បទចម្រៀង«អារសាច់ជូនម្ដាយ» ច្រៀងដោយលោកស៊ីន ស៊ីសាមុត ប្រិយមិត្តអ្នកស្ដាប់ទូទៅស្គាល់បទនេះ អ្នកខ្លះចូលចិត្តច្រៀងលេងទៀតផង ។ មានប្រវត្តិមួយចំនួនបង្កប់នៅក្នុងបទចម្រៀងនេះ តើលោកអ្កចង់ដឹងទេ ?
លោកគង្គ ប៊ុនឈឿន បានសរសេរក្នុងឯកសាររបស់លោកថា កាលពីឆ្នាំ១៩៦៦ បានសរសេរប្រលោមលោកមួយឈ្មោះថា «អារសាច់ជូនម្តាយ» ផ្សាយក្នុងទំព័រសារព័ត៌មាន «សុវណ្ណភូមិ» ដែលកាលណោះលោកជាអ្នកនិពន្ធប្រចាំសារព័ត៌មាននោះ ហើយក្រោយឆ្នាំ១៩៧០ លោកក៏ជានិពន្ធនាយក និងជាចាងហ្វាងនយោបាយប្រចាំសារព័ត៌មាននោះទៀតផង ។
ដោយសាររឿង «អារសាច់ជូនម្តាយ» ជាប្រលោមលោកផ្នែកជីវិតសោក ដែលទាក់ទាញអារម្មណ៍អ្នកអានទូទៅ ទើបនៅអំឡុងឆ្នាំ១៩៦៧-១៩៦៨ លោកកា ឆាយលាង ហៅសារ៉ាវុធ ដែលជាចាងហ្វាងផលិតកម្មប្រាសាទមាសភាពយន្ត បានទាក់ទងសុំទិញសិទ្ធិរឿង នេះយកទៅថតជាខ្សែភាពយន្ត ។
ដោយយល់ឃើញថា លោកគង្គ ប៊ុនឈឿនជាម្ចាស់រឿងនេះស្រាប់ លោកសារ៉ាវុធបានសំណូមពរឱ្យលោកតាក់តែងបទចម្រៀង២បទសម្រាប់ បញ្ចូលទៅក្នុងខ្សែភាពយន្តនេះដែរ គឺបទ «អារសាច់ជូនម្តាយ» និងបទ «រសស្នេហ៍ឧត្តម» ។
ក្រោយពីបានតាក់តែងទាំងបទភ្លេងទាំងទំនុកច្រៀងរួចហើយ លោកគង្គ ប៊ុនឈឿន បានប្រគល់ឱ្យលោកហាស់ សាឡន ធ្វើARRANGEMENT និងដឹកនាំវង់តន្ត្រីចម្រុះមួយ ដែលមានលោកស៊ីន ស៊ីសាមុត និងអ្នកនាងរស់ សេរីសុទ្ធា ជាអ្នកបកស្រាយមនោសញ្ចេតនា ។
លោកគង្គ ប៊ុនឈឿន នៅចាំបានថា នៅពេលថតបទ «អារសាច់ជូនម្តាយ» នៅក្នុងស្ទូឌីយោរបស់អ្នកស្រីវណ្ណ ចន្ទ លោកស៊ីន ស៊ីសាមុត នឿយហត់ជាខ្លាំងក្នុងការច្រៀងបទនេះ គឺថតចំនួន១១ដង ទើបសម្រេចយកជាការបាន ដោយ MELODIE របស់បទនេះមានទំនួញតឹងពិបាកច្រៀង ហើយរវល់តែខុសនេះខុសនោះមិនចេះចប់ ។ នៅ CODA ចុងក្រោយ លោកស៊ីន ស៊ីសាមុតខំស្រែកទាល់តែហើបជើងពីដី ទើបដល់ «តុង» (TON) ដែលត្រូវយក ។ ពេលនោះលោកគង្គ ប៊ុនឈឿន ឃើញខ្នងលោកស៊ីន ស៊ីសាមុតបែកញើសរហាម ព្រោះទម្លាប់របស់គាត់ពេលច្រៀងនៅក្នុង ស្ទូឌីយោមិនដែលពាក់អាវទេ គឺដៃទាំងពីរកាន់មុងដូលីន និងត្រែះចង្វាក់ជាប់ជានិច្ច ឯភ្នែករំពៃតាមដានមើល NOTE ABCD និងទំនុកច្រៀង ដែលដាក់នៅលើ PORTE-NOTE ឥតខ្ចោះ ។
ដោយសារបទ «អារសាច់ជូនម្តាយ» មានខ្លឹមសាររិះគន់ជីវិតនៃស្នេហាប្រកាន់វណ្ណៈ ទើបនៅពេលចាក់ផ្សាយក្នុងខ្សែភាពយន្តធ្វើឱ្យអ្នកស្តាប់គ្រប់ មជ្ឈដ្ឋានភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ហើយល្បីល្បាញជ្រាបចូលក្នុងមនោសញ្ចេតនារបស់ទស្សនិកជនយ៉ាងរហ័សជាទី បំផុត ពិសេសគឺស្រទាប់យុវវ័យ ។
