ត្បូងឃ្មុំ ៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ និងជួសជុលផ្លូវ ស្ពាន ជាបន្ទាន់ចាប់ពីគល់ស្ពានគីហ្សូណា ឃុំទន្លេបិទស្រុកត្បូងឃ្មុំ ទៅដល់ស្ពានព្រែកតាកុចភូមិទី១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ដែលមានប្រវែង ៦៩,៥គ.ម និងកំណាត់ផ្លូវប្រវែង ៩ គ.មត ភ្ជាប់ពីឃុំប៉ឹស២ ទៅឃុំឈូកក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ដើម្បីជម្រុញការងារសាងសង់ និងជួសជុលផ្លូវ និងស្ពានដែលខូចខាតដោយសារទឹកជំនន់ និងមានលក្ខណៈតូចចង្អៀត ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការជួសជុលបន្ទាន់ផ្នែកក្រឡុក និងចិញ្ចើមសងខាងនៃតួរផ្លូវដែលមានប្រវែង ៦៩,៥គ.មពីគល់ស្ពានគីហ្សូណា ឃុំទន្លេបិទស្រុកត្បូងឃ្មុំ ទៅដល់ស្ពានព្រែកតាកុច ភូមិទី១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ និងកំណាត់ផ្លូវប្រវែង ៩ គ.មត ភ្ជាប់ពីឃុំប៉ឹស២ ទៅឃុំឈូកក្នុងស្រុកក្រូចឆ្មារ។ លោកបានបន្តថា ដើម្បីជម្រុញការងារជួសជុលនេះឲ្យបានទាន់ពេលវេលា ថ្នាក់ដឹកនាំក្រសួងបានសម្រេចចែកជាកំណាត់ៗ រួមមាន ៖ កំណាត់ផ្លូវទី១ ពីស្ពានគីហ្សូណា -ឃុំទន្លេបិទ-ឃុំជីរោទ៍១ ជាប្រភេទផ្លូវបេតុង ប្រវែង ១១,៤ គ.ម អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។
កំណាត់ផ្លូវទី២ ពីឃុំបឹងព្រួល-ឃុំពាមជីលាំង-ឃុំកំពង់ទ្រាស់ទៅឃុំព្រែកអាជីប្រវែង ២២,៨៦ គ.ម និងសាងសង់ផ្លូវបេតុងមាន៣ កំណាត់ប្រវែង ៣០៨ ម៉ែត្រ ដោយក្រុមហ៊ុន គីម ឆាយ ។
កំណាត់ផ្លូវទី៣ ពីឃុំទ្រា-ឃុំក្រូចឆ្មារទៅឃុំស្វាយឃ្លាំងប្រវែង ១៨,០៤ គ.ម ជួសជុលក្រឡុក និងជញ្ជើមសងខាងផ្លូវ ដោយប្រើកៅស៊ូ។ ផ្លូវពីប៉ឹស២ទៅឃុំឈូកប្រវែង ៩ គ.ម ជួសជុលក្រួសអាចផ្កាយនិងជួសជុលសងខាងក្បាលស្ពានចំនួន 9 កន្លែង ដោយនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ។
កំណាត់ផ្លូវទី៤ ពីឃុំប៉ឹស២ទៅឃុំរកាខ្នុរប្រវែង ១៧,២ គ.មនិងស្ថាបនាផ្លូវថ្មី វាងស្ពានស្ទឹងត្រង់ ប្រវែង ១,២៤ គ.ម ដោយកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ ដឹកនាមដោយ ឯកឧត្ដម សឿតរឿត។
ផ្លូវបេតុងអាមេរ៍ ពីវត្តនាគវន្ត័ ទៅស្ពានព្រែកតាកុចភូមិទី១ ផែនការ ឆ្នាំ២០១៩ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនប្រវែង ១០ គ.ម ។ លោកបណ្ឌិត អ៊ុក រ៉ាប៊ុនបានណែនាំឲ្យក្រុមអ្នកទទួលការជម្រុញការងារស្ថាបនា និងជួសជុលផ្លូវ ឲ្យមានគុណភាព និងឲ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលផ្សេងៗទាន់ពេលវេលា ៕ កញ្ញា វ៉ាត