ទាន់ហេតុការណ៍
0

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ទិសដៅ​បន្ត​ឆ្នាំ​២០២២​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ទិសដៅ​បន្ត​ឆ្នាំ​២០២២​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​

ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ប្រារព្ធ​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១​និង​ទិសដៅ​បន្ត​ឆ្នាំ​២០២២​ថ្មីៗ​នេះ​ឋិត​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​។​

យោងតាម​របាយការណ៍​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​បង្ហាញ​ឱ្យឃើញ​ថា​ឆ្នាំ​២០២២​គឺជា​ឆ្នាំ​ទី​៤​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជនបទ​២០១៩-២០២៣​ដែល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ដាក់ចេញ​នូវ​គោលបំណង​គោលនយោបាយ​ចម្បង​គឺ​« ការលើកកម្ពស់​គុណភាព​និង​គុណ​តម្លៃ​នៃ​ជីវិត​រស់នៅ​របស់​ប្រជាជន​ជនបទ​ប្រកប​ដោយ​បរិយាប័​ន្ន ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម​និង​វប្បធម៌​» និង​បាន​កំណត់​យក​សរសរ​ស្តម្ភ​៤​ដែល​ដើរតួ​ជា​កម្មវិធី​អាទិភាព​គឺ​៖

ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​និង​គមនាគមន៍ , ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ​, ការធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​ជនបទ និង​ការពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល​និង​កិច្ចការ​ទូទៅ​។​ទន្ទឹម​នេះ​ក្រសួង​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការងារ​ជា​សារវ័ន្ត​ចំនួន ៧​គឺ ៖
​១. កែលម្អ​ស្ថានភាព​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រជាជន​ជនបទ​
​​២. កាត់បន្ថយ​ជា​បណ្តើរៗ​នូវ​ភាពក្រីក្រ​និង​ភាពខុសគ្នា​រវាង​អ្នក​ជនបទ​និង​អ្នកទីក្រុង​
​​៣. ជម្រុញ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​បឋម​សំដៅ​បើកទូលាយ​ដល់​ប្រជាពលរដ្ឋ​ជ្រើសរើស​មុខរបរ​ថ្មី​បន្ថែម​
​​៤. លើកកម្ពស់​ផលិតភាព​និង​ប្រាក់​ចំណូល​
​​៥. អភិវឌ្ឍន៍ជនបទ​ប្រកបដោយ​ចីរភាព​
​​៦. កម្មវិធី​អភិវឌ្ឍន៍ជនបទ​ចម្រុះ​ថ្នាក់​គ្រួសារ ភូមិ ឃុំ ដូចជា អភិវឌ្ឍន៍​ផ្លូវលំ​ជនបទ​, ការផ្គត់ផ្គង់​ទឹក​ជនបទ​, ការថែទាំ​សុខភាព​បឋម , ការអភិវឌ្ឍ​សហគមន៍​, និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​។​
​​៧. ការពង្រឹង​រចនាសម្ព័ន្ធ​អភិវឌ្ឍន៍ជនបទ​គ្រប់​ជាន់ថ្នាក់​។​

​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជនបទ​រយៈ​កាល​៣​ឆ្នាំ​កន្លងទៅនេះ​ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រេចបាន​លទ្ធផល​ក្នុង​ឆ្នាំ​ជា​ច្រើន​គួរឱ្យ​កត់សម្គាល់​ទោះជា​ស្ថិតក្នុង​ស្ថានភាព​រីក​រា​ល​ដាល​នៃ​ជំងឺ​កូវី​ដ​១៩​ក៏ដោយ ហើយ​បាន​និង​កំពុង​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជម្រុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជនបទ​ប្រកប​ដោយ​បរិយា​ប័ន្ន​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​បរិស្ថាន​។​

