ទាន់ហេតុការណ៍
0

​ភ្នំ​បុរី ភ្នំ​ដា ឋិត​ក្នុង​ទីតាំង​ជិតគ្នា​មាន​រឿងនិទាន​គួរ​ឲ្យ​ចង់​ស្តាប់​

​ភ្នំ​បុរី ភ្នំ​ដា ឋិត​ក្នុង​ទីតាំង​ជិតគ្នា​មាន​រឿងនិទាន​គួរ​ឲ្យ​ចង់​ស្តាប់​

តាកែវ​៖ ភ្នំ​បុរី ស្ថិតនៅក្នុង​ឃុំ​អង្គ​បូរី ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​សព្វថ្ងៃ គេ​ធ្វើដំណើរ​ទៅកាន់​ភ្នំ​នេះ​បាន​ដោយ​លំបាក​បន្តិច ព្រោះ​ត្រូវ​ទៅ​តាម​ផ្លូវជាតិ ទៅ​ដល់​ផ្សារ​ព្រៃ​ល្វា​(​សាលា​ស្រុក​ព្រៃកប្បាស​)​ហើយ​ត្រូវ​បែក​ចូល​ផ្លូវលំ ចម្ងាយ​២២​គីឡូម៉ែត្រ​ទៀត​ទើប​ដល់​ផ្សារ​អង្គ​បូរី ដែល​ជា​ទីតាំង​នៃ​ចៅ​តំបន់​អង្គរ​បូរី​។

​លុះ​ឆ្លងស្ពាន​ទៅ​ត្រើយ​ខាងត្បូង​ធ្វើដំណើរ​ទៅ​តាម​ផ្លូវរ​ទេះ​ប្រមាណ​៥​ឬ​៦​គីឡូម៉ែត្រ​ទៀត​ទើប​ទៅ​ប្រទះ​ឃើញ​ភ្នំ​ពីរ​ទន្ទឹមគ្នា គឺ​ភ្នំ​ដា នៅ​ខាងកើត ភ្នំ​បូរី​នៅ​ខាងលិច​។​ម្យ៉ាង​ទៀត​ផ្លូវ​នេះ​បើ​ជា​រដូវវស្សា​វិញ​ត្រូវ​ទឹក​លិច​ល្ហល្ហាច​ទាល់តែ​ជិះទូក​ឆ្លង​ទើបបាន​។​

​ភ្នំ​ទាំងពីរ​នេះ មាន​ទំនង​ជា​ទី​ស្ថាន​វាំង​បន្ទាយ​ដែលមាន​សេសសល់​តាំងពី​បុរាណកាល​គឺ​នៅ​ភ្នំ​បូរី មាន​ថ្មភក់​តម្រៀប​បង្គរ​គ្នា​ដាក់​ជា​កំពែង​បន្ទាយ​ធំ​ទូលាយ​ដែល​សព្វថ្ងៃ​បាក់បែក​ស្ទើរតែ​បាត់​រូបឆោម​អស់​ទៅហើយ ឯ​នៅ​លើ​ភ្នំ​ដា​ឃើញ​នៅសល់​ប្រាង្គ​សិលា​មួយ​នៅ​មាន​ជា​រូបរាង​ច្បាស់លាស់​នៅឡើយ​ដោយ​មាន​នាំ​លេច​ក្បាច់រចនា​គួរ​ជាទី​គយគន់​ផង​។​មិនតែប៉ុណ្ណោះ នៅ​ជិតខាង​ភ្នំ​ទាំង​ពីរ​នវ​មាន​បុរាណ​ដ្ឋា​ន​ច្រើន​ទៀត ប្រកប​ដោយ​បែប​រចនា​ពិសេសៗ​ក្នុង​ជំនាន់​នោះ​ដូចជា​បែប​រចនា​ស្ថាបត្យកម្ម ខាង​ការ​ប៉ាន់​រូបភាព​និង​ក្បាច់ចម្លាក់​វល្លិ៍​នាំឲ្យ​អ្នកប្រាជ្ញ​ខាង​ការស្រាវជ្រា​វ​គុហា​សាស្ត្រ ( Arche´ologie ) សន្មត​ឈ្មោះ​ការ​រចនា​ខ្មែរ​នៅ​សម័យ​នោះ​ហៅថា​«​បែប​ភ្នំ​ដា​»​។​

