ក្រុមហ៊ុនសែលកាតបានរៀបចំទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់រាជរដ្ឋាភិបាលមកកាន់ទីតាំងដំឡើងគ្រឿងបច្ចេកវិទ្យា 5G ដើម្បីបង្ហាញជូននូវអ៊ីនធឺណិតល្បឿនលឿនអស្ចារ្យបំផុតសម្រាប់ដាក់បម្រើជូនអតិថិជននាពេលឆាប់ៗខាងមុខនេះនៅក្នុងរាជធានីភ្នំពេញ។
ដំណើរទស្សនកិច្ចផ្លូវការនេះត្រូវបានដឹកនាំដោយអគ្គនាយកក្រុមហ៊ុនសែលកាតអ្នកឧកញ៉ាគិតម៉េងនិងអមដំណើរដោយភ្ញៀវកិត្តិយសឯកឧត្តមត្រាំអ៊ីវតឹករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។
សមាជិកជាន់ខ្ពស់នៃគណៈប្រតិភូរួមមានឯកឧត្តមខាន់សារ៉ាក់រដ្ឋលេខាធិការប្រចាំការឯកឧត្តមសុខពុទ្ធិវុធរដ្ឋលេខាធិការឯកឧត្តមជាម៉ានិតរដ្ឋលេខាធិការនិងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រីនិងឯកឧត្តមម៉ៅចរិយាប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា។
ក្រុមប្រតិភូបានអញ្ជើញទស្សនាផ្ទាល់នូវការធ្វើតេស្តបច្ចេកវិទ្យា 5G នៅក្រុមហ៊ុនសែលកាតដោយលទ្ធផលធ្វើតេស្តបានបង្ហាញនូវកម្រិតល្បឿនអ៊ីនធឺណិតដ៏លឿនអស្ចារ្យបំផុតរហូតដល់ទៅ 1.6GB ឯណោះ។
ការធ្វើតេស្តបង្ហាញជូននេះបានបង្ហាញឱ្យឃើញច្បាស់នូវការត្រៀមលក្ខណៈរួចរាល់ទៅលើផ្នែកបច្ចេកទេសនិងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនសែលកាតក្នុងការនាំយកបច្ចេកវិទ្យាថ្មីនេះមកបម្រើជូនអតិថិជននៅក្នុងឆ្នាំ 2020។
ឯកឧត្តមត្រាំអ៊ីវតឹកបានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយដំណើរវិវត្តន៍នៃគម្រោងបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនសែលកាតក្នុងការជួយគាំទ្រដល់គំនិតផ្តួចផ្តើមនៃគម្រោងសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា” ។
ប្រាកដណាស់ 5G នឹងក្លាយជាបច្ចេកវិទ្យាឈានមុខគេក្នុងការជួយជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាហើយទន្ទឹមនឹងនោះយើងក៏ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីចាប់យករាល់អត្ថប្រយោជន៍របស់វានិងធានាថាបច្ចេកវិទ្យានេះពិតជាជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដូចជាជួយលើកស្ទួយដល់វិស័យឧស្សាហកម្មក្នុងស្រុកនិងជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរ”។
យើងចង់ឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅលេចធ្លោជាងគេបំផុតផ្នែកបច្ចេកវិទ្យា 5G នៅក្នុងតំបន់អាស៊ាននិងសម្រាប់ក្រុមហ៊ុនទាំងអស់ដែលមានបំណងចង់ក្លាយជាអ្នកឈានមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាដ៏អស្ចារ្យមួយនេះ។
អ្នកឧកញ៉ាគិតម៉េងប្រធានក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ឱ្យដឹងថាលោកពិតជាមានក្តីសោមនស្សរីករាយបំផុតដែលបានបង្ហាញនូវសមត្ថភាពនិងល្បឿនអ៊ីនធឺណិតរបស់បច្ចេកវិទ្យា 5G ជូនដល់ឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូទាំងមូល។
អ្នកឧកញ៉ាបានបន្តមានប្រសាសន៍ទៀតថា៖ “ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវការយល់ដឹងនិងការប្តេជ្ញាចិត្តរបស់ MPTC ក្នុងការជួយគាំទ្រដល់ការនាំយកបច្ចេកវិទ្យា 5G មកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាក៏ដូចជាឆន្ទៈរបស់ក្រសួងក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករទៅលើបដិវត្តឧស្សាហកម្មដ៏ទំនើបអស្ចារ្យមួយនេះ”។
នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ក្រុមហ៊ុនសែលកាតនិងសម្រាប់ប្រទេសកម្ពុជាទាំងមូលដោយខណៈនេះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអាចសម្រេចទស្សនៈវិស័យរបស់ខ្លួនចំពោះការជួយគាំទ្រប្រទេសកម្ពុជាក្នុងការចាប់យកអត្ថប្រយោជន៍ដ៏សម្បើមលើសលុបនៃវិស័យឌីជីថល។
យើងបានធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធបំផុតវាងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាពិសេសផ្នែក ICT ដោយពួកយើងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណប្រយោជន៍នៃការផ្តល់សេវាកម្មអ៊ីនធឺណិត (Internet Service Provision) មាតិកាឌីជីថល (Digital Content) និងសេវាទូទាត់ប្រាក់តាមឌីជីថល Digital Payment តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងថ្ងៃអនាគត។
ក្នុងនាមជាប្រតិបត្តិករគ្រប់គ្រងដោយជនជាតិខ្មែរក្រុមហ៊ុនសែលកាតពិតជាមានមោទនភាពនិងក្តីរំភើបរីករាយបំផុតដែលក្រុមការងារទាំងមូលរបស់យើងមានឱកាសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយអនាគតប្រទេសកម្ពុជា។
គួររំលឹកផងដែរក្នុងអំឡុងខែឧសភាឆ្នាំកន្លងទៅនេះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ MPTC លើការសហការនិងការរៀបចំផែនការសម្រាប់បច្ចេកវិទ្យា 5G និងការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី២៧ខែកុម្ភៈឆ្នាំ2020 ៕