​ដើម្បី​ធានា​សម្រេច​ឱ្យបាន​នូវ​សរសរ​ស្តម្ភ​ទាំង​៤ និង​ការងារ​ជា​សារ​វ័ន្ត​ទាំងអស់​ខាងលើ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់ ក្រសួង​អភិវឌ្ឍន៍ជនបទ បានកំណត់​សូចនាករ​មេ​សំខាន់ៗ​ចំនួន​១១​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល​សមិទ្ធកម្ម​ប្រចាំឆ្នាំ​២០២១​រួមមាន​៖ ជួសជុល និង​ថែទាំ​ផ្លូវ​ជនបទ ឱ្យ​បាន​ប្រវែង​៤ ១០២,៧០​គ​.​ម , ស្ថាបនា​ពង្រីក​វិសាលភាព​និង​កែលម្អ​លើក​កម្រិត​ផ្លូវ​ជនបទ​ឱ្យបាន​ប្រវែង ៥០០​គ​.​ម​, អត្រា​ប្រជាជន​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ជនបទ ឱ្យ​បាន​ចំនួន​៧៨% , អត្រា​ប្រជាជន​នៅ​ជនបទ​ទទួល​សេវា​អនាម័យ​ល្អ​ឱ្យបាន​ចំនួន​៨៤% , ត្រូវ​ជម្រុញ​ឱ្យបាន​យ៉ាង​តិច​មួយ​ខេត្ត សម្រេច​បាន​កម្មវិធី​បញ្ឈប់​ការ​បន្ទោប​ង់​ពាសវាល​ពាសកាល​(ODF) , បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចល័ត​ឱ្យបាន​យ៉ាងតិច​៥​ខេត្ត​, បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​មូលដ្ឋាន​ជូន​ដល់​ប្រជាពលរដ្ឋ​ជនបទ​ឱ្យ​បាន​ចំនួន ១៥០០០​នាក់ , ផ្តួចផ្តើម​បង្កើត សហគ្រាស​ខ្នាត​តូច​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​បន្ទា​
​ប់​ពី​ទទួលបាន​ការបណ្តុះបណ្តាល​ឱ្យ​បាន​ចំនួន ៣៥០​សហគ្រាស​ក្នុង​មួយ​គ្រួសារ , ពង្រឹង​សមត្ថភាព​មន្ត្រី​រាជការ​ក្រសួង​ឱ្យបាន​យ៉ាងតិច​៨០​ម៉ោង​ក្នុង​មួយឆ្នាំ និង​ចំនួន​៦០​ម៉ោង​ក្នុង​មន្ត្រី​ម្នាក់ , និង​កំណត់​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​ឱ្យបាន​ចំនួន ១៧៣​សហគមន៍​។​

