ទាន់ហេតុការណ៍
0

អាជ្ញាធរ​ខេត្ត​រតនគិរី​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ​ស្ថានភាព​ទឹក​ទន្លេស្រែពក និង​សេ​សាន​ប្រឈម​ទឹកជំនន់​

អាជ្ញាធរ​ខេត្ត​រតនគិរី​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ​ស្ថានភាព​ទឹក​ទន្លេស្រែពក និង​សេ​សាន​ប្រឈម​ទឹកជំនន់​

ក្នុងទិសដៅ​ត្រៀមលក្ខណៈ​ការពារ​ទុកជា​មុន​នូវ​គ្រោះ​មហន្តរាយ​ទឹកជំនន់ ដែល​អាច​កើតឡើង​ជា​យថាហេតុ​ នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ​សីហា ឆ្នាំ​២០២២​ ។

កន្លង​ទៅ​ថ្មីៗ​នេះ​ ​លោក គិត ទ្រី អភិបាលរង​ខេត្ត​រតនគិរី អមដំណើរ​ដោយ​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេស្រែពក​ស្ថិត​នៅក្នុង​ស្រុក​លំផាត់​។ នៅក្នុង​ឱកាស នៃ​ការចុះពិនិត្យ​ស្ថានភាព​ទឹក​នេះ លោក គិត ទ្រី បាន​ជួបជុំ​ជាមួយ​អាជ្ញាធរ​ស្រុក ដោយ​បាន​លើកឡើង​ថា បើ​ទោះបី​នៅ​តាម​ស្រុក​ដែល​នៅ​តាម​ដែល​នៅតាម​បណ្តោយ​ទន្លេ ក៏​ដូចជា​ខេត្ត​រតនគិរី​ទាំងមូល មិន​ទាន់​ជួប​បញ្ហា ប្រឈម​នូវ​គ្រោះទឹកជំនន់​នៅឡើយ ក៏ពិតមែន​តែ​យើង​ក៏​មិន​ត្រូវ​មាន​ការធ្វេសប្រហែស បណ្តែតបណ្តោយ​ទុកឱ្យ​ស្ថានការណ៍​កើតឡើង​ទើប​យើង​រក​ដំណោះស្រាយ​នោះ​ទេ​។ លោក បន្តថា ជាក់ស្តែង​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១០ ខែ​សីហា ឆ្នាំ​២០២២ ផ្ទៃមេឃ​នៅ​តែ​មាន​សភាព​អួ​អ័ព្ទ ហើយ​ភ្លៀង​អាច​នឹង​បន្ត​ធ្លាក់​ទៀត តែ​នៅក្នុង​ខេត្ត​មិន​ទាន់​មាន​ស្រុក​ដែល​តាម​បណ្តោយ​ទន្លេស្រែពក និង​ទន្លេសេសាន មាន​បញ្ហា​ប្រឈម និង​គ្រោះ​ទឹកជំនន់​នោះឡើយ​។​

​លោក​បាន​ណែនាំ​ថា ទាំង​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សូម​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់​ទន្លេ​បឹង មាត់​អូរ ឱ្យ​ពួកគាត់ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​អំពី​ទ្រព្យសម្បត្តិ សត្វ​គោ ក្របី ជ្រូក មាន់ ទា និង​ត្រូវ​អប់រំ​ណែនាំ​កូនចៅ​តូចៗ កុំ​ឱ្យ​ចុះ​លេង​ទឹក​ផ្តេសផ្តាស​ចៀសវាង​នាំឱ្យ​មាន​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ ។ ជា​ពិសេស​ត្រូវ​បន្ត​តាមដាន​ឱ្យបាន​ជាប់​ជាប្រចាំ​ពី​ស្ថានភាព​ទឹកទន្លេ ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​មក​រក​ទី​ទួល សុវត្ថិភាព​គ្រប់​ពេលវេលា​ប្រសិនបើ​មាន​គ្រោះទឹកជំនន់​កើតឡើង​ដោយ​ប្រការ​ណាមួយ​។ សូមបញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២២ នេះ ស្ថានភាព​ជល​សាស្ត្រ ទន្លេស្រែពក ទឹក​មាន​កម្ពស់​១២​ម៉ែត្រ​គត់ ខណៈ​ដែល​ចំណុច​ប្រកាសអាសន្ន ១២,៥០​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ថា យោង​លើ​ស្ថានភាព​អាកាសធាតុ​ដែល​បាន​នឹង​កំពុង​មាន​ការប្រែប្រួល​កើតឡើង​ដោយសារ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប និង​វិសម្ពាធ ដែល​នឹង​ក្លាយទៅជា​ព្យុះ​ទី​៧ ឈ្មោះ មូឡេន​( MULAN ) បណ្តាល​ឱ្យ​នៅ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​នៃ​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ ឡាវ វៀតណាម និង​ប្រទេស​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ច្រើន នៅក្នុង​អាង​ទន្លេមេគង្គ​។ តាមរយៈ​សេចក្តីជូនដំណឹង​បានឱ្យដឹងថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើឱ្យ​៖

*​ទឹក​ទន្លេ​មេគង្គ​នឹង​ហក់​ឡើង​ក្នុង​រយៈពេល​ពី ៤ ទៅ ៥ ថ្ងៃ​ខាង​មុខ ជាពិសេស​នៅ​ភាគ​ខាងលើ និង​បណ្តា​ខេត្ត​នៅក្នុង​តំបន់​ខ្ពង់រាប នៃ​ប្រទេស​កម្ពុជា មាន​ខេត្តស្ទឹងត្រែង ទឹក​នឹង​អាច​ឡើង​ដល់​កម្ពស់ ៨,៥០​ម៉ែត្រ ខេត្ត​ក្រចេះ ទឹក​នឹង​អាច​ឡើង​ដល់​កម្ពស់ ១៩,០០​ម៉ែត្រ និង​ខេត្ត​កំពង់ចាម ទឹក​នឹង​អាច​ឡើង​ដល់​កម្ពស់ ១២,០០​ម៉ែត្រ ។ ទឹកទន្លេ​ដែល​ហក់​ឡើង​នៅពេលនេះ នៅ​មិនទាន់​ដល់​កម្រិត​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ហូរ​ចូល​ទៅ​តាម​បណ្តា​ព្រែក​មួយ​ចំនួន​។​

*​ទឹកទន្លេ​នៅ​តំបន់​ភាគ​ឦសាន​៖ រួម​មាន​ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក ទឹកទន្លេ​កំពុង​ហក់​ឡើង​ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com