ទាន់ហេតុការណ៍
0

បទ​ចម្រៀង​«​អារ​សាច់​ជូន​ម្ដាយ​» ពីដំបូង​អ្នកនិពន្ធ​បារម្ភ​ចេញផ្សាយ​មិន​រួច ព្រោះ​អ្វី ?

បទ​ចម្រៀង​«​អារ​សាច់​ជូន​ម្ដាយ​» ពីដំបូង​អ្នកនិពន្ធ​បារម្ភ​ចេញផ្សាយ​មិន​រួច ព្រោះ​អ្វី ?

បទ​ចម្រៀង​«​អារ​សាច់​ជូន​ម្ដាយ​» ច្រៀង​ដោយ​លោក​ស៊ីន ស៊ី​សាមុត ប្រិយមិត្ត​អ្នក​ស្ដាប់​ទូទៅ​ស្គាល់​បទ​នេះ អ្នកខ្លះ​ចូលចិត្ត​ច្រៀង​លេង​ទៀតផង ។ មាន​ប្រវត្តិ​មួយចំនួន​បង្កប់​នៅក្នុង​បទ​ចម្រៀង​នេះ តើ​លោក​អ្ក​ចង់ដឹងទេ ?

​លោក​គ​ង្គ ប៊ុន​ឈឿន បាន​សរសេរ​ក្នុង​ឯកសារ​របស់​លោក​ថា កាលពី​ឆ្នាំ​១៩៦៦ បាន​សរសេរ​ប្រលោមលោក​មួយ​ឈ្មោះថា «​អារ​សាច់​ជូន​ម្តាយ​» ផ្សាយ​ក្នុង​ទំព័រសារព័ត៌មាន «​សុវណ្ណ​ភូមិ​» ដែល​កាលណោះ​លោក​ជា​អ្នកនិពន្ធ​ប្រចាំ​សារព័ត៌មាន​នោះ ហើយ​ក្រោយ​ឆ្នាំ​១៩៧០ លោក​ក៏​ជា​និពន្ធ​នាយក និង​ជា​ចាងហ្វាង​នយោបាយ​ប្រចាំ​សារព័ត៌មាន​នោះ​ទៀត​ផង ។​

​ដោយសារ​រឿង «​អារ​សាច់​ជូន​ម្តាយ​» ជា​ប្រលោមលោក​ផ្នែក​ជីវិត​សោក ដែល​ទាក់ទាញ​អារម្មណ៍​អ្នកអាន​ទូទៅ ទើប​នៅ​អំឡុង​ឆ្នាំ​១៩៦៧-១៩៦៨ លោក​កា ឆាយលាង ហៅ​សា​រ៉ាវុធ ដែល​ជា​ចាងហ្វាង​ផលិតកម្ម​ប្រាសាទ​មាស​ភាពយន្ត បាន​ទាក់ទង​សុំ​ទិញ​សិទ្ធិ​រឿង នេះ​យក​ទៅ​ថត​ជា​ខ្សែភាពយន្ត ។​

​ដោយ​យល់ឃើញថា លោក​គ​ង្គ ប៊ុន​ឈឿន​ជា​ម្ចាស់​រឿងនេះ​ស្រាប់ លោក​សា​រ៉ាវុធ​បាន​សំណូមពរ​ឱ្យ​លោក​តាក់តែង​បទ​ចម្រៀង​២​បទ​សម្រាប់ បញ្ចូល​ទៅក្នុង​ខ្សែភាពយន្ត​នេះដែរ គឺ​បទ «​អារ​សាច់​ជូន​ម្តាយ​» និង​បទ «​រស​ស្នេហ៍​ឧត្តម​» ។​

​ក្រោយពី​បាន​តាក់តែង​ទាំង​បទ​ភ្លេង​ទាំង​ទំនុកច្រៀង​រួចហើយ លោក​គ​ង្គ ប៊ុន​ឈឿន បាន​ប្រគល់ឱ្យ​លោក​ហាស់ សាឡ​ន ធ្វើ​ARRANGEMENT និង​ដឹកនាំ​វង់​តន្ត្រី​ចម្រុះ​មួយ ដែល​មាន​លោក​ស៊ីន ស៊ី​សាមុត និង​អ្នកនាង​រស់ សេរី​សុទ្ធា ជា​អ្នក​បកស្រាយ​មនោសញ្ចេតនា ។​