​យោងតាម​របាយការណ៍​ក្នុង​ឆ្នាំ​២០២១​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ​សម្រេច​បាន​សមិទ្ធផល​ធំៗ​ជាច្រើន និង​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការអនុវត្ត​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ពិសេស​ក្នុង​ដំណាក់កាល​ទី​៣ គឺ​ការផ្សារភ្ជាប់​ថវិកា​ទៅ​នឹង​គោលនយោបាយ ក្នុង​នោះ​ក្រសួង​បាន​បង្កើត​គណៈកម្មាធិកា​រ​គោលនយោបាយ និង​ថវិកា​ដែលមាន ឯកឧត្តម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី ជា​ប្រធាន​តាម​សេចក្តីសម្រេច​លេខ ១២០/២១ ក​.​អ​.​ជ​.​សសរ ចុះ​ថ្ងៃ​ទី ៣ ខែ​សីហា ឆ្នាំ​២០២១​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​បាន​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​គោលនយោបាយ​ក្រសួង​ឱ្យ​ក្លាយជា​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ​ឆ្នាំ​២០២១-២០២៣ ដោយ​កំណត់​យក​ចក្ខុវិស័យ «​កសាង​សង្គម​ជនបទ​ស៊ីវីល័យ​ឆ្នាំ​២០២៣» និង​មាន​គោលនយោបាយ​អាទិភាព​ចំនួន​ពីរ​។​ស្តែង​ចេញ​ពី​គោលនយោបាយ​ខាងលើ ក្រសួង​បាន​រៀបចំ​ផែនការ​វិនិយោគ​សាធារណៈ​បី​ឆ្នាំ​រំកិល​ឆ្នាំ ២០២១-២០២៣​ដោយ​សម្រេច​បាន​គម្រោង​វិនិយោគ​សរុប​ចំនួន ៤០​គម្រោង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៤៦៣ ១៦៩ ៨០០ ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​៣​ឆ្នាំ ( ២០២១-២០២៣ ) ដោយ​ក្នុង​នោះ​គម្រោង​កំពុង​ដំណើរការ​មាន​ចំនួន​១១​គម្រោង មាន​ទឹកប្រាក់​សរុប​ចំនួន ៣៧០ ៩៤៨ ៩០០ ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២១-២០២៣ និង​ទឹកប្រាក់​ចំនួន ១១២ ៦៧៥ ៦០០ ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២១, គម្រោង​ជំនួយ​បច្ចេកទេស​កំពុងដំណើរកា​រ​មាន​ចំនួន​៧​គម្រោង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៩ ៨៦០ ៩០០ ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២១-២០២៣ និង​ទឹកប្រាក់​ចំនួន ៣ ២៦៣ ១០០ ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២១, និង​គម្រោង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​មាន​ចំនួន ២២​គម្រោង​។ គម្រោង​វិនិយោគ​សាធារណៈ (PIP) គឺជា​គម្រោង​ជំនួយ​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​រួមមាន​៖ ទេ្វរ​ភាគី និង​ពហុភាគី​។ គម្រោង​វិនិយោគ​ទាំងនេះ​បាន​ជួយ​ជម្រុញ​ការ​អភិឌ្ឍនៅ​តំបន់​ជនបទ​ឱ្យមាន​សន្ទុះ​យ៉ាង​លឿន ពិសេស​បាន​រួមចំណែក​អភិវឌ្ឍន៍​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​និង​ទន់ និង​លើក​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ជនបទ​បាន​ល្អ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់​។

ជាមួយគ្នានេះ ក្រសួង​បាន​យកចិត្តទុកដាក់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២២-២០២៤ ដោយ​បាន​ធ្វើ​សមា​ហ​រន្តកម្ម​ថវិកា​វិនិយោគ និង​ថវិកា​ចរន្ត​បញ្ចូល​គ្នា​តាម​កម្មវិធី អនុ​កម្មវិធី ដោយ​រក្សា​គម្លាត​ថវិកា​រវាង​ថវិកា​កម្មវិធី និង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ចំនួន ១០,៨% ដែល​ក្នុងនោះ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២១-២០២៣ គ្រោង ៣០៨ ៤៦៧,១០ លាន​រៀល ខណៈ​ផែនការ​ថវិកា​ឆ្នាំ​២០២១​មាន​ចំនួន ៣៣៤ ៣៥៥​លាន​រៀល ដែល​អាច​ឆ្លើយតបបាន​នឹង​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​បាន​កំណត់​ក្នុង​រង្វង់ ១០%​។ ទន្ទឹមនេះ ក្រសួង​បាន​រៀបចំ​សៀវភៅ​គោលការណ៍​ណែនាំ​ការគ្រប់គ្រង​ថវិកា​កម្មវិធី និង​អនុ​កម្មវិធី​ឆ្នាំ ២០២១ ដើម្បី​ផ្តល់​នូវ​ការអនុវត្ត​ថវិកា​ឱ្យមាន​ប្រសិទ្ធភាប និង​ស័ក្តិ​សិទ្ធ​ភាព រក្សា​បាន​តុល្យភាព​នៃ​ការ​លំហូរ​សាច់ប្រាក់ និង​ធានា​និរន្ត​ភាព​ការអនុវត្ត​ផែនការ​សកម្មភាព​ពី​ដើម​ឆ្នាំ​ដល់​ចុងឆ្នាំ​។ ក្នុង​ការវិភាជន៍​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ ក្រសួង​បាន​បង្កើត​ក្រុម​ការងារ​ថវិកា​ដើម្បី​ផ្តល់​ការណែនាំ រៀបចំ និង​បែងចែក​កញ្ចប់​ថវិកា​ទៅ​តាម​កម្មវិធី​អាទិភាប​នី​យ​មួយៗ​របស់​ក្រសួង​។​

