ទាន់ហេតុការណ៍
0

ភ្នំ​សំពៅ មាន​ប្រវត្តិ​ទាក់ទិន​ទៅ​នឹង​រឿងព្រេង​បុរាណ​ខ្មែរ

ភ្នំ​សំពៅ មាន​ប្រវត្តិ​ទាក់ទិន​ទៅ​នឹង​រឿងព្រេង​បុរាណ​ខ្មែរ

បាត់ដំបង​៖ ភ្នំ​សំពៅ​ជា​ភ្នំ​ដែល​មាន​សណ្ឋាន​ដូចជា​តួ​សំពៅ​ដែល​កំពុង​ចត​លើគោក ជា​ភ្នំ​ប្រវត្តិសាស្ត្រ​ទាក់ទិន ទៅ​នឹង​ដំណាល​បង្កប់​នូវ​រឿងព្រេង​បុរាណ​ខ្មែរ​ច្រើន​ដោយ​មាន​ទី​តាំ​នៅ​ខាងលិច​ទីក្រុង​បាត់ដំបង ចម្ងាយ​ប្រមាណ​១២ គីឡូម៉ែត្រ មាន​ភ្នំ​ជាច្រើន​នៅ​ជិតៗ​គ្នា ។ ភ្នំ​ទាំងនោះ​គឺ ភ្នំ​សំពៅ ភ្នំ​ទ្រុងមាន់ ទ្រុង​ទា និង​ភ្នំ​រំសាយ​សក់​ជាដើម ។

​រឿងព្រេង​បុរាណ​ខ្មែរ​បាន​និទាន​មក​ថា ៖ កាល​ពី​ព្រេងនាយ មាន​ព្រះមហាក្សត្រ​ព្រះអង្គ ព្រះនាម​រាជ​កុល​សោយ​រាយ​នៅ​ប្រទេស​កម្ពុជា តាំង​ព្រះរាជវាំង​នៅលើ​ជួរ​ភ្នំ​ដងរែក ។ ព្រះបាទ​រាជ​កុល​ទ្រង់​សព្វ​ព្រះ​រាជហទ័យ នឹង​ស្តីម្នាក់​ឈ្មោះ នាង​សុវណ្ណ​ម​សា នាង​នេះ​ជា​កូន​អ្នកក្រីក្រ​ទេ ប៉ុន្តែ​នាង​មាន​រូបឆោម​សក្តិសម​ល្អ​ឆើត នាង​ចិញ្ចឹម​ក្រ​ពោះ​មួយ​ដ៏​មាន​ឬ​ទ្ធិ​ក្លាហាន​ឈ្លាសវៃ​ណាស់ ទោះបី​ប្រើ​ឱ​ធ្វើ​អ្វី​ធ្វើ​បាន​ទាំងអស់ ។ ក្រពើ​នេះ​មានខ្លួន​ធំ​លើស​ប្រមាណ នាង​ឱ​ឈ្មោះ​អាធន តាម​ដំណាល​ថា មុនដំបូង​នាង​សុវណ្ណ​ម​សា​រើស​បាន​ពង​សត្វ​មួយ យក​មក​ទុក​មិន​ស្គាល់​ថា​ជា​ពង​សត្វ​អ្វី​ទេ ប៉ុន្តែ​លុះដល់​ថ្ងៃ​ខែ​និង​ញាស់ ស្រាប់តែ​ឃើញ​ចេញ​ជា​កូន​ក្រពើ​មក ។ នាង​ក៏​ចេះ​តែ​អាណិត​ខំ​ចិញ្ចឹម​ថែរក្សា​ដោយ​ពេញចិត្ត​ណាស់ ។ ក្រពើ​នោះ​ទៀត​សោត​ក៏​ប្លែក​ពី​ក្រពើ​ទាំង​ពង ចេះ​ស្តាប់​បង្គាប់​នាង​ដូជជា​មនុស្ស​សុទ្ធសាធ ។ ឯ​ព្រះបាទ​រាជ​កុល លុះ​បាន​នាង​សុវណ្ណ​ម​សា មក​ជា​គូស្នេហ៍​ហើយ មិន​យូរ​ប៉ុន្មាន​ក៏​បែ​ជា​មាន​ព្រះទ័យ​ពុំ​សូវ​ស្ម័គ្រស្មោះ​ទៅវិញ ដោយ​ទ្រង់​ព្រះ​តម្រឹះ​យល់ឃើញថា នឹង​លើក​នាង​ជា​អគ្គមហេសី​ពេញទី​ពុំបាន​ព្រោះ​នាង​ជា​រាស្ត្រ​មាន​ឋានៈ​ពុំ​ស្មើ ពុំ​សមនិង​រៀប​អភិសេក​ជា​ឯក​អគ្គមហេសី​ឡើយ ។ លុះ​ព្រះតម្រិះ​ដូច្នេះហើយ ទ្រង់​ស្តេច​ទៅ​ក្រាបបង្គំ​ទូល​ព្រះវរបិតា​មាតាៗ​ក៏​ទ្រង់​យល់​តាម​ហើយ​ចាត់​អោយ​ស៊ើបសួរ​រក​ស្ត្រី​ណា​ដែល​មាន​ពូជពង្ស​ត្រកូឡ​ខ្ពង់ខ្ពស់ ដើម្បី​នឹង​រៀប​អភិសេក​ជាមួយ ព្រះរាជបុត្រ​របស់​ព្រះអង្គ ។

