ភ្នំពេញ៖ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ក្រុមហ៊ុនសែលកាតមានមោទនភាពដោយប្រកាសនូវកិច្ចសហការជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ដើម្បីដាក់ឱ្យដំណើរការនូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” នៅក្នុងខេត្តសៀមរាបកាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ (២៤ តុលា)។យុទ្ធនាការនេះត្រូវបានបើកសម្ភោធដាក់ឱ្យដំណើរការនៅក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយដែលធ្វើឡើងនៅឯសណ្ឋាគារសៀមរាបប៉ាស៊ីហ្វិកស្របគ្នានឹងព្រឹត្តិការណ៍ TdH-NL Annual Cluster Event ដែលមានការចូលរួមពីថ្នាក់ដឹកនាំយុវជនចំនួន ៣៥រូបរបស់អង្គការនេះនិងកុមារជាង ២០០នាក់ទៀត មកពីសាលារៀននិងក្លឹបនានានៅក្នុងខេត្តសៀមរាប។គោលបំណងសំខាន់នៃការជួបជុំរយៈពេលពីរថ្ងៃនេះគឺដើម្បីបង្កើនជំនាញឌីជីថលរបស់កុមារដោយក្នុងនោះរួមមានទាំងវិធីបង្កើតមាតិកាជុំវិញបញ្ហាដែលពួកគេកំពុងប្រឈមមុខនិងការប្រើប្រាស់បណ្តាញសង្គមដើម្បីជះឥទ្ធិពលជាវិជ្ជមានដល់អ្នកដទៃ។
លោក អៀន វ៉ាតសុន(Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថាក្រុមការងារផ្នែកទីផ្សាររបស់សែលកាត ពិតជាមានក្តីសោមនស្សបំផុតក្នុងការចែករំលែកនូវជំនាញរបស់ពួកគេរួមទាំងផ្តល់ការគាំទ្រដល់យុវជននិងថ្នាក់ដឹកនាំយុវជនលើការអភិវឌ្ឍជំនាញឌីជីថលក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីយុទ្ធនាការសុវត្ថិភាពកុមារនៅទូទាំងប្រទេសកម្ពុជាផងដែរ។
លោក Watson បានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមស្របគ្នានឹងការផ្ញើសារកាន់តែទូលំទូលាយរបស់សែលកាតដើម្បីជួយលើកកម្ពស់អក្ខរកម្មឌីជីថលដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង សម្រាប់ប្រទេសកម្ពុជាដែលមានលក្ខណៈឌីជីថលពេញលេញ ។
លោក វ៉ាត សុន បានថ្លែងបន្តថា យុវជនដ៏មានទេពកោសល្យឈានមុខទាំងពីររូបរបស់សែលកាតរួមមាន កញ្ញា រ៉េត ស៊ូហ្សាណានិងប៊ុនឡេងបានចូលរួមគាំទ្រគំនិតផ្តួចផ្តើមនេះ តាមរយៈការរៀបចំនូវសិក្ខាសាលាតាមអនឡាញ ស្តីពីការបង្កើតមាតិកានិងការគ្រប់គ្រងបណ្តាញសង្គម ។
លោក វ៉ាតសុន បានមានប្រសាសន៍ឱ្យដឹងថា៖ “យុវជនដ៏មានទេពកោសល្យទាំងពីររូបនេះ គឺមានអ្នកគាំទ្រតាមប្រព័ន្ធអនឡាញដល់ទៅជាងមួយលាននាក់ឯណោះពោលគឺបង្ហាញថាពួកគេអាចដើរតួជាគំរូដ៏ល្អមួយសម្រាប់យុវសិស្សខ្មែរ”។“ក្នុងនាមជាប្រតិបត្តិករជាទីមោទនរបស់ខ្មែរ យើងនឹងចូលរួមតស៊ូមតិដើម្បីសុវត្ថិភាពកុមារដែលជាផ្នែកមួយនៃតួនាទីរបស់យើងក្នុងការគាំទ្រដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា” ។ “ការផ្តល់ជូនដល់សិស្សានុសិស្សនូវជំនាញឌីជីថលដែលចាំបាច់សម្រាប់សុវត្ថិភាពតាមប្រព័ន្ធអនឡាញនេះគឺជាមធ្យោបាយមួយដែលយើងអាចចូលរួមជួយបានហើយយើងក៏សូមលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ មាតាបិតា និងថ្នាក់ដឹកនាំនៅតាមសហគមន៍ទាំងអស់ ឱ្យចូលរួមគាំទ្រក៏ដូចជាតាមដានយុទ្ធនាការនេះទាំងអស់គ្នា”។
លោក ហេង ពុទ្ធិកា អ្នកជំនាញខាងផ្នែកលើកកម្ពស់ការយល់ដឹងរបស់អង្គការTdH-NL បានថ្លែងឱ្យដឹងថា៖“យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសែលកាតចំពោះការចូលរួមនៅក្នុងយុទ្ធនាការនេះ។ ការចូលរួមជាមួយវិស័យឯកជនគឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការទទួលជ័យជម្នះលើការតស៊ូរបស់យើងដើម្បីសិទ្ធិកុមារ”។
ក្រុមហ៊ុនសែលកាតក៏នឹងផ្តល់ស៊ីមកាតដោយឥតគិតថ្លៃនិងគម្រោងCellcard4U ជូនដល់ថ្នាក់ដឹកនាំក្រុមទាំង ៣៥រូប ដែលជួយសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការTdH-NL នៅទីតាំងទាំង ១០ ។
ដើម្បីអបអរសាទរដល់ការដាក់ឱ្យដំណើរការយុទ្ធនាការ“គាំពារសុវត្ថិកុមារ ដើម្បីអនាគត”អង្គការ TdHបានបើកដំណើរទំព័រហ្វេសប៊ុកថ្មីមួយ ដែលអ្នកអាចស្វែងរកបានតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/2IEZhUSទំព័រហេ្វសប៊ុកនេះមានបង្ហាញជូននូវរូបស្លាកសញ្ញាយុទ្ធនាការដែលត្រូវបានបង្កើតឡើងដើម្បីជានិមិត្តរូបនៃបណ្តាសហគមន៍ដែលបានចូលរួមក្នុងការផ្តល់ខែលការពារដល់កុមារខ្មែរ ក៏ដូចជាជួយជម្រុញឱ្យពួកគេមានអនាគតភ្លឺស្វាងនិងជោគជ័យដែលពួកគេសក្តិសមនឹងទទួលបានផងដែរ។
Terre des Hommes Netherlands គឺជាអង្គការក្រៅរដ្ឋាភិបាលជួយការពារកុមារឈានមុខគេមួយដែលបានបំពេញប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។ គម្រោងរបស់អង្គការនេះ គឺផ្តោតទៅលើការការពារនិងការឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនិងអាពាហ៍ពិពាហ៍កុមារ នៅតាមបណ្តាញអនឡាញនិងអហ្វឡាញ។ អង្គការមិនមែនរដ្ឋាភិបាលមួយនេះ តែងចូលរួមសហការជាមួយរដ្ឋាភិបាលអង្គការក្នុងស្រុកសាលារៀននិងបណ្តាសហគមន៍ជាច្រើនទៀតដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់កុមារនិងហានិភ័យនៃការកេងប្រវ័ញ្ចលើកុមារ៕