ក្នុងទិសដៅត្រៀមលក្ខណៈការពារទុកជាមុននូវគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ។
កន្លងទៅថ្មីៗនេះ លោក គិត ទ្រី អភិបាលរងខេត្តរតនគិរី អមដំណើរដោយប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកស្ថិតនៅក្នុងស្រុកលំផាត់។ នៅក្នុងឱកាស នៃការចុះពិនិត្យស្ថានភាពទឹកនេះ លោក គិត ទ្រី បានជួបជុំជាមួយអាជ្ញាធរស្រុក ដោយបានលើកឡើងថា បើទោះបីនៅតាមស្រុកដែលនៅតាមដែលនៅតាមបណ្តោយទន្លេ ក៏ដូចជាខេត្តរតនគិរីទាំងមូល មិនទាន់ជួបបញ្ហា ប្រឈមនូវគ្រោះទឹកជំនន់នៅឡើយ ក៏ពិតមែនតែយើងក៏មិនត្រូវមានការធ្វេសប្រហែស បណ្តែតបណ្តោយទុកឱ្យស្ថានការណ៍កើតឡើងទើបយើងរកដំណោះស្រាយនោះទេ។ លោក បន្តថា ជាក់ស្តែងគិតត្រឹមព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ផ្ទៃមេឃនៅតែមានសភាពអួអ័ព្ទ ហើយភ្លៀងអាចនឹងបន្តធ្លាក់ទៀត តែនៅក្នុងខេត្តមិនទាន់មានស្រុកដែលតាមបណ្តោយទន្លេស្រែពក និងទន្លេសេសាន មានបញ្ហាប្រឈម និងគ្រោះទឹកជំនន់នោះឡើយ។
លោកបានណែនាំថា ទាំងអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធសូមផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេបឹង មាត់អូរ ឱ្យពួកគាត់ ត្រូវមានការប្រុងប្រយ័ត្នអំពីទ្រព្យសម្បត្តិ សត្វគោ ក្របី ជ្រូក មាន់ ទា និងត្រូវអប់រំណែនាំកូនចៅតូចៗ កុំឱ្យចុះលេងទឹកផ្តេសផ្តាសចៀសវាងនាំឱ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ។ ជាពិសេសត្រូវបន្តតាមដានឱ្យបានជាប់ជាប្រចាំពីស្ថានភាពទឹកទន្លេ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋមករកទីទួល សុវត្ថិភាពគ្រប់ពេលវេលាប្រសិនបើមានគ្រោះទឹកជំនន់កើតឡើងដោយប្រការណាមួយ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះ ស្ថានភាពជលសាស្ត្រ ទន្លេស្រែពក ទឹកមានកម្ពស់១២ម៉ែត្រគត់ ខណៈដែលចំណុចប្រកាសអាសន្ន ១២,៥០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា យោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធ ដែលនឹងក្លាយទៅជាព្យុះទី៧ ឈ្មោះ មូឡេន( MULAN ) បណ្តាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។ តាមរយៈសេចក្តីជូនដំណឹងបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
*ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៥០ម៉ែត្រ ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ម៉ែត្រ ។ ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ន និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។
*ទឹកទន្លេនៅតំបន់ភាគឦសាន៖ រួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ទឹកទន្លេកំពុងហក់ឡើងដែលអាចប្រឈមនឹងទឹកជំនន់៕