​យូរ​បន្តិច​មក​ឬ​ដំណឹង​ថា នៅ​ស្រុក​ចន្ទ​បុរី​មាន​ស្តេច​មួយ​ព្រះអង្គ មាន​បុត្រី​មួយ​ព្រះនាម​ព្រះ​នាង​រំសាយ សក់ ព្រោះ​ព្រះ​នាង​មាន​សក់​ទិព្វ ចង់បាន​អ្វី​ក៏​បាន​ដូច​ព្រះទ័យ គឺ​នាង​គ្រាន់តែ​ច្បូត​ព្រះកេសី​ទៅ ចង់​ទឹកសមុទ្រ​ខះ​ទៅជា​ដី​ក៏បាន ចង់​អោយ​ដីគោក​ក្លាយទៅជា​ទឹកសមុទ្រ​ក៏បាន ។ ព្រះវររាជ​មាតាបិតា​នៃ​ព្រះបាទ​រាជ​កុល ទ្រង់​ប្រើ​សេនា​អោយ​នាំ​សារ​ទៅ​ថ្វាយ​ស្តេច​ក្រុង​ចន្ទ​បុរី ដើម្បី​ដណ្តឹង​នាង​នោះ​តាម​ព្រះ​រាជប្រពៃណី ។ ស្តេច​ក្រុង​ចន្ទ​បុរី ក៏​ទ្រង់​ពុំ​យល់​ទាស់​ឡើយ ទ្រ​ង​តប​ព្រះរាជសារ​មក​ព្រះវររាជ​មាតាបិតា​នៃ​ព្រះបាទ​រាជ​កុល​ថា “​បើ​ទ្រង់​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ សូម​ទ្រង់​លើក​បណ្ណាការ​មក​ចុះ​” ។ សេនា​បានទទួល​ព្រះរាជឱង្កា​រហើយ ក្រាបបង្គំ​លា​ត្រឡប់​មក​ក្រាបបង្គំ​ទូល​ព្រះ​វរ​រាំ​ច​មាតាបិតា នៃ​ព្រះបាទ​រាជ​កុល​វិញ សព្វគ្រប់​តាម​ដំណើរ​នោះ ។ ព្រះបាទ​រាជ​កុល​បាន​ទ្រង់​ព្រះ​សណ្តាប់​ដូច្នោះ ក៏​ទ្រង់​មាន​ព្រះទ័យ​សោមនស្ស​ពន់ពេក ទើប​ទ្រង់​ត្រាស់​បង្គាប់​អោយ​រៀបចំ​គ្រឿង​បណ្ណាការ​យ៉ាង​ឧឡា​រឹក ទុក​ក្នុង​សំពៅ​ដើម្បី​ធ្វើ​ព្រះរាជដំណើរ​ចេញ​ទៅ​ក្រុង​ចន្ទ​បុរី ។

