ប៉ៃលិន៖ ត្រប់ស្រួចជាប្រភេទបន្លែតម្រូវការច្រើនជាប្រចាំនៅលើទីផ្សារ ហើយក៏មានអ្នកទទួលទានច្រៀនដែរ តែប្រភេទបន្លែនេះកសិករយើងដាំតិចតួចណាស់ មានរយៈពេលដាំខ្លីតែក្នុងពេល៣ខែប៉ុណ្ណោះដែលអាចបញ្ចេញលក់លើទីផ្សារបាន ។
បើតាមការដាំដុះរបស់លោក ធឿង រស់នៅក្នុងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ការដាំត្រប់ស្រួយ ដោយការភ្ជួរដីអោយស្អាត និងដាំពូជ ហើយត្រូវសំអាតស្មៅជើងក្រោមអោយបានស្អាតដើម្បីអោយដើមត្រប់លូតលាស់បានល្អ និងបានថ្លៃច្រើន ។
លោកធឿងបន្តថា នៅក្នុងខែវិច្ឆិកានេះត្រប់ស្រួយបានថ្លៃ១២០០រៀល ក្នុង១គីឡូ ដែលខុសពីឆ្នាំទៅ ត្រប់ស្រួយធ្លាក់ថ្លៃទាបមកនៅត្រឹម៧០០រៀលប៉ុណ្ណោះ ក៏ប៉ុន្តែបើនិយាយទៅដល់ទិន្នផលត្រប់ស្រួយឆ្នាំនេះបរិមាណធ្លាក់ចុះច្រើនដោយសារតែអាកាសធាតុក្តៅពេក ។
គាត់ថានៅលើផ្ទៃដីជាង១រ៉ៃ ការដាំត្រប់ស្រួយអាចទទួលបានទិន្នផលដែលបេះបានក្នុងរយៈពេល២-៣ថ្ងៃបានចំនួន ១០០-២០០គីឡូ ។
តាមការបញ្ជាក់បន្ថែមរបស់លោកធឿង ថាពីមុនមកគាត់ចាប់មុខរបរដាំដុះដំឡូងនិងពោត តែពុំសូវកាក់កបនោះទេច្រើនតែខាតទើបពេលឃើញគេដាំត្រប់ស្រួយនេះឆាប់បានផលល្អ ហើយមានទីផ្សារផងនោះទើបគាត់ងាកមកដាំត្រប់ស្រួយនេះឡើងវិញ ។
មួយរយៈកន្លងមកនេះ ការដាំត្រប់ស្រួយរបស់គាត់បានធ្វើអោយជីវភាពគាត់ធូរធាច្រើនអាស្រ័យដោយសារទីផ្សារមានតម្រូវការរៀងរាល់ថ្ងៃ ។ កញ្ញាវ៉ាត