បាត់ដំបង៖ ភ្នំសំពៅជាភ្នំដែលមានសណ្ឋានដូចជាតួសំពៅដែលកំពុងចតលើគោក ជាភ្នំប្រវត្តិសាស្ត្រទាក់ទិន ទៅនឹងដំណាលបង្កប់នូវរឿងព្រេងបុរាណខ្មែរច្រើនដោយមានទីតាំនៅខាងលិចទីក្រុងបាត់ដំបង ចម្ងាយប្រមាណ១២ គីឡូម៉ែត្រ មានភ្នំជាច្រើននៅជិតៗគ្នា ។ ភ្នំទាំងនោះគឺ ភ្នំសំពៅ ភ្នំទ្រុងមាន់ ទ្រុងទា និងភ្នំរំសាយសក់ជាដើម ។
រឿងព្រេងបុរាណខ្មែរបាននិទានមកថា ៖ កាលពីព្រេងនាយ មានព្រះមហាក្សត្រព្រះអង្គ ព្រះនាមរាជកុលសោយរាយនៅប្រទេសកម្ពុជា តាំងព្រះរាជវាំងនៅលើជួរភ្នំដងរែក ។ ព្រះបាទរាជកុលទ្រង់សព្វព្រះរាជហទ័យ នឹងស្តីម្នាក់ឈ្មោះ នាងសុវណ្ណមសា នាងនេះជាកូនអ្នកក្រីក្រទេ ប៉ុន្តែនាងមានរូបឆោមសក្តិសមល្អឆើត នាងចិញ្ចឹមក្រពោះមួយដ៏មានឬទ្ធិក្លាហានឈ្លាសវៃណាស់ ទោះបីប្រើឱធ្វើអ្វីធ្វើបានទាំងអស់ ។ ក្រពើនេះមានខ្លួនធំលើសប្រមាណ នាងឱឈ្មោះអាធន តាមដំណាលថា មុនដំបូងនាងសុវណ្ណមសារើសបានពងសត្វមួយ យកមកទុកមិនស្គាល់ថាជាពងសត្វអ្វីទេ ប៉ុន្តែលុះដល់ថ្ងៃខែនិងញាស់ ស្រាប់តែឃើញចេញជាកូនក្រពើមក ។ នាងក៏ចេះតែអាណិតខំចិញ្ចឹមថែរក្សាដោយពេញចិត្តណាស់ ។ ក្រពើនោះទៀតសោតក៏ប្លែកពីក្រពើទាំងពង ចេះស្តាប់បង្គាប់នាងដូជជាមនុស្សសុទ្ធសាធ ។ ឯព្រះបាទរាជកុល លុះបាននាងសុវណ្ណមសា មកជាគូស្នេហ៍ហើយ មិនយូរប៉ុន្មានក៏បែជាមានព្រះទ័យពុំសូវស្ម័គ្រស្មោះទៅវិញ ដោយទ្រង់ព្រះតម្រឹះយល់ឃើញថា នឹងលើកនាងជាអគ្គមហេសីពេញទីពុំបានព្រោះនាងជារាស្ត្រមានឋានៈពុំស្មើ ពុំសមនិងរៀបអភិសេកជាឯកអគ្គមហេសីឡើយ ។ លុះព្រះតម្រិះដូច្នេះហើយ ទ្រង់ស្តេចទៅក្រាបបង្គំទូលព្រះវរបិតាមាតាៗក៏ទ្រង់យល់តាមហើយចាត់អោយស៊ើបសួររកស្ត្រីណាដែលមានពូជពង្សត្រកូឡខ្ពង់ខ្ពស់ ដើម្បីនឹងរៀបអភិសេកជាមួយ ព្រះរាជបុត្ររបស់ព្រះអង្គ ។
