ទាន់ហេតុការណ៍
0

ពុទ្ធបដិមា​ប្រក់​នា​គជា​សិល្បៈ​នៃ​រចនាបថ​អង្គរវត្ត​

ពុទ្ធបដិមា​ប្រក់​នា​គជា​សិល្បៈ​នៃ​រចនាបថ​អង្គរវត្ត​

សៀមរាប​៖ គេ​កម្រ​ប្រទះ​ឃើញ​ពុទ្ធបដិមា​នៅ​រចនាបថ​អង្គរ លើកលែង​តែ​ព្រះពុទ្ធ​ទ្រង់​ប្រក់​នាគ ធ្វើ​ពី​ថ្មភក់​មាន​កម្ពស់​០,៨៧​ម៉ែត្រ​ដែល​យកចេញ​ពី​ល្អាង​មួយ​ក្នុងស្រុក​សេរី​សោភ័ណ្ឌ ខេត្ត​បាត់ដំបង​។​ព្រះពុទ្ធ​ប្រក់​នាគ​ក្រោម​បដិមា​សិល្បៈ​នេះ ជា​សិល្បៈ​ដែល​ផុសចេញ​ពី​សាលា​សិល្បៈ​ឬ​រោង​ជាង​សិល្បៈ​ណាមួយ​នៃ​សម័យអង្គរ​។ សិល្បករ​បានទទួល​ឥទ្ធិពល​អំពី​បដិមា​សិល្បៈ​ខាង​ព្រហ្មញ្ញសាសនា​។

​ជាធម្មតា​សិល្បករ​ខែ្មរ​ខាង​ពុទ្ធ​សាសនា​ចាប់កំណើត​តាំង​ពី​សតវត្សរ៍​ទី​៦​បានបង្ហាញ ឧស្មិ​សៈ ( ភ្នួ​ងសក់ ) ក្រោម​ទម្រង់​ភ្នួ​ង​សក់​ធម្មជាតិ ។ សិល្បករ​បាន​ឆ្លាក់ សាកល្បង​បំពាក់​ក្បាំង​និង​ម្កុដ​ដល់​តួអង្គ​ព្រះពុទ្ធ​ដែល​ជា​គម្រូ​ធំ​បំផុត​ក្នុង​លោក​នេះ ក្នុង​ការលះបង់​ជីវភាព​សម្ភារៈ​ក្នុង​ឋានៈ​ព្រះអង្គ​ជា​មហាក្សត្រ​ដ៏​កំពូល ។ ប្រហែល​ដោយ​មាន​គំនិត​របស់​សិល្បក​រដែល​ចង់​រក្សា​កិត្តិយ​ស​របស់​ត្រកូល​ក្សត្រ​នេះឯង ទើប​ជម្រុញ​ទេពកោសល្យ​របស់​គេ​ឲ្យ​ផលិត​ចេញ​ជា​ស្នាដៃ​ក្រោម​តួអង្គ​បួស ប៉ុន្តែ​រក្សា​ទុក​គ្រឿង​តុបតែង​សក់​តាមបែប​អង្គ​មហាក្សត្រ​។​ចំពោះ​គំនិត​របស់​លោក ប៉ូល មុស ( Paul Mus ) បាន​ពន្យល់ថា​ជា​ការពិត​ណាស់​ការបង្ហាញ​បដិមា​សិល្បៈ​ក្រោម​រូបភាព​ដូច​ពោល​ខាងលើ គឺជា​ការ​រំលឹក​ដល់​រូបភាព​ព្រះពុទ្ធ​ថ្នាក់លើ​ក្រោម​លក្ខណៈ​ជា « ស្តេច​ចក្រ​វា​ឡ »​។

​ទស្សនៈ​មាន​ការប្រៀបធៀប​ជាមួយនឹង​ការ​រី​ចម្រើន​របស់​ពុទ្ធសាសនា​ថេរវាទ​ដែល​ឈរ​លើ​ជ័យជំនះ​ពីរ​គឺ​ទី​១ មា​រា​វិជ័យ និង​ទី​២​ជាការ​ត្រាស់ដឹង​។ អាស្រ័យ​ដោយ​ឥរិយាបថ​យើង​អាច​ស្គាល់​ជា​តួអង្គ​ព្រះ​សមណ​គោត្ត​ម​ដែល​កំពុង​ស្មឹង​ស្មា​ត​ក្រោម​ការការពារ​របស់​នា​គ​មុជ្ជ​លិន ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ពេញ​មួយ​សបា្តហ៍ ចន្លោះ​ពេល​ត្រាស់ដឹង​និង​ការប្រទាន​ធម្មទេសនា​ប្រោសសត្វ​។​សិល្បករ​បានបង្ហាញ​នាគ​មាន​ក្បាល​៧ ក្រោម​ទស្សន​ជីវិត ។ គុណធម៌​ដ៏​កំពូល​នៃ​ទស្សនវិទូ​មាន​កិត្តិយស​ទូ​ទាំង​ពិភព​ទាំងបី ។ អាស្រ័យ​ដោយ​គុណធម៌​នេះ ទើប​ពុទ្ធ​សាវ័ក​យល់ថា មិន​ត្រឹម​តែ​មនុស្ស​ធម្មតា​ប៉ុណ្ណោះ​ទេ​ដែល​គោរព​បូជា​ព្រះអង្គ​តែ​ថែម​ទាំង​សត្វ​មាន​ពិស​(​នាគ​មុជ្ជ​លិន​)​ក៏​ត្រូវ​គោរព​ព្រះអង្គ​ដែរ ។ បដិមា​នេះ បង្ហាញ​សិល្បៈ​មើល​ចំ​ពីមុខ​ភាព​ស្មឹង​ស្មា​ត​និង​ឧត្តមភាព​ដោយ​បន្ថយ​ទំហំ​ចម្លាក់​បានល្អ​ដែល​ជា​លក្ខណៈ​នៃ​រចនាបថ​អង្គរវត្ត​។ ព្រះ​នេត្រ​បិទ បបូរមាត់​ញញឹម ប៉ុន្តែ​មិន​បង្ហាញ​ឲ្យ​យើង​ឃើញ​ជីវិត​ខាងក្នុង ឬ​សេចក្តី​មេត្តាធម៌​ដែល​សិល្បករ​បាន​បង្ហាញ​យ៉ាង​ល្អ​ក្នុង​រចនាបថ​បាយ័ន​៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com