ខេត្តក្រចេះ៖ កោះទ្រង់ គឺជាកោះមួយនៅចំកណ្តាលទន្លេមេគង្គចម្ងាយប្រមាណ១គ.មទល់មុខក្រុងក្រចេះដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។កោះនេះមានភូមិចំនួន២ដែលមានផ្ទៃដីសរុបទំហំ ២២ហិចតា មានបឹងចំនួន២ ដែលមានចម្ការបន្លែនិងស្រែប្រាំងនិងវស្សាលាស់ខៀវខ្ចីស្ទើរគ្រប់រដូវកាល។
បើតាមការផ្តល់បទសម្ភាសន៍ជាច្រើនដល់បណ្តាញព័ត៌មានរបស់លោក ប៊ុន បាន ប្រធានសហគមន៍អេកូទេសចរណ៍កោះទ្រង់បានមានប្រសាសន៍ថាកោះទ្រង់ត្បិតតែតូចតែមានទីតាំងដើរកម្សាន្តច្រើនដោយភ្ញៀវអាចធ្វើដំណើរជិះកង់កម្សាន្ត ជិះរទេះសេះ ជិះរទេះគោនិងមានផ្ទះសំណាក់ មានឆ្នេរខ្សាច់សស្អាត ពិសេសក្រូចថ្លុងដែលជាផលិតផលមួយរបស់កោះទ្រង់។
លោក ប៊ុន បាន បន្តថាមួយរយៈចុងក្រោយនេះបើទោះជាមានជំងឺកូវីដ១៩រាំងស្ទះក៏ដោយក៏កោះទ្រង់នៅតែមានភ្ញៀវក្នុងស្រុកឡើងមកកម្សាន្តលើកោះជារៀងរាល់ចុងសប្តាហ៍ផងដែរ។
គូសបញ្ជាក់ថាកោះនេះមានបណ្តោយប្រមាណ៤.៥គ.ម ពីជើងទៅត្បូងព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង ៩គ.ម អមទៅដោយដើមក្រូចថ្លុងដែលមានរសជាតិផ្អែមពីធម្មជាតិពិតៗនិងមានទេសភាពយ៉ាងស្រស់ត្រកាលដែលអំណោយផលសម្រាប់សកម្មភាពទេសចរណ៍ដូចជា ជិះកង់ រទេះសេះ រទេះគោ ម៉ូតូឌុប ទស្សនាកម្សាន្តនិងមានផ្ទះស្នាក់សហគមន៍ដែលមានផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំងដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើតទល់មុខនឹងទីរួមខេត្តក្រចេះគួរជាទីគយគន់និងការធ្វើដំណើរកម្សាន្តដ៏មនោរម្យរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិផងដែរ៕