​កាលនោះ​មាន​ព្រះរាជា​មួយ​ព្រះអង្គ គង់​នៅ​ព្រះរាជវាំង​ក្រុង​ចម្ប៉ា​សាក់ ឬ​បាសាក់​គឺ​នៅ​ផ្នែក​ខាងលើ​តាម​ដង​ទន្លេមេគង្គ​ទ្រង់​មាន​ព្រះរាជ​បុត្រី​មួយ​ព្រះអង្គ ព្រះនាម​ព្រះ​នាង​«​អាក់​អ​»​។​ព្រះ​រាជបុត្រី​នេះ​មាន​រូបឆោម​លោម​ពណ៌​ស្រស់​ឆើត​ឆាយ​ណាស់​រក​នរណា​ឲ្យ​ល្អ​ត្រឹម​ស្មើ​ពុំ​បាន​ឡើយ​។​ប៉ុន្តែ​ដោយ​ព្រះ​នាង​មាន​ព្រះទ័យ​រវើរវាយ​ក្នុង​កាមរោគ​នាំ​ឲ្យ​ព្រះនាង​ស្លុតចិត្ត​ប្រតិព័ទ្ធ​ទៅលើ​ទុគត៌​ម្នាក់​ភ្លេច​គិត​អំពី​កិតិ្ត​យសរ​បស់​ព្រះរាជវង្សានុវង្ស​។​ដូច្នេះហើយ បាន​ជា​ព្រះបិតា​ទ្រង់​ត្រា​ស់​ឲ្យ​ចាប់​ព្រះ​នាង​នេះ ព្រម​ទាំង​ប្រុស​សា​ហាយ​ដាក់​ពោងពាយ​បំបរបង់​បណ្តែត​ចោល​តាម​ផ្ទៃ​ទន្លេ ទម្លាក់​ទៅ​កាន់​សមុទ្រ​ដ៏​ធំ​ល្ហល្ហេវ​ទៅ​។​

​ក្នុង​ពោងពាយ​ជាមួយ​នោះ ព្រះរាជា​ទ្រង់​ចាត់​ឲ្យ​ដាក់​ទាំងស្រូវ អង្ករ ល្ង ពោត សណ្តែក អំបិល ប្រហុក ជា​ស្បៀង​ជាប់​ជាមួយ ព្រមទាំង​គ្រឿង​ប្រដាប់​ប្រើប្រាស់​ជាច្រើន​ផង លុះ​ពោងពាយ​នោះ​រសាត់អណ្តែត​ទៅៗ​ជា​យូរថ្ងៃ​ក៏​បាន​ទៅ​ប៉ះ​ជាប់​នឹង​ភ្នំ​មួយ​គឺ «​ភ្នំ​បូរី​»​នេះឯង ដែល​គេ​ពុំទាន់​បាន​ឃើញ​មាន​មនុស្ស​ណា​ទៅ​រស់នៅ​នៅឡើយ​ទេ​។​នាង​អាក់​អ និង​ស្វាមី​នាំគ្នា​ត្រេកអរ​ដោយ​បាន​ប៉ះ​ត្រើយ​នាំ​ឲ្យ​ខ្លួនរ​ស់​រួច​ជីវិត​បាន ទើប​នាំគ្នា​ម្នីម្នា​ជញ្ជូន​របស់របរ​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន​ចុះ​អាស្រ័យ​នៅ​នឹង​ភ្នំ​នោះ​។​អ្នក​ទាំង​ពីរ ចាប់​ប្រកប​របរ​ដំណាំ​ដាំ​ដុះ និង​ស្វែង​ចូល​ព្រៃ​រក​កាប់​ឈើ​ធ្វើ​អុស និង​ធ្វើ​ខ្ទម​អាស្រម​សម្រាប់​ជ្រក​នៅ​ផង​។​