​លោក​គ​ង្គ ប៊ុន​ឈឿន នៅ​ចាំបាន​ថា នៅពេល​ថត​បទ «​អារ​សាច់​ជូន​ម្តាយ​» នៅក្នុង​ស្ទូឌីយោ​របស់​អ្នកស្រីវ​ណ្ណ ចន្ទ លោក​ស៊ីន ស៊ី​សាមុត នឿយហត់​ជាខ្លាំង​ក្នុងការ​ច្រៀង​បទ​នេះ គឺ​ថត​ចំនួន​១១​ដង ទើប​សម្រេច​យកជាការ​បាន ដោយ MELODIE របស់​បទ​នេះ​មាន​ទំនួញ​តឹង​ពិបាក​ច្រៀង ហើយ​រវល់​តែ​ខុស​នេះ​ខុស​នោះ​មិនចេះចប់ ។ នៅ CODA ចុងក្រោយ លោក​ស៊ីន ស៊ី​សាមុត​ខំ​ស្រែក​ទាល់តែ​ហើប​ជើង​ពី​ដី ទើប​ដល់ «​តុង​» (TON) ដែល​ត្រូវ​យក ។ ពេលនោះ​លោក​គ​ង្គ ប៊ុន​ឈឿន ឃើញ​ខ្នង​លោក​ស៊ីន ស៊ី​សាមុត​បែកញើស​រហាម ព្រោះ​ទម្លាប់​របស់​គាត់​ពេល​ច្រៀង​នៅក្នុង ស្ទូឌីយោ​មិន​ដែល​ពាក់អា​វ​ទេ គឺ​ដៃ​ទាំង​ពីរ​កាន់​មុង​ដូលីន និង​ត្រែះ​ចង្វាក់​ជាប់​ជានិច្ច ឯភ្នែក​រំពៃ​តាមដាន​មើល NOTE ABCD និង​ទំនុកច្រៀង ដែល​ដាក់​នៅ​លើ PORTE-NOTE ឥតខ្ចោះ ។​

​ដោយសារ​បទ «​អារ​សាច់​ជូន​ម្តាយ​» មាន​ខ្លឹមសារ​រិះគន់​ជីវិត​នៃ​ស្នេហា​ប្រកាន់វណ្ណៈ ទើប​នៅ​ពេល​ចាក់​ផ្សាយ​ក្នុង​ខ្សែភាពយន្ត​ធ្វើឱ្យ​អ្នក​ស្តាប់​គ្រប់ មជ្ឈដ្ឋាន​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ខ្លាំង ហើយ​ល្បីល្បាញ​ជ្រាប​ចូលក្នុង​មនោសញ្ចេតនា​របស់​ទស្ស​និក​ជន​យ៉ាង​រហ័ស​ជាទី បំផុត ពិសេស​គឺ​ស្រទាប់​យុវវ័យ ។​

​នៅពេល​ថត​ចប់​ភ្លាម លោក​គ​ង្គ ប៊ុន​ឈឿន បារម្ភ​ក្រែង​បទ​អារ​សាច់​ជូន​ម្ដាយ ចេញ​មិន​រួច ព្រោះ​ប៉ះពាល់​ដល់​ភាព​គ្រោតគ្រាត​របស់​សង្គម​មនុស្ស​នា​សម័យ​នោះ ចំៗ​ពេក ប៉ុន្តែ ដោយហេតុ​ថា ចុង​ប៉ាកកា​របស់​លោក​មាន​សច្ចធម៌​ពិតប្រាកដ ទើប​បទ​នេះ​បាន​ហូរ​ចេញពី​បេះដូង​របស់​លោក​ទៅ​បម្រើ​អ្នក​ស្តាប់​ខ្មែរ ទាំងអស់​ដោយ​គ្មាន​អ្វី​រារាំង​ទប់ស្កាត់​បាន​ឡើយ ។​

​បទ​ចម្រៀង «​អារ​សាច់​ជូន​ម្តាយ​» និពន្ធ​បទ​ភ្លេង និង​ទំនុក​ចម្រៀង​ដោយ​លោក​គ​ង្គ ប៊ុន​ឈឿន​, សម្រួល​តន្ត្រី​ដោយ​ហាស់ សាឡ​ន និង​ច្រៀង​ដោយ​លោក​ស៊ីន ស៊ី​សាមុត ។ បទ​នេះ​រាយ​ទំនុក​ថា ៖