​ចំណែក​នាង​សុវណ្ណ​ម​សា លុះ​បាន​ដឹង​ដំណឹង​នេះ​ហើយ ក៏​កើត​ចិត្ត​ក្តៅក្រហាយ​ខ្លាំងណាស់ ។ ទើប​ប្រើ​ក្រពើ​អោយ​តាម​កល​សំពៅ​នោះ អោយ​លិច​វិនាស​អន្តរាយ​ដើម្បី​មិនអោយ​ព្រះរាជ​កុល ទៅ​ជួប​នឹង​នាង​រំសាយ​សក់ ។ ក្រពើ​នោះ​ក៏​ប្រើ​បាន​ដូច​ចិត្ត​ទៀត វា​បោះពួយ​ក្នុង​ទឹក​លឿន​ដូច​ព្រួញ លុះ​ជិត​ដល់​ទៅ​សំពៅ​ព្រះបាទ​រាជ​កុលៗ ទ្រង់​ក្រឡេកឃើញ​អាធន​ក៏​ទ្រង់​មាន​ព្រះបន្ទូល​ថា “​នែ​អាធន​! អញ​ទេ​កុំ​មក​ធ្វើ​ផ្តេសផ្តាស​។ អាធន​ឆ្លើយតប​ទៅ​វិញ​ថា ស៊ី​បាយ​អ្នកណា​យកអាសារ​អ្នកនោះ​” ។

​ពួក​ពល​ក្រឡេកឃើញ​ក្រពើ​ធំ​សម្បើម ក៏​ភិតភ័យ​ស្រែក​ឆោឡោ​ពេញ​ទាំង​សំពៅ ខ្លះ​បោះ​ត្រឡាច ល្ពៅ ព្រម​ទាំង​មាន់ និង​ទា​ទាំង​ទ្រុងៗ ទៅ​អោយ​អា​ធន់​ស៊ី​ដើម្បីអោយ​វា​ឈប់​ធ្វើ វា​ឃ្លាត់​ឆ្ងាយ​អំពី​សំពៅ​តែ​អាធន​ពុំ​ព្រម​ស៊ី​សោះ ។ ព្រះបាទ​រាជ​កុល​ក៏​បួងសួង​អស់​ទេវតា​សូមអោយ​លោក​ជួយ​អោយ​ផុតពី​គ្រោះថ្នាក់​។ ដោយ​បុណ្យ​បារមី​ព្រះអង្គ សេចក្តី​បួងសួង​នោះ​ក៏​រំជួល​ទៅដល់​ព្រះ​ឥន្ទ្រា​ធា​រាជៗ​ក៏​ទ្រង់​ប្រើ​បម្រើ​ទៅប្រាប់​ព្រះ​នាង​រំសាយ​សក់​ភ្លាម​ព្រះ​នាង​រំសាយ​សក់​ក៏​ច្បូត​ព្រះ​កេសី អោយ​ទឹកសមុទ្រ​រីង​ទៅជា​ដី​ទាំងអស់ ។ ក្រពើ​ក៏​ជា​ក្នុង​នោះ មុន​នឹង​ដាច់ខ្យល់​ស្លាប់​ក្រពើ​នោះ គោះ​កន្ទុយ​ផង ដកដង្ហើម​ធំ​ផង រមួលខ្លួន​ត្រឡប់ត្រឡិន​ហើយ​តួខ្លួន​ក្រពើ​នោះ កើត​បាន​ជា​ភ្នំ​មួយ​ធំ​ហៅថា ភ្នំ​ក្រពើ​ដល់​សព្វថ្ងៃ ។ កន្លែង​ក្រពើ​គោះ​កន្ទុយ និង​ត្រង់​ច្រមុះ​ក្រពើ​ក៏​កើត​បាន​ជា​បឹង​ពីរ នៅ​ដល់​សព្វថ្ងៃនេះ​ហៅថា បឹង​កន្ទុយក្រពើ និង​បឹង​ច្រមុះ​ក្រពើ ។ ឯ​សំពៅ​នោះ​ក៏​កើត​ទៅ​ជា​ភ្នំ​ធំ​មួយ មាន​រាង​ដូច​សំពៅ​សុទ្ធសាធ ហៅថា ភ្នំ​សំពៅ តែ​ផ្អៀង​បន្តិច​ព្រោះ​រលក់​បោក​ខ្លាំងណាស់ នៅពេល​ដែល​អាធន​ជិត​សំពៅ ក្តោង​សំពៅ​ក៏​សណ្តក់​ធ្លាក់​ធ្លាក់ ទៅក្នុង​ទឹក​កើត​ទៅជា​ភ្នំ​មួយ​ហៅថា ភ្នំ​ក្តោង​សំពៅ​ទល់ សព្វថ្ងៃ ទ្រុងមាន់​ទ្រុង​ទា​ដែល​ពួក​ពល​បោះ​ទៅឲ្យ​ក្រពើ​កើត​ទៅ​ជា​ភ្នំ​មួយ​ហៅថា ភ្នំ​ទ្រង់មាន់​ទ្រុង​ទា ដរាប​ដល់​សព្វថ្ងៃនេះ ។

