករាប្រមាណ ២៨៨លាន ខែកុម្ភៈ ប្រមាណ២២៣លាន ខែមីនាប្រមាណ ៧០០លាន។ សរុបរយៈពេល៣ខែឆ្នាំ២០២២ ចំណូលបានជាង១២០០លាន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើនាយករដ្ឋមន្ត្រីភ័យជាងគេគឺអត់មានថវិកាបើកប្រាក់ខែជូនមន្ត្រី។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជីកយកប្រេងនៅខេត្តព្រះសីហនុ កំពុងជួបបញ្ហាហើយ តែត្រូវបានជំនួសដោយការជីកមាស។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៩ខែគិតចាប់ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១មកដល់ពេលនេះកម្ពុជាជីកមាសបាន២,២៧៥គីឡូ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំនួននេះគិតត្រឹមមួយកន្លែងប៉ុណ្ណោះ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានណែនាំឱ្យពន្លឿននៃការលើកកម្រិតអ្នកមានប្រាកសោធននិវត្តន៍ដែលទាបឱ្យលឿនបន្តិច។
*សម្តេចតេជោ ហ៊ុន សែន បានណែនាំលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀបចំបង្កើនថវិកាសម្រាបអ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធជន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើបែបនេះដើម្បីដោះស្រាយវិសមភាពប្រាក់ចូលនិវត្តន៍របស់មន្ត្រី។
*សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យប្រជាពលរដ្ឋជួបជុំលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះតែត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យលើជំងឺកូវីដ១៩ មិនមែនពឹងផ្អែកលើសម្តេចតែម្នាក់ឯងនោះឡើយ តែគឺបានមកពីការចូលរួមពីគ្រប់កោសិកាសង្គម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់លើសន្តិភាពសណ្តាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលបុណ្យទានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្មានសម្រាកនោះទេ ត្រូវមើលឃើញពីគុណសម្បត្តិនេះ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានគាំទ្រសម្តេចផ្តល់ឱកាសយកប្រទេសចេញពីភ្លើងសង្គ្រាម និងជម្រុញការអភិវឌ្ឍប្រទេស៕