​ផ្តើម​៖ កូន​សូម​អារ​សាច់​ជូន​ម៉ែ​!… អារ​សាច់​ជូន​ម្តាយ​!…
១- សូម​លើក​ម្រាម​ដប់​ខ្ចប់​ទាំង​លោហិត ក្លិន​ឈាម​នរក​ជីវិត ប្រឌិត​ដំបៅ​វាសនា ដង្កូវ​ក្នុង​ជ្រាំ​រេ​រាំ​ក្នុង​ទង​បុប្ផា លុបលាង​ខ្នោះឃ្នាង​ផ្កាស្លា ប្រហារ​ជូន​ម៉ែ​ទាំងអស់ ។
២-​លោហិត​កូន​ហូរ ថ្ងូរ​ប្រាប់​ផែនដី លា​ហើយ​វណ្ណៈ​រាជសីហ៍ ដែល​ស្រី​បណ្តុះ​ឥត​ឈ្មោះ ងូត​លាង​ខ្ទុះ​ឈាម​លុប​ស្នាម​ស្នេហ៍​ដែលរ​បួស អារ​សាច់​ជូន​ឈាម​យ៉ាង​ស្មោះ ចំពោះ​ទឹកដោះ​ម្តាយ​ថ្លៃ ។​
​បន្ទ​រ​-​បាតជើង​អ្នកមាន​លើ​ស្ពាន​អ្នកក្រ ម៉ែ​ប្រាប់​ឱ្យ​កូន​ត្រដរ តស៊ូ​យូរ​ឆាប់​គង់​ផុត​អវី​ចី ស្នេហ៍​ក្មេង​ចិត្ត​ក្មេង​ប្រឡែង​តែ​ទុក្ខ​រុន​រាន​រាល់ថ្ងៃ ស៊ូ​អារ​សាច់​ជូន​ម្តាយ​ថ្លៃ លោកីយ៍​គង់​មិន​ធរមាន ។​
៣-​សូរសៀង​អង្រឹង​កូន​ដឹង​ទាំងអស់ ខ្លួន​ទាប​មិន​ត្រូវ​ឈោង​ខ្ពស់ ក្រែង​គ្រោះ​ទ្រូង​ស្រី​ទន្ទ្រាន ស្នូរ​ភ្លេង​កែវស្រា​ទាសា​សម្រាប់​អ្នកមាន ខ្លួន​យើង​បីដូច​តិរច្ឆាន រស់​បាន​តែ​នឹង​ទឹកភ្នែក ។​

​តាមរយៈ​សំឡេង​មាស​របស់​លោក​ស៊ីន ស៊ី​សាមុត បទ «​អារ​សាច់​ជូន​ម្តាយ​» បាន​ស្ថិតនៅ​ជានិច្ច​ក្នុង​ដួងចិត្ត​មហាជន​ខ្មែរ​រហូត​មក​ទល់​ពេល បច្ចុប្បន្ន ។ មិនតែប៉ុណ្ណោះ​បទ​នេះ​បាន​ធ្វើឱ្យ​កម្រើក​រញ្ជួយ​ដល់​មនោសញ្ចេតនា​របស់ យុវវ័យ​ជំនាន់់​ក្រោយ​ទៀត តាមរយៈ​ការថត​បញ្ចូល​ក្នុង​ខ្សែ​វីដេអូ​រឿង «​ព្រះ​គុណ​ម៉ែ​» ឬ​«​អារ​សាច់​ជូន​ម្តាយ​» ដែល​លោក​គ​ង្គ ប៊ុន​ឈឿន បាន​រៀបចំ​ផលិតឡើង​សាជាថ្មី ដើម្បី​ឧទ្ទិស​ដល់​អតីតកាល​ដ៏​គួរឱ្យ​សោកស្តាយ​នោះ ។​
​មាន​អ្នក​ស្តាប់​ខ្លះ​ឆ្ងល់ ហើយ​សួរ​លោក​គ​ង្គ ប៊ុន​ឈឿន​ថា ហេតុម្តេច​ក៏ INTRODUCTION របស់​បទ «​អារ​សាច់​ជូន​ម្តាយ​» មាន​ស្រែកថា «​កូន​សូម​អារ​សាច់​ជូន​ម៉ែ​» ផង និង « កូន​សូម​អារ​សាច់​ជូន​ម្តាយ​» ថែម​ទៀត ?
​លោក​គ​ង្គ ប៊ុន​ឈឿន បញ្ជាក់ថា មុនដំបូង​ឃ្លា​ដែល​ស្រែកថា «​កូន​សូម​អារ​សាច់​ជូន​ម៉ែ​!…​នោះ គឺ​តួអង្គ​ស្រែក​ចំពោះ​ម្តាយ​របស់​ខ្លួន ! ឯ​ឃ្លា​ទី​២ ដែលថា « អារ​សាច់​ជូន​ម្តាយ​» នោះ គឺ​តួអង្គ​ខំ​ស្រែក​ប្រកាស​ចំពោះ​ពិភព​ផែនដី​ទាំងមូល ។ នេះ​ជា​វិធីសាស្ត្រ​របស់​អ្នកនិពន្ធ ដែល​ធ្វើឱ្យ​សាច់​បទ​កាន់តែ​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ខ្លាំង​ឡើង និង​ប្លែក​ពី​គេ​… ៕
​លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com