ក្រោយការបើកទ្វារប្រទេសឡើងវិញរបស់ប្រមុខរាជរដ្ឋាភិបាល ជាក្តីមោទនភាពបំផុត ដែលធ្វើឱ្យសេវាកម្មវិស័យទេសចរណ៍ក្នុងស្រុកងើបឡើងវិញ ពិសេសសេវាកម្មទេសចរណ៍ព្រៃភ្នំនេះតែម្តង ។
ដោយឡែក សេវាកម្មទេសចរណ៍ជាលក្ខណៈគ្រួសារ ឬជាកញ្ចប់បានចាប់ផ្តើមបើកបម្រើការភ្ញៀវក្នុងស្រុក ក្នុងនោះបើតាមលោក ចំរ៉ុង អ្នកបើកឡានដឹកភ្ញៀវទេសចរណ៍ក្នុងស្រុកបាននិយាយថា របៀបបម្រើសេវាកម្មទេសចរណ៍ ដោយដឹកភ្ញៀវក្នុងស្រុកទៅកំសាន្តគ្រប់ទីកន្លែងដែលភ្ញៀវចង់បាន ដូចជាតំបន់ទេសចរណ៍ព្រៃភ្នំ មានទៅកំសាន្តភ្នំត្បែងជាដើម លោក ចំរ៉ុង បន្តទៀតថា ក្នុងការបម្រើសេវាកម្មនេះគឺគិតថ្លៃ ០៣ថ្ងៃ ០២យប់ ទាំងទៅទាំងមក ទាំងការហូបចុក និងការស្នាក់នៅផងដែរ ។ ក្នុងនោះតម្រូវការបម្រើភ្ញៀវដោយដឹកភ្ញៀវមកដល់ត្រឹមជើងភ្នំត្បែង ហើយត្រូវចាប់ផ្តើមឡើងដោយជិះគោយន្តបន្តទៀត ។
ក្នុងកម្មវិធីដំណើរកំសាន្ត ៣ថ្ងៃ២យប់នេះ យកថ្លៃក្នុង ០១នាក់ ៩៥ដុល្លារ ដោយក្នុងនោះភ្ញៀវក្នុងស្រុកអាចដើរកំសាន្តក្នុងតំបន់ភ្នំត្បែងមាន កន្លែងទឹកធ្លាក់ ៣ជាន់ វត្តថ្មបីដុំ វត្តដំបូកខ្មៅ ទស្សនាបឹងទំនប់ ៩៥ ទឹកធ្លាក់បេងកោង និងភ្នំត្បែងរីស៊ក ដែលជាតំបន់ទេសចរណ៍ព្រៃភ្នំ និងក៏ជាកន្លែងទឹកដីពិសិដ្ឋផងដែរ។
លោក ចំរ៉ុង អ្នកបម្រើសេវាកម្មទេសចរណ៍រូបនេះបានបញ្ជាក់ថា សេវាកម្មនេះទើបនឹងបើកក្រោយស្ងាប់ស្ងាត់ជំងឺកូវិដ-១៩ ហើយក៏មានការនិយមចូលចិត្តច្រើនរបស់ប្រជាពលរដ្ឋយើងក្នុងស្រុក ដែលតែងតែដើរកំសាន្តដងភ្នំ និងតាមមាត់សមុទ្រ ។