យូរបន្តិចមកឬដំណឹងថា នៅស្រុកចន្ទបុរីមានស្តេចមួយព្រះអង្គ មានបុត្រីមួយព្រះនាមព្រះនាងរំសាយ សក់ ព្រោះព្រះនាងមានសក់ទិព្វ ចង់បានអ្វីក៏បានដូចព្រះទ័យ គឺនាងគ្រាន់តែច្បូតព្រះកេសីទៅ ចង់ទឹកសមុទ្រខះទៅជាដីក៏បាន ចង់អោយដីគោកក្លាយទៅជាទឹកសមុទ្រក៏បាន ។ ព្រះវររាជមាតាបិតានៃព្រះបាទរាជកុល ទ្រង់ប្រើសេនាអោយនាំសារទៅថ្វាយស្តេចក្រុងចន្ទបុរី ដើម្បីដណ្តឹងនាងនោះតាមព្រះរាជប្រពៃណី ។ ស្តេចក្រុងចន្ទបុរី ក៏ទ្រង់ពុំយល់ទាស់ឡើយ ទ្រងតបព្រះរាជសារមកព្រះវររាជមាតាបិតានៃព្រះបាទរាជកុលថា “បើទ្រង់សព្វព្រះរាជហឬទ័យ សូមទ្រង់លើកបណ្ណាការមកចុះ” ។ សេនាបានទទួលព្រះរាជឱង្ការហើយ ក្រាបបង្គំលាត្រឡប់មកក្រាបបង្គំទូលព្រះវររាំចមាតាបិតា នៃព្រះបាទរាជកុលវិញ សព្វគ្រប់តាមដំណើរនោះ ។ ព្រះបាទរាជកុលបានទ្រង់ព្រះសណ្តាប់ដូច្នោះ ក៏ទ្រង់មានព្រះទ័យសោមនស្សពន់ពេក ទើបទ្រង់ត្រាស់បង្គាប់អោយរៀបចំគ្រឿងបណ្ណាការយ៉ាងឧឡារឹក ទុកក្នុងសំពៅដើម្បីធ្វើព្រះរាជដំណើរចេញទៅក្រុងចន្ទបុរី ។
ចំណែកនាងសុវណ្ណមសា លុះបានដឹងដំណឹងនេះហើយ ក៏កើតចិត្តក្តៅក្រហាយខ្លាំងណាស់ ។ ទើបប្រើក្រពើអោយតាមកលសំពៅនោះ អោយលិចវិនាសអន្តរាយដើម្បីមិនអោយព្រះរាជកុល ទៅជួបនឹងនាងរំសាយសក់ ។ ក្រពើនោះក៏ប្រើបានដូចចិត្តទៀត វាបោះពួយក្នុងទឹកលឿនដូចព្រួញ លុះជិតដល់ទៅសំពៅព្រះបាទរាជកុលៗ ទ្រង់ក្រឡេកឃើញអាធនក៏ទ្រង់មានព្រះបន្ទូលថា “នែអាធន! អញទេកុំមកធ្វើផ្តេសផ្តាស។ អាធនឆ្លើយតបទៅវិញថា ស៊ីបាយអ្នកណាយកអាសារអ្នកនោះ” ។
ពួកពលក្រឡេកឃើញក្រពើធំសម្បើម ក៏ភិតភ័យស្រែកឆោឡោពេញទាំងសំពៅ ខ្លះបោះត្រឡាច ល្ពៅ ព្រមទាំងមាន់ និងទាទាំងទ្រុងៗ ទៅអោយអាធន់ស៊ីដើម្បីអោយវាឈប់ធ្វើ វាឃ្លាត់ឆ្ងាយអំពីសំពៅតែអាធនពុំព្រមស៊ីសោះ ។ ព្រះបាទរាជកុលក៏បួងសួងអស់ទេវតាសូមអោយលោកជួយអោយផុតពីគ្រោះថ្នាក់។ ដោយបុណ្យបារមីព្រះអង្គ សេចក្តីបួងសួងនោះក៏រំជួលទៅដល់ព្រះឥន្ទ្រាធារាជៗក៏ទ្រង់ប្រើបម្រើទៅប្រាប់ព្រះនាងរំសាយសក់ភ្លាមព្រះនាងរំសាយសក់ក៏ច្បូតព្រះកេសី អោយទឹកសមុទ្ររីងទៅជាដីទាំងអស់ ។ ក្រពើក៏ជាក្នុងនោះ មុននឹងដាច់ខ្យល់ស្លាប់ក្រពើនោះ គោះកន្ទុយផង ដកដង្ហើមធំផង រមួលខ្លួនត្រឡប់ត្រឡិនហើយតួខ្លួនក្រពើនោះ កើតបានជាភ្នំមួយធំហៅថា ភ្នំក្រពើដល់សព្វថ្ងៃ ។ កន្លែងក្រពើគោះកន្ទុយ និងត្រង់ច្រមុះក្រពើក៏កើតបានជាបឹងពីរ នៅដល់សព្វថ្ងៃនេះហៅថា បឹងកន្ទុយក្រពើ និងបឹងច្រមុះក្រពើ ។ ឯសំពៅនោះក៏កើតទៅជាភ្នំធំមួយ មានរាងដូចសំពៅសុទ្ធសាធ ហៅថា ភ្នំសំពៅ តែផ្អៀងបន្តិចព្រោះរលក់បោកខ្លាំងណាស់ នៅពេលដែលអាធនជិតសំពៅ ក្តោងសំពៅក៏សណ្តក់ធ្លាក់ធ្លាក់ ទៅក្នុងទឹកកើតទៅជាភ្នំមួយហៅថា ភ្នំក្តោងសំពៅទល់ សព្វថ្ងៃ ទ្រុងមាន់ទ្រុងទាដែលពួកពលបោះទៅឲ្យក្រពើកើតទៅជាភ្នំមួយហៅថា ភ្នំទ្រង់មាន់ទ្រុងទា ដរាបដល់សព្វថ្ងៃនេះ ។
លុះសមុទ្រក្លាយទៅជាដីហើយ ព្រះបាទរាជកុលក៏ទ្រង់ប្រើពួកពលអោយជញ្ជូនប្រដាប់ប្រដាទាំងពួងយាងទៅកាន់ក្រុងចន្ទបុរី ដើម្បីរៀបអភិសេកជាមួយនឹងព្រះនាងរំសាយសក់តាមព្រះរាជប្រពៃណី ។ កន្លែងដែលព្រះនាងរំសាយសក់ ច្បូតសក់នោះក៏កើតទៅជាភ្នំមួយ នៅខាងត្បូងភ្នំសំពៅហៅថា ភ្នំរំសាយសក់នៅដល់សព្វថ្ងៃ ។
កាលរៀបអភិសេករួចហើយ ព្រះរាជកុលទ្រង់នាំព្រះនាងរំសាយសក់ ជាអគ្គមហេសីព្រមទាំងពលសេនាជាច្រើន ត្រឡប់ទៅកាន់រាជបុរីវិញ ។ ព្រះអង្គទ្រង់គង់លើរាជបុរីជាមួយព្រះនាងជាព្រះជាយា មានពលសេនាហែហមមកជាច្រើន មកដល់ពាក់កណ្តាលផ្លូវទ្រង់ក្រឡេកទៅឃើញភ្នំសំពៅ ភ្នំក្រពើ ទ្រង់នឹកទោមនស្ស ជាខ្លាំងនឹងនាងសុវណ្ណមសា ថាព្រះតែវាចិត្តអាក្រក់ បានធ្វើអោយគេស្លាប់វិនាសអស់យ៉ាងនេះ ។ ព្រះអង្គប្រើសេនាទៅចាប់នាងសុវណ្ណមសា យកមកសម្លាប់ចោល សេនាក៏ធ្វើតាមព្រះរាជបញ្ជាចាប់នាងសុវណ្ណមសា មកកាត់ក្បាលសងសឹកវិញ ។ ក្បាលនោះកើតជាភ្នំមួយហៅថា ភ្នំសងក្បាលនៅជិតស្រុកមង្គលបុរីសព្វថ្ងៃនេះ ប៉ុន្តែអ្នកស្រុកហៅក្លាយថា ភ្នំសងក្បានទៅវិញ ។ ឯវាលមួយនៅជិតភ្នំនេះសព្វថ្ងៃហៅថា វាលចិញ្ច្រាំពោះព្រោះពួកសេនាចិញ្ច្រាំពោះវៀននាង ចោលនៅទីនោះ ។ ឯយោនីរបស់នាងសេនាបានអារគ្រវែងចោល ហើយកើតទៅជាភ្នំមួយទៀតហៅថា ភ្នំក្រពាយនាង តែសព្វថ្ងៃគេហៅក្លាយមកថាភ្នំបន្ទាយនាង ចំណែកព្រះរាជកុល និងព្រះនាងរំសាយសក់ ជាព្រះអគ្គមហេសីយាងចូលទៅថ្វាយបង្គមព្រះវរបិតាមាតាវិញ ហើយទ្រង់គង់នៅជាសុខសាន្តតទៅ ។ កញ្ញាវ៉ាត