សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ជាក់ជាថ្មីថា មន្ត្រីរាជការដែលមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺមិនត្រូវបានតែងតាំងឱ្យកាន់មុខតំណែងផ្សេងៗនោះឡើយ។
ការបញ្ជាក់យ៉ាងច្បាស់ៗជាថ្មីៗបែបនេះរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២នេះ ។ ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជាបានដើរទាន់ការវិវឌ្ឍន៍ផ្នែកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន ធ្វើឱ្យសិស្សអាចសិក្សាអនឡាញ ក្នុងពេលមានការរាតត្បាតជំងឺកូវីដ ១៩ជាសកល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ « ខ្ញុំបាននិយាយច្រើនដងហើយ សម្រាប់មន្ត្រីរាជការយើងមិនធ្វើការតែងតាំងអ្នកណាដែលមិនចេះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគឺឱ្យធ្វើអក្ខរកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហោចណាស់ត្រឹមតែជុំវិញប្រព័ន្ធទូរស័ព្ទគ្រប់គ្រាន់ហើយ ព្រោះនៅក្នុងប្រព័ន្ធទូរស័ព្ទនេះគឺមានគ្រប់សព្វ បើចេះប៉ុណ្ណឹងបានទើបអាចធ្វើការជាមួយគេបាន»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកជាឧទាហរណ៍ថា សព្វថ្ងៃនាយករដ្ឋមន្ត្រីត្រូវធ្វើការដោយមានគ្រុបរបស់រដ្ឋាភិបាល គ្រុបជាមួយអភិបាលខេត្ត ព្រមទាំងគ្រុបជាមួយផ្នែកផ្សេងៗ ដូច្នេះ តើអែតមន្ត្រីនោះយ៉ាងម៉េចនឹងបានបើមិនចេះប្រើទូរស័ព្ទ និងមិនចេះប្រើប្រាស់កម្មវិធីនានាដូចជា Telegram What App នៅលើទូរស័ព្ទផងដូច្នេះ គឺមិនអាចទទួលបានការចាត់តាំងនោះទេ។ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់ថា ចំណុចនេះវិបត្តិតែងមានបង្គប់នូវកាលានុវត្តភាព ហើយកាលានុវត្តភាពជាក់ស្តែងនៅកម្ពុជាទទួល គឺទាក់ទិនជាមួយនឹងបញ្ហាប្រព័ន្ធឌីជីថលនេះឯងដែលធ្វើឱ្យដំណើរការទៅមុខ៕