សៀមរាប ៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោក Liu Zhijieអគ្គកុងស៊ុលរបស់ស្ថានទូតចិន ប្រចាំនៅខេត្តសៀមរាប ឯកឧត្ដម រដ្ឋលេខាធិការ ឯកឧត្ដម អនុរដ្ឋលេខាធិការ ព្រមទាំងមន្ដ្រីបច្ចេកទេស បានអញ្ជើញទៅពិនិត្យការដ្ឋានខួងអណ្ដូងទឹកស្អាតមួយកន្លែងស្ថិតនៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។
លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ២ បានឲ្យដឹងថា៖ គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន អនុវត្តរយៈពេល ២៤ ខែ ដោយចាប់ផ្ដើមពី ខែធ្នូ ឆ្នាំ ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ ២០២១ ។
គម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើឡើងនូវលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងចូលរួមកាត់បន្ថយភាពក្រីក្រ ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើលើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការខួងអណ្ដូង និងសាងសង់ស្រះទឹកសហគមន៍ ។
លោកបានបន្តថា៖ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន China Jiangxi International Economic and Technical Cooperation Co.,Ltd. របស់ភាគីមិត្តចិន កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៩០ ០២០ ០០០ RMB ដែលនឹងត្រូវធ្វើការខួងអណ្តូងស្នប់សរុបចំនួន ៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មសរុបចំនួន ៤២ ស្រះ នៅក្នុងតំបន់មួយចំនួនដែលរងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងខេត្តគោលដៅចំនួន ១០ គឺ៖ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។
ដោយឡែកនៅខេត្តសៀមរាប អណ្តូងទឹកស្អាតដែលត្រូវខួងមានសរុប ១០០ អណ្តូង។ គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ខួងអណ្តូងបានចំនួន ៥៧ អណ្តូង និងសាងសង់ស្រះសហគមន៍មានរៀបថ្មបានចំនួន ៤ ស្រះ សម្រេចបានប្រមាណ ៩០% និងស្រះទឹកសហគមន៍ធម្មតាចំនួន ៣ ស្រះ សម្រេចបានប្រមាណ ៩០% នៃគម្រោង។
តមក លោកបណ្ឌិតអ៊ុក រ៉ាប៊ុន និងប្រតិភូរួមដំណើរបានអញ្ជើញទៅពិនិត្យអណ្តូងស្នប់ដែលបានសាងសង់រួច ១០០% មួយកន្លែងស្ថិតនៅភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនក៏ដូចជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាទាន់ពេលវេលា ដោយមិនមានលក្ខខណ្ឌស្មុកស្មាញឡើយ ។ ជាក់ស្ដែងគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ៕
កញ្ញា វ៉ាត