រតនៈគិរី៖ ផ្លែឃ្លោកជាប្រភេទបន្លែម្យ៉ាងអាចទទួលទានបានដោយផ្លែឃ្លោកខ្លះមានសណ្ឋានដូចជាត្រឡាចនិងមានរសជាតិដូចជាផ្លែត្រឡាចដែរ។ដោយឡែកតែផ្លែឃ្លោករបស់ជនជាតិដើមភាគតិចយើងមិនត្រឹមតែអាចទទួលទានបាននោះទេ គឺអាចយកទៅកែច្នៃទៅជាឧបករណ៍ប្រអប់ដាក់បាយ ដាក់ទឹកផឹកនិងក៏អាចធ្វើជាឧបករណ៍តន្ត្រីបុរាណមានសាដៀវជាដើម។
គួរកត់សម្គាល់ផងដែរថា ប្រវត្តិឃ្លោករបស់ជនជាតិដើមភាគតិចយើងក៏កើតឡើងតាំងពីដូនតាមកម្ល៉េះដោយអាចដាំលើផ្ទៃដីរាបស្មើមិនចាំបាច់ធ្វើទ្រើងនោះឡើយ ដោយប្រើរយៈពេល៤ខែទៅ៥ខែទើបទទួលផលដោយក្នុងនោះផ្លែខ្ចីអាចយកទៅធ្វើជាបន្លែទទួលទានបាននិងផ្លែចាស់ឬទុំបងប្អូនយើងបានយកទៅកែច្នៃជាឧបករណ៍សិប្បកម្មធ្វើជាប្រអប់ដាក់បាយ ឬដាក់ទឹកផឹកបាន និងកែច្នៃធ្វើជាឧបករណ៍តន្ត្រីបុរាណមានសាដៀវជាដើម។
តាមការបញ្ជាក់របស់កញ្ញា ឡាត់ សុខឯម ជនជាតិគ្រឹងរស់នៅក្នុងក្រុងបានលុង ខេត្តរតនៈគិរី ថា ដើម្បីមិនឲ្យបាត់ប្រពៃណីពីដូនតាបងប្អូនយើងតែងដាំឃ្លោកនេះឬភាសាមួយហៅថាទួយ មានផលប្រយោជន៍ច្រើនដោយបងប្អូនយើងកែច្នៃទៅជាសិប្បកម្មមានដូចជាឃ្លោកទុំយកទៅចាក់ក្បូរក្បាច់រចនាពណ៌ស្រស់បំព្រងដើម្បីដាក់លក់ក្នុងពិពណ៌ថ្នាក់ជាតិបើទោះជាលក់មិនដាច់ក៏ដោយក៏បងប្អូនយើងនៅតែរក្សាបាននូវប្រពៃណីចាក់ក្បាច់លើសម្បកឃ្លោកនេះដើម្បីរក្សាបាននៅអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិចយើង។
កញ្ញា សុខឯមបន្តថា ផ្លែទួយនេះនៅពេលខ្ចីអាចលក់បាន១ផ្លែថ្លៃពី២ពាន់រៀលទៅ៤ពាន់រៀលហើយបើកែច្នៃដោយចាក់ក្បាច់និងលាបពណ៌ស្រស់ស្អាតហើយអាចលក់បាន១ផ្លែថ្លៃមិនក្រោម២ម៉ឺនរៀលនោះទេ។ ទួយ ឬឃ្លោកបុរាណ ដែលបងប្អូនដើមជនជាតិដើមភាគតិចយើងយកទៅកែច្នៃមានអត្ថប្រយោជន៍ច្រើនដោយអាចកែច្នៃផលិតក្នុង១ថ្ងៃបានពី២ទៅ៣ផ្លែដែរ ហើយទួយនេះមានអាយុកាលអាចទុកបាន១ឆ្នាំទៅ៣ឆ្នាំ៕