នៅពេលថតចប់ភ្លាម លោកគង្គ ប៊ុនឈឿន បារម្ភក្រែងបទអារសាច់ជូនម្ដាយ ចេញមិនរួច ព្រោះប៉ះពាល់ដល់ភាពគ្រោតគ្រាតរបស់សង្គមមនុស្សនាសម័យនោះ ចំៗពេក ប៉ុន្តែ ដោយហេតុថា ចុងប៉ាកការបស់លោកមានសច្ចធម៌ពិតប្រាកដ ទើបបទនេះបានហូរចេញពីបេះដូងរបស់លោកទៅបម្រើអ្នកស្តាប់ខ្មែរ ទាំងអស់ដោយគ្មានអ្វីរារាំងទប់ស្កាត់បានឡើយ ។
បទចម្រៀង «អារសាច់ជូនម្តាយ» និពន្ធបទភ្លេង និងទំនុកចម្រៀងដោយលោកគង្គ ប៊ុនឈឿន, សម្រួលតន្ត្រីដោយហាស់ សាឡន និងច្រៀងដោយលោកស៊ីន ស៊ីសាមុត ។ បទនេះរាយទំនុកថា ៖
ផ្តើម៖ កូនសូមអារសាច់ជូនម៉ែ!… អារសាច់ជូនម្តាយ!…
១- សូមលើកម្រាមដប់ខ្ចប់ទាំងលោហិត ក្លិនឈាមនរកជីវិត ប្រឌិតដំបៅវាសនា ដង្កូវក្នុងជ្រាំរេរាំក្នុងទងបុប្ផា លុបលាងខ្នោះឃ្នាងផ្កាស្លា ប្រហារជូនម៉ែទាំងអស់ ។
២-លោហិតកូនហូរ ថ្ងូរប្រាប់ផែនដី លាហើយវណ្ណៈរាជសីហ៍ ដែលស្រីបណ្តុះឥតឈ្មោះ ងូតលាងខ្ទុះឈាមលុបស្នាមស្នេហ៍ដែលរបួស អារសាច់ជូនឈាមយ៉ាងស្មោះ ចំពោះទឹកដោះម្តាយថ្លៃ ។
បន្ទរ-បាតជើងអ្នកមានលើស្ពានអ្នកក្រ ម៉ែប្រាប់ឱ្យកូនត្រដរ តស៊ូយូរឆាប់គង់ផុតអវីចី ស្នេហ៍ក្មេងចិត្តក្មេងប្រឡែងតែទុក្ខរុនរានរាល់ថ្ងៃ ស៊ូអារសាច់ជូនម្តាយថ្លៃ លោកីយ៍គង់មិនធរមាន ។
៣-សូរសៀងអង្រឹងកូនដឹងទាំងអស់ ខ្លួនទាបមិនត្រូវឈោងខ្ពស់ ក្រែងគ្រោះទ្រូងស្រីទន្ទ្រាន ស្នូរភ្លេងកែវស្រាទាសាសម្រាប់អ្នកមាន ខ្លួនយើងបីដូចតិរច្ឆាន រស់បានតែនឹងទឹកភ្នែក ។
តាមរយៈសំឡេងមាសរបស់លោកស៊ីន ស៊ីសាមុត បទ «អារសាច់ជូនម្តាយ» បានស្ថិតនៅជានិច្ចក្នុងដួងចិត្តមហាជនខ្មែររហូតមកទល់ពេល បច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះបទនេះបានធ្វើឱ្យកម្រើករញ្ជួយដល់មនោសញ្ចេតនារបស់ យុវវ័យជំនាន់់ក្រោយទៀត តាមរយៈការថតបញ្ចូលក្នុងខ្សែវីដេអូរឿង «ព្រះគុណម៉ែ» ឬ«អារសាច់ជូនម្តាយ» ដែលលោកគង្គ ប៊ុនឈឿន បានរៀបចំផលិតឡើងសាជាថ្មី ដើម្បីឧទ្ទិសដល់អតីតកាលដ៏គួរឱ្យសោកស្តាយនោះ ។
មានអ្នកស្តាប់ខ្លះឆ្ងល់ ហើយសួរលោកគង្គ ប៊ុនឈឿនថា ហេតុម្តេចក៏ INTRODUCTION របស់បទ «អារសាច់ជូនម្តាយ» មានស្រែកថា «កូនសូមអារសាច់ជូនម៉ែ» ផង និង « កូនសូមអារសាច់ជូនម្តាយ» ថែមទៀត ?
លោកគង្គ ប៊ុនឈឿន បញ្ជាក់ថា មុនដំបូងឃ្លាដែលស្រែកថា «កូនសូមអារសាច់ជូនម៉ែ!…នោះ គឺតួអង្គស្រែកចំពោះម្តាយរបស់ខ្លួន ! ឯឃ្លាទី២ ដែលថា « អារសាច់ជូនម្តាយ» នោះ គឺតួអង្គខំស្រែកប្រកាសចំពោះពិភពផែនដីទាំងមូល ។ នេះជាវិធីសាស្ត្ររបស់អ្នកនិពន្ធ ដែលធ្វើឱ្យសាច់បទកាន់តែមានមនោសញ្ចេតនាជ្រាលជ្រៅខ្លាំងឡើង និងប្លែកពីគេ… ៕
លីតា