​លុះ​សមុទ្រ​ក្លាយទៅជា​ដី​ហើយ ព្រះបាទ​រាជ​កុល​ក៏​ទ្រង់​ប្រើ​ពួក​ពល​អោយ​ជញ្ជូន​ប្រដាប់ប្រដា​ទាំងពួង​យាង​ទៅ​កាន់​ក្រុង​ចន្ទ​បុរី ដើម្បី​រៀប​អភិសេក​ជាមួយនឹង​ព្រះ​នាង​រំសាយ​សក់​តាម​ព្រះ​រាជប្រពៃណី ។ កន្លែង​ដែល​ព្រះ​នាង​រំសាយ​សក់ ច្បូតសក់​នោះ​ក៏​កើត​ទៅជា​ភ្នំ​មួយ នៅ​ខាងត្បូង​ភ្នំ​សំពៅ​ហៅថា ភ្នំ​រំសាយ​សក់​នៅ​ដល់​សព្វថ្ងៃ ។

​កាល​រៀប​អភិសេក​រួចហើយ ព្រះរាជ​កុល​ទ្រង់​នាំ​ព្រះ​នាង​រំសាយ​សក់ ជា​អគ្គមហេសី​ព្រមទាំង​ពល​សេនា​ជាច្រើន ត្រឡប់​ទៅ​កាន់​រាជបុរី​វិញ ។ ព្រះអង្គ​ទ្រង់​គង់​លើ​រាជបុរី​ជាមួយ​ព្រះ​នាង​ជា​ព្រះ​ជាយា មាន​ពល​សេនា​ហែហម​មក​ជា​ច្រើន មកដល់​ពាក់កណ្តាល​ផ្លូវ​ទ្រង់​ក្រឡេក​ទៅ​ឃើញ​ភ្នំ​សំពៅ ភ្នំ​ក្រពើ ទ្រង់​នឹក​ទោមនស្ស ជាខ្លាំង​នឹង​នាង​សុវណ្ណ​ម​សា ថា​ព្រះ​តែ​វា​ចិត្តអាក្រក់ បានធ្វើអោយ​គេ​ស្លាប់​វិនាស​អស់​យ៉ាងនេះ ។ ព្រះអង្គ​ប្រើ​សេនា​ទៅ​ចាប់​នាង​សុវណ្ណ​ម​សា យក​មក​សម្លាប់​ចោល សេនា​ក៏​ធ្វើ​តាម​ព្រះ​រាជបញ្ជា​ចាប់​នាង​សុវណ្ណ​ម​សា មក​កាត់​ក្បាល​សងសឹក​វិញ ។ ក្បាល​នោះ​កើត​ជា​ភ្នំ​មួយ​ហៅថា ភ្នំ​សង​ក្បាល​នៅ​ជិត​ស្រុក​មង្គលបុរី​សព្វថ្ងៃនេះ ប៉ុន្តែ​អ្នកស្រុក​ហៅ​ក្លាយ​ថា ភ្នំ​សង​ក្បាន​ទៅវិញ ។ ឯ​វាល​មួយ​នៅ​ជិត​ភ្នំ​នេះ​សព្វ​ថ្ងៃ​ហៅថា វាល​ចិញ្ច្រាំ​ពោះ​ព្រោះ​ពួក​សេនា​ចិញ្ច្រាំ​ពោះវៀន​នាង ចោល​នៅ​ទីនោះ ។ ឯ​យោនី​របស់​នាង​សេនា​បាន​អារ​គ្រវែង​ចោល ហើយ​កើត​ទៅជា​ភ្នំ​មួយ​ទៀត​ហៅថា ភ្នំ​ក្រ​ពាយ​នាង តែ​សព្វថ្ងៃ​គេ​ហៅ​ក្លាយ​មក​ថា​ភ្នំ​បន្ទាយ​នាង ចំណែក​ព្រះរាជ​កុល និង​ព្រះ​នាង​រំសាយ​សក់ ជា​ព្រះ​អគ្គមហេសី​យាង​ចូល​ទៅ​ថ្វាយ​បង្គ​ម​ព្រះវរបិតា​មាតា​វិញ ហើយ​ទ្រង់​គង់នៅ​ជា​សុខសាន្ត​តទៅ ។ កញ្ញា​វ៉ាត​

Filed in: ទេសចរណ៍

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com