​ក្រោយពី​បាន​តាំង​លំនៅឋាន បាន​ស្រួលបួល​មក​ថ្ងៃ​ណា នាង​អាក់​អ​តែង​ព្រួយ​លំបាក​ក្នុង​ព្រះទ័យ​ណាស់ ព្រោះ​បារម្ភ​នឹង​សុខទុក្ខ​របស់​ខ្លួន​ផង​នឹង​រលឹក​ដល់​ស្រុកកំណើត​ផង នង​ស្តាយ​កិត្តិយស​របស់​ខ្លួន​ដែល​ធ្លាប់តែ​ថ្កុំថ្កើង​ផង ។ ហេតុនេះហើយ រៀងរាល់​យប់ មុននឹង​ចូល​ដំណេក​នាង​តែង​អុជ​ធូប​ទៀន​បន់ស្រន់ បួងសួង​ដល់​អា​រុក្ខ​អារក្ខ​អ្នកតា​នៅ​ព្រៃភ្នំ​ទាំង​ម្រេញគង្វាល​ដែល​រក្សា​នៅ​បឹងបួ​ទួល​ទី​នោះ​ថា​៖ សូមឲ្យ​លោក​ជួយ​បីបាច់​ថែរក្សា​យើង​ទាំង​ពីរ​នាក់​ឲ្យបាន​សុខសប្បាយ​រកស៊ី​ចិញ្ចឹ​ម​ជីវិត​ក៏​បាន​បរិបូរណ៌​កុំឲ្យ​មាន​សេចក្តី​ខ្វះខាត​ឡើយ​។
​ដោយ​អានុភាព​នៃ​សេចក្តី​អធិដ្ឋាន​រាល់ៗ​ថ្ងៃ​យ៉ាង​នេះ​មិនយូរប៉ុន្មាន​ក៏មាន​អ្នក​សច្ចំ​បាំង​បាត់​មួយ​អង្គ មក​ពន្យល់​សប្តិ​ប្រាប់​នាងថា​«​ចាប់ពី​ថ្ងៃនេះ​តទៅ ចូរ​នាង​កុំ​ភ័យ​ឲ្យសោះ យើង​ជា​អ្នក​សច្ចំ នឹង​ជួយ​នាង​ឲ្យបាន​សុខ ឲ្យបាន​ថ្កុំថ្កើង​ល្បីឈ្មោះ​នៅ​ក្នុង​ទីនេះ ប៉ុន្តែ​យើង​មិន​បាច់​ឲ្យ​នាង​ឃើញ​រូបយើង​ទេ​»​។​ក្រោយពី​ស្តាប់​បណ្តាំ​អ្នក​សច្ចំ​ដូច្នេះ ព្រះ​នាង​ភ្ញាក់ខ្លួន​ភ្លាម ហើយ​ព្រះ​នាង​នាំ​ពត៌មាន​នេះ​ប្រាប់​ស្វាមី​កំសត់​ឲ្យបាន​ដឹង​ផង​។​

​ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក ព្រះ​នាង​បាន​ចាត់​បុរស​ជា​ប្តី​ទៅ​រកឧស​ពី​ក្នុងព្រៃ​រាល់ថ្ងៃ​ដូច​ធម្មតា​។​ឯ​បុរស​ជា​ប្តី​នោះ​ទៅ​កាប់ឧ​សបាន​សុទ្ធតែ​ដើម​ចន្ទន៍​ក្រស្នា​មាន​ក្លិនក្រអូប​វែក​ជញ្ជូន​មក​គរ​ទុក​ជា​ច្រើន​គំនរ ប៉ុន្តែ​មាន​ប្រាថ្នា​យកមកប្រើ​ត្រឹមតែ​ជា​ឧស​ដុត​ប៉ុណ្ណោះ​ឥត​មាន​យល់ថា​នេះ​ជា​ឈើ​មាន​តម្លៃ​ឡើយ​។​ថ្ងៃមួយ​នាង​អាក់​អ​ចេញទៅ​មើល​គំនរ​ឧស​ក៏​ស្គាល់​ច្បាស់​ជា​ឈើ​ចន្ទន៍​ក្រស្នា​ដែល​មាន​តម្លៃ ព្រះ​នាង​ក៏​ញញឹម​ប្រាប់ប្តី​ថា​«​រក​ឈើ​នេះ​ឲ្យបាន​ច្រើន​មកទៀត​»​។​ប្តី​ក៏​ខំ​ប្រឹង​រក​តាម​បណ្តាំ​ប្រពន្ធ​។​

