នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ កំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ផ្លូវលេខ៤១ ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញមួយចំនួននឹងបិទផ្អាកបណ្តោះអាសន្ន ដោយតម្រូវឱ្យយានយន្តគ្រប់ប្រភេទត្រូវបញ្ចៀសទៅទិសដៅផ្សេង។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ និងចុះហត្ថលេខាដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការបញ្ចៀសចរាចរណ៍ចេញពីកំណាត់ផ្លូវខាងលើ ព្រោះតែមានការរៀបចំនូវពិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៦:០០នាទីព្រឹក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាថ្ងៃទី ២៨-០៦-១៩៥១ ថ្ងៃទី២៨-០៦-២០២២ នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការម៉ន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ដើម្បីឱ្យកម្មវិធីដំណើរការទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះនរោត្ត (ចាប់ពីស្តុបជលផល ផ្លូវលេខ៤១ ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។ នេះជាការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ។ ជាមួយគ្នានោះ អភិបាលរាជធានីភ្នំពេញបានសុំការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនអ្នកធ្វើដំណើរ ជុំវិញការបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ ព្រោះចរាចរណ៍នឹងបើកដំណើរការជាធម្មតាឡើងវិញ នៅម៉ោងដែលផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ៕