ថវិកា​ឆ្នាំ ២០២១​ក្រសួង​ទទួល​បាន​ចំនួន ៣៣៤ ៣៥៥ លាន​រៀល ដោយ​បាន​បែងចែក​ទៅ​កម្មវិធី​ទី​១ ស្តីពី​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ថ រូបវ័ន្ត និង​គមនាគមន៍ ចំនួន ២៦៧ ៥៩៩ លាន​រៀល ស្មើនឹង ៨០% សម្រាប់​រៀបចំ​ផ្លូវ​ជនបទ​ក្នុងប្រទេស​កម្ពុជា , កម្ម​វិធី​ទី​២ ស្តី​ពី​ការកែ​ល​ម្ពលក្ខ​ខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ ចំនួន​១១ ៣៤៧,៦​លាន​រៀល ស្មើនឹង ៣,៣៩% សម្រាប់​លើកកម្ពស់​សុខភាព​អនាម័យ​ជនបទ​ឱ្យបាន​ប្រសើរ​។​

​របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា​ជារួម ទោះ​ស្ថិតក្នុង​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ និង​គ្រោះ​ទឹកជំនន់​ក៏ដោយ ក៏​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅតែ​អាច​ជំនះបាន​នូវ​រាល់​ការ​ប្រឈម និង​ផល​លំបាក​នានា​ក្នុង​ការអនុវត្ត​ផែនការ​ប្រចាំឆ្នាំ​បាន​ដោយ​ជោគជ័យ​តាម​ការគ្រោងទុក​។ លទ្ធផល​ដែល​សម្រេច​បាន​ខាងលើនេះ គឺ​អាស្រ័យ​លើ​កត្តា​សុខសន្តិភាប ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម​ដោយ​មាន​ការគាំទ្រ និង​ចូលរួម​យ៉ាង​ពេញទំហឹង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដ៏​ត្រឹមត្រូវ​ច្បាស់លាស់ និង​ឆ្លើយតប​ចំ​គោលដៅ​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​និង​លើកកម្ពស់​ឧត្តមប្រយោជ​ន៍​ជាតិ​។ លទ្ធផល​ទាំងនេះ ក៏​ឆ្លុះបញ្ចាំង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង និង​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​គ្រប់​ថ្នាក់ គ្រប់ផ្នែក ការគាំទ្រ និង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ ការគាំទ្រ និង​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម​។

ដោយ​ផ្អែក​លើ​លទ្ធផល​ជា​ស្នាដៃ​ខាង​លើ​នេះ និង​ដោយ​មាន​កត្តា​រួមផ្សំ​ជាច្រើន​ដែល​បង្ក​នូវ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ផង​នោះ នៅ​ឆ្នាំ​២០២២​ខាងមុខនេះ ក្រសួង​នឹង​ប្តេជ្ញា​បន្ត​កែលម្អ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍ជនបទ ឆ្នាំ​២០២១-២០២៣ ផែនការ​យុទ្ធសាស្ត្រ​ថវិកា ២០២៣-២០២៥ ផែនការ​ថវិកា​ឆ្នាំ​២០២៣ ស្របតាម​គោលនយោបាយ​ថ្មី ដើម្បី​បង្កើន​ផលិតភាព ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​អនុវត្ត​ថវិកា ធានា​ដោះស្រាយ​បញ្ហា​និង​ការ​ប្រឈម​នានា ជូន​ប្រជាពលរដ្ឋ​ជនបទ​ឱ្យ​កាន់តែ​សកម្ម សំដៅ​រួមចំណែក​ប្រែក្លាយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ​២០២៣ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ឆ្នាំ​២០៥០៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com