ពេល​មួយ​បុរស​នោះ​ទៅ​ក្នុង​ព្រៃ​ប្រទះ​ដុំ​មាស​ក្រហមឆ្អៅ​ជាច្រើន​ក៏​គិត​ថា​«​ថ្ម​នេះ​មាន​សម្បុរ​ល្អ​ចម្លែក​ជាង​ថ្ម​ទាំងពួង បើ​ដូច្នេះ​អញ​គិត​យក​ទៅ​ផ្ទះ​ឲ្យបាន​៣​ជុំ​សម្រាប់​ឲ្យ​ប្រពន្ធ​តម្កល់​ធ្វើ​ជើង​ក្រាន​»​។​គិត​ដូចនេះហើយ​បុរស​នោះ ក៏​លើក​ថ្ម​ដាក់​ក្នុង​ល្អី​រែក​យក​ទៅ​ផ្ទះ ដោយ​មិន​ស្គាល់​ជា​ដុំ​មាស​ឡើយ ។​

​លុះ​ប្រពន្ធ​បានឃើញ​ដុំ​មាស​ដូច្នោះ​ហើយ​ស្គាល់​ច្បាស់​ជា​មាស​តែ​មិន​ប្រាប់ប្តី​ទេ គ្រាន់តែ​ផ្តាំ​ថា​«​បើ​ប្រទះឃើញ​ថ្ម​ក្រហម​ដូច្នេះ​ទៀត​ឲ្យ​ជញ្ជូន​មក​ទុក​ទាំង​អស់​» ។ ប្តី​ក៏​ធ្វើតាម​បណ្តាំ​នាង​ជា​ដរាប​។​

