ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ឆ្នាំ២០២០ នៅវិទ្យាល័យ ជ័យវរ្ម័នទី៧ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលពិធីនេះមានការអញ្ជើញចូលពី ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងកីឡាករ កីឡាការិនី ជាច្រើននាក់ផងដែរ។
មានសាសន៍នាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវឱកាសអាជ្ញាធរក្រុង-ស្រុក ទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងកីឡាគ្រប់ប្រភេទ និងនាំគ្នាលេងកីឡាជាប្រចាំ ព្រោះកីឡាបង្កើតនូវសាមគ្គីភាព ឯកភាពគ្នា មានសុខភាពល្អ និងជៀសឆ្ងាយពីគ្រឿងញៀន។
ឯកឧត្តមអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ប្រមុខដឹកនាំដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយជាតិ នៃការអភិវឌ្ឍអប់រំកាយ និងកីឡា ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ ឱកាស និងបណ្ដុះវប្បធម៌អប់រំកាយ និងកីឡាដល់ប្រជាជនគ្រប់រូប ឱ្យមានសុខភាពល្អ និងសុខមាលភាពល្អ កាយសម្បទារឹងមាំ ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតកីឡាទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។
ឯកឧត្តមក៏បាន សម្ដែងនូវការកោតសរសើរ ដល់កីឡាករ កីឡាការិនី ដែលបានតស៊ូយ៉ាងស្វិតស្វាញ ប្រកបដោយភាពស្វាហាប់ គោរពបាននូវក្រមសីលធម៌ និងវិន័យ រហូតដណ្ដើមបានជ័យលាភី នាឱកាសនេះផងដែរ។ ហើយសម្រាប់កីឡាករ កីឡាការិនី ដែលមិនទទួលបានជ័យលាភី មិនត្រូវមានការអស់សង្ឃឹមឡើយ ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមក្នុងការប្រកួត នៅលើកក្រោយៗទៀត ឱ្យទទួលបានជ័យលាភីផងដែរ។ ជាងនេះទៅទៀត កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភីហើយ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ព្រោះថាប្រទេសកម្ពុជា នឹងមានកិត្តិយសជាប្រវត្តិសាស្ត្រ ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ព្រោះថា នៅលើពិភពលោកនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ជាងនេះទៅទៀត ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង អ្នកដទៃ និងក្រុមគ្រួសារផងដែរ។ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តឱ្យបាន នូវគោលនយោបាយរបស់ភូមិ-ឃុំមានសុវត្ថិភាពទាំង៩ ចំណុច ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឲ្យដឹងថា ការប្រកួតកីឡាមហាជននាពីនេះ មាន៣ផ្នែក គឺផ្នែកកីឡាបាល់ទាត់ មានចំនួន ១៨ក្រុម នារី ៦ក្រុម ផ្នែកកីឡាបាល់ទះ មានចំនួន ១១ ក្រុម នារី ៥ ក្រុម និងផ្នែកកីឡាទាញព្រ័ត្រ មាន ១២ក្រុម នារី ៦ក្រុម។ ហើយផ្នែកកីឡាបាល់ទាត់ បុរសជ័យលាភីលេខ១បានទៅលើ ក្រុមយុវជន វិទ្យាល័យជ័យវរ្ម័នទី ៧ លេខ២ បានទៅលើ ក្រុមនគរបាលព្រហ្មទណ្ឌខេត្ត និងលេខ៣ បានទៅលើក្រុម ស ស យ ក ស្រុកល្វាឯម។ បាល់ទាត់នារី ជ័យលាភីលេខ១ បានទៅលើក្រុមNERC លេខ ២ បានទៅលើក្រុម ស ស យ ក ស្រុកស្អាងA និងលេខ៣ បានទៅលើក្រុម ស ស យ ក ស្រុកស្អាងB។ ផ្នែកបាល់ទះបុរស ជ័យលាភីលេខ ១ បានទៅលើក្រុមសម្រែកយុវជនព្រែកតាពៅ លេខ២ បានទៅលើក្រុមយុវជនក្រាំងយ៉ូវ និងលេខ៣ បានទៅលើក្រុមយុវជនស្រុកស្អាង។ ផ្នែកបាល់ទះនារីជ័យលាភីលេខ១ បានទៅលើក្រុមរួមចិត្តតែមួយ លេខ២ បានទៅលើក្រុមវិទ្យាល័យព្រែកស្លែង និងលេខ៣ បានទៅលើក្រុមឃុំគោកត្រប់។ ផ្នែកកីឡាទាញព្រ័ត្រ បុរសជ័យលាភីលេខ១ បានទៅលើក្រុមភូមិព្រែកហូរកើត១ លេខ២ បានទៅលើក្រុមភូមិព្រែកហូរកើត២ និងលេខ៣ បានទៅលើក្រុមយុវជនU18។ ផ្នែកកីឡាទាញព្រ័ត្រនារី ជ័យលាភីលេខ១ បានទៅលើក្រុមរួមចិត្តតែមួយ១ លេខ ២ បានទៅលើក្រុមភូមិព្រែកហូរកើត និងលេខ៣ បានទៅលើក្រុមរួមចិត្តតែមួយ២។