ទាន់ហេតុការណ៍
0

ទើប​ចេញពី​គុក ទៅ​បន្ត​របរ​ចាស់ នាំទុក្ខ​ដោយ​ទាំង​ម៉ូយ​ចាស់ ទៅ​ចូល​គុក​វិញ ព្រោះតែ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ទើប​ចេញពី​គុក ទៅ​បន្ត​របរ​ចាស់ នាំទុក្ខ​ដោយ​ទាំង​ម៉ូយ​ចាស់ ទៅ​ចូល​គុក​វិញ ព្រោះតែ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

​នា​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​កាច់​ក​ម៉ូតូ និង​ទទួល​ផល​ចោរកម្ម​។​
– ជនសង្ស័យ​ទី​១ ឈ្មោះ លឹម ធារ៉ា ហៅ បូ​ន រ៉ាវី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​មិន​ពិតប្រាកដ ធ្លាប់​ជា​ចោរលួច​ទូរស័ព្ទ លួច​ម៉ូតូ រហូត​ចូល​ពន្ធនាគារ​អស់​មួយ​ឆ្នាំ ពេល​ចេញ​មក​វិញ​បាន​បន្ត​មុខរបរ​ចាស់ ដោយ​ដើរ​លួច​បន្តទៀត​។​
– ជនសង្ស័យ​ទី​២ ឈ្មោះ​ជឿ វ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ កសិករ ស្រុកកំណើត ខេត្ត​ព្រៃវែង ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មាន​របរ​បន្ថែម​ទទួល​ទិញ​ទំនិញ​ចោរ ធ្លាប់​ទិញ​ម៉ូតូ​ដែល​បានមក​ពី​អំពើ​លួច រហូតដល់​ទៅ​ជាង​70​គ្រឿង​។

​សមត្ថិ​ច្ច​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១៦​នឹង​៥០​នាទី ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ មាន​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​តាមរយៈ​លេខ​ទូរ​សព្ទ​១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​បាន​រាយការណ៍​ថា មាន​ករណី​ចោរ​កាច់ក​ម៉ូតូ​ហុងដា C125 ០១​គ្រឿង នៅ​ចំណុច បន្ទប់​ជួល​លេខ​១៤ ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ទាំង​១៤​ខណ្ឌ​បាន​ចុះ​ធ្វើ​ការស្រាវជ្រាវ ក៏​បាន​ជួបប្រទះ​ម៉ូតូ ដែល​ជនសង្ស័យ​ដែល​បាន​កាច់​ក​រួច​ហើយ យកទៅ​ផ្ញើទុក​នៅ​ចំណត​ផ្ញើ​ម៉ូតូ​របស់​មន្ទីរពេទ្យ​រុស្ស៊ី​។ ដោយ​មាន​ការណែនាំ​ផ្ទាល់​ពី​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ បន្ត​ឃ្លាំមើល​ជនសង្ស័យ និង​បក្សពួក ដើម្បី​ឃាត់ខ្លួន​ឱ្យ​បាន​ទាំងអស់​។ ខណៈនោះ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ លឹម ធារ៉ា ហៅ បូ​ន រ៉ាវី ភ្លាមៗ​តែម្តង និង​ចាប់យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1U-8720 ផលិត​ឆ្នាំ​២០២០, ដែក​សម្រាប់​កាច់ក​ម៉ូតូ​ចំនួន​០១ និង​សោ​រមួល​ម៉ូតូ​ចំនួន​០១​។ ម៉ូតូ​ដែល​ចាប់យក​ត្រូវបាន​ប្រគល់ជូន​ដល់​ជនរងគ្រោះ​វិញ​ផងដែរ​។

​ក្រោយពី​ស្តាប់​ចម្លើយ និង​មាន​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ លឹម ធារ៉ា ហៅ បូ​ន រ៉ាវី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ទៅ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ជឿ វ៉ា ហៅ​ខ្មៅ នៅ​ចំណុច​សួនច្បារ​វិមានឯករាជ្យ ភូមិ​ម៉ុង​បារាំង សង្កាត់​ផ្អេរ ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។ ឈ្មោះ ជឿ វ៉ា ហៅ​ខ្មៅ បានឲ្យ​ដឹង​ដែរថា ខ្លួន​ពិតជា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច និង​ទទួល​ផល​ចោរកម្ម ពិតប្រាកដ​មែន ដោយ​កន្លងមក​ខ្លួន​ធ្លាប់​ទិញ​មូតូ​ចោរ​ជាង​70​គ្រឿង​មក​ហើយ ព្រោះ​ខ្លួន​ជា​អ្នក​រកស៊ី​លក់​ម៉ូតូ​អត់​ពន្ធ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com