​ថ្ងៃមួយ​ព្រះ​នាង​គិត​ឃើញថា ឧស​ចន្ទន៍​ក្រស្នា និង​មាស​របស់​អញ​មាន​កាន់តែ​ច្រើនឡើង​ហើយ បើ​ដូច្នេះ អញ​គិត​លើ​កទង់​មួយ​ឲ្យ​ខ្ពស់ជា​សញ្ញា ក្រែង​មាន​សំពៅ​ពី​ប្រទេសក្រៅ​ធ្វើដំណើរ​ជំនួញ​លក់ដូរ​របស់​ផ្សេងៗ គេ​ឃើញ​ហើយ​នឹង​ចូល​មក​ទាក់ទង​។​គិត​ហើយ​ព្រះ​នាង​ក៏​នាំ​ប្តី​ប្រញាប់ប្រញាល់​ធ្វើ​តាម​គំនិត​នេះ​ភ្លាម​មិនយូរប៉ុន្មាន​មាន​ដង្ខៅ​សំពៅ​នៅ​ស្រុក​ស្លាត​លង្កា បើក​សំពៅ​ទាំង​៧ នាំ​កំណាត់សំពត់​និង​ភស្តុភារ​ដទៃ​ទៀត​មក​លក់ដូ​រតាម​ឆ្នេរសមុទ្រ ។ លុះ​សំពៅ​នេះ​មក​ដល់​ជិត​ភ្នំ​បូរី ក៏​ឃើញ​ទង់​សញ្ញា​ឲ្យដឹងថា ទីនេះ​មាន​មនុស្ស​រស់​នៅ​ទំនង​ជា​ការចង់​ទាក់ទង​លក់ដូរ​របស់រ​បរផង គេ​នាំ​គ្នា​តម្រង់​ក្បាល​សំពៅ​នេះ​មក​ដល់​ជិត​ភ្នំ​បូរី ក៏​ឃើញ​ទង់​សញ្ញា​ឲ្យដឹងថា ទីនេះ​មាន​មនុស្ស​រស់​នៅ​ទំនងជា​មាន​ការចង់​ទាក់ទង​លក់ដូរ​របស់រ​បរផង គេ​នាំ​គ្នា​តម្រង់​ក្បាល​សំពៅ​ចូល​ចត​ត្រង់​ទីនោះ​។​នាយសំពៅ​ទាំង​៧​នាក់​ឡើង​លើ​ដីគោក​ប្រទះឃើញ​ព្រះ​នាង​អាក់​អ​ពីរ​នាក់​ប្តី​ប្រពន្ធរ​ស់​នៅ​ក្នុង​ទីនោះ​ក៏​ពោល​ប្រាស្រ័យ​ទាក់ទង​ដោយ​ការគួរសម ។ ព្រះ​នាង​អាក់​អ​បបួល​នាយ​សំពៅ​ដូរ​កំណាត់សំពត់ ព្រមទាំង​ភស្តុភារ​ផ្សេងៗ​ជាមួយ​នឹង​ឈើ​ចន្ទន៍​ក្រស្នា​របស់​ព្រះ​នាង ។ នាយសំពៅ​យល់ព្រម​សុខចិត្ត​ដូរ​គ្នា ហើយ​ទើប​នាំ​ង​នាំ​នាយសំពៅ​ទាំងនោះ​ទៅ​បង្ហាញ​ឃ្លាំង​ដុំ​មាស​របស់​ព្រះ​នាង​ទៀត ។ នាយសំពៅ​បបួល​ដូរ​កំណាត់សំពត់​ជាមួយ​មាស​នោះ ប៉ុន្តែ​ព្រះ​នាង​អាក់​អ​មិន​ព្រម​។​ព្រះ​នាង​ប្រាប់​ទៅ​នាយសំពៅ​ថា​«​បើ​ចង់បាន​មាស​នេះ​ចូរ​អ្នក​ទៅ​នាំ​យក​ជាងមាស​ចំនួន​១០០​នាក់ ប្រុស ១០០​នាក់​ស្រី មក​ឲ្យ​ខ្ញុំ​សិន​»​។​គ្រា​នោះ​នាយសំពៅ​ក៏​ព្រមព្រៀង​យ៉ាង​ពេញចិត្ត ហើយ​ក៏​នាំគ្នា​បើកក្តោង​សំពៅ​វិលត្រឡប់​ទៅ​ស្រុកកំណើត​ខ្លួន​វិញ ។ ជា​ខាង​ក្រោយមក​ពេល​ដែល​ទៅ​ដល់​ស្រុក ហើយ​នាយសំពៅ​និយាយ​បញ្ចុះបញ្ចូល​អ្នកស្រុក​ដែល​ចេះ​ធ្វើ​ជាងមាស​ទាំង​ប្រុស​ទាំង​ស្រី​ចំនួន​២០០​នាក់​ដូច​ពាក្យ​នាង​ស្រី​បាន​ផ្តាំ​មក ។ កាល​បើ​បាន​គ្រប់​ចំនួន​ហើយ​នាយសំពៅ​រូតរះ​ចុះ​សំពៅ​វិលត្រឡប់​ទៅ​ស្រុក​ព្រះ​នាង​អាក់​អ​យ៉ាង​ប្រញាប់​។​នាយសំពៅ​ប្រគល់​ឲ្យ​ព្រះនាង​អាក់អ ព្រះ​នាង​ក៏​ប្រគល់​មាស​ឲ្យទៅ​គ្រប់សំពៅ​ទាំង​៧​ឲ្យគេ​វិលត្រឡប់​ទៅ​ស្រុក​វិញ​ទៅ​។​

​ចំណែក​ព្រះ​នាង​អាក់​អ​និង​ស្វាមី ក៏​បាន​ចាត់ចែង​ពួក​អ្នកស្រុក​ស្លាត​ទាំង​ប៉ុន្មាន​ដែល​មក​រស់​ជា​មួយ​ឲ្យ​អ្នកទៅ​ជួយ​គាស់​ជញ្ជូន​យក​ដុំ​មាស​មក​ពី​ភ្នំ​ឲ្យបាន​ច្រើន​ឡើង​ថែម​ទៀត អ្នក​ខ្លះ​ឲ្យ​ដំរំ​លាយ​មាស​ផែ​ធ្វើ​ជា​គ្រឿងអលង្ការ​ផ្សេងៗ​មាន​ធ្វើ​ជា​កង ចិញ្ចៀន​ជាដើម​។ លុះ​បាន​របស់របរ​ច្រើន​ហើយ តែង​មាន​ឈ្មួញ​ស្រុក​ក្រៅ​ចូល​សំពៅ​មក​ចត​ទាក់ទង​ទិញដូរ​របស់រ​បរទាំង​នោះ​ជា​ហូរហែ​។​មិនយូរប៉ុន្មាន​៥-៦​ឆ្នាំ​ប៉ុណ្ណោះ​ក៏​មាន​អ្នកស្រុក​ក្រៅ​ខ្លះៗ​ទៀត​មក​សុំ​ជ្រក​នៅ​រកស៊ី​បាន​គ្នា​កាន់តែ​ច្រើន​កុះករ​ឡើង ឯ​អ្នកស្រុក​ស្រី​ប្រុស​ដែល​មក​នៅ​យូរហើយ​នោះ​ក៏​បង្កើតបាន​ជា​កូន​ពូន​ជា​ចៅ​ថែម​ឡើង​ទៀត​ម្ល៉ោះហើយ ភូមិ​ស្រុក​នេះ​ក៏​បាន​រីកធំឡើង ហើយ​អ្នកស្រុក​ទាំងអស់ ក៏​គោរព​ដល់​ព្រះ​នាង​អាក់​អ និង​ស្វាមី​គ្រប់ៗ​គ្នា​ព្រោះ​សម្គាល់ថា​ជា​ម្ចាស់​ទីកន្លែង និង​ជា​ដង្ខៅ​នៃ​របរ​រកស៊ី​ក្នុង​ទីនោះ​។​

