ភ្នំពេញ ៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ១ របស់គណៈកម្មាធិការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភុវឌ្ឍន៍ជនបទ និងផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មាធិការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទនៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួង ។ ព្រមទាំងសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ ហើយក្រុមការងារនេះត្រូវបានបង្កើតក្រុមការងារបច្ចេកទេសពីរផ្សេងទៀតគឺ ៖
១-ក្រុមការងារតាក់តែងគោលនយោបាយ យុទ្ធសាស្ដ្រ ផែនការសកម្មភាពសូចនាករ គោលដៅ ក្របខណ្ឌ និងយន្ដការដឹកនាំ គ្រប់គ្រង តាមដាន ត្រួតពិនិត្យ វាយតម្លៃការអនុវត្ត។
២-ក្រុមការងារតាក់តែងសមិទ្ធផល បញ្ហាប្រឈម ព័ត៌មាន ទិន្នន័យ វិធីសាស្ដ្រ យន្ដការគណនា និងប្រើប្រាស់ធនធាន ។ គណៈកម្មាធិការ និងក្រុមការងារនេះ អាចអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងដៃគូអភិវឌ្ឍន៍តាមជំនាញឲ្យចូលរួមប្រជុំដើម្បីប្រមូលធាតុចូលតាមការចាំបាច់របស់សាមីក្រសួង ។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា៖ ក្រសួងអភិវឌ្ឍន៍ជនបទបានរួមចំណែកយ៉ាងសកម្ម ក្នុងសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលដៅនៃចក្ខុវិស័យតាមកម្មវិធីអភិវឌ្ឍជនបទចម្រុះ ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលសំខាន់ៗថ្មីៗជាច្រើន ជំរុញឲ្យមានការផ្លាស់ប្តូរជីវភាពរស់នៅដោយផ្ទាល់របស់ប្រជាជនជនបទប្រកបដោយបរិយាប័ន ទាំងផ្នែកសេដ្ឋកិច្ចសង្គមកិច្ច វប្បធម៌ និងបរិស្ថាន។ ដើម្បីរក្សាបាននូវនិរន្ដរភាព និង របៀបរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទដែលមានលក្ខណៈកាន់តែស៊ីវីល័យប្រហាក់ប្រហែលនឹងទីប្រជុំជនដែរនោះក្រសួងអភិវឌ្ឍន៍ជនបទនឹងរៀបចំជាគោលនយោបាយជាតិមួយដើម្បីឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយ ឆ្នាំ២០២១-២០៣០ តាម អាណត្តិរបស់រាជរដ្ឋាភិបាល ។យោងតាមស្មារតីអង្គប្រជុំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ នឹងរៀបចំឲ្យបានរួចរាល់ដើម្បីត្រៀមឆ្លងទីស្ដីការគណៈរដ្ឋមន្ដ្រី នៅចុងឆ្នាំ២០២១ ៕