​ហេតុនេះហើយ បាន​ជា​ព្រះ​នាង​អាក់​អ​ដឹកនាំ​ឲ្យ​ស្វាមី​ប្រកាស​តាំងខ្លួន​ជា​ស្តេច​មួយ​ព្រះអង្គ គ្រងរាជ្យ​នៅ​តំបន់​នេះ​ឡើង​ដោយ​មាន​ព្រះនាម​ថា​ព្រះបាទ​«​សង្ខ​ចក្រ​»​និង​ព្រះ​នាង​អាក់​អ​ជា​អគ្គមហេសី​។​គ្រា​នោះ​ព្រះបាទ​សង្ខច​ក្រទ្រង់​ចាត់តាំង​ឲ្យមាន​ជា​មន្ត្រីរាជការ តាម​ក្រុម តាម​ពួក រវាង​អ្នក​ស្រុក​ទាំងអស់​នោះ​ឡើង​។ មិនតែប៉ុណ្ណោះ​ទ្រង់​ចាត់​ឲ្យ​រេហ៍ពល​ទាំងនោះ​សង់​បន្ទាយ​ធ្វើជា​កំពែង​ថ្ម​និង​ឥដ្ឋ ព័ទ្ធជុំវិញ​ឲ្យ​កើត​ជា​បរិវេណ​យ៉ាង​ធំ​មួយ​ឡើង ហើយ​សន្មត​បរិវេណ​កំពែង​នោះ​ហៅថា​«​បូរី​»​បានន័យថា​ទីក្រុង​គឺថា ជនានុជន និង​ភូមិស្ថាន​ទាំងឡាយ​ដែល​ស្ថិត​នៅក្នុង​បរិវេណ​នេះ​ទុក​ជា​អ្នកក្រុង សម្បត្តិ​ក្រុង​។​ហេតុ​នេះ​ឯង​បានជា​ជាប់​ឈ្មោះ​ទី​ភ្នំ​នេះ​ដល់​សព្វថ្ងៃ​ហៅថា «​ភ្នំ​បូរី​»​។

​កាល​បើ​សាង​បាន​ជា​ទី​បូរី​សមរម្យ មាន​កិត្តិយស​សមរម្យ សម​តាម​ប្រាថ្នា​ហើយ ព្រះបាទ​សង្ខ​ចក្រ និង​ព្រះ​អគ្គមហេសី​ទ្រង់​រំលឹក​ដល់​គុណ​អ្នក​សច្ចំ​ដែល​បាន​សន្យាថា​ជួយ​ពី​ថ្ងៃ​មុន​នោះ ព្រះអង្គ​ក៏​ចាត់​ឲ្យ​សាង​ជា​ប្រាសាទថ្មតូច​មួយ​យ៉ាង​ល្អ​ស្រស់​នៅលើ​ភ្នំ​ខាងកើត​ដែល​សព្វថ្ងៃ​ហៅ​ថា​ប្រាសាទភ្នំដា ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​អ្នក​សច្ចំ​ដែល​មាន​គុណូបការៈ​លើ​